ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​មើល​ឃើញ​ហានិភ័យ​សង្រ្គាម​កើន​ឡើង​ក្នុង​គោលនយោបាយ​សមុទ្រ​ចិន​ខាង​ត្បូង​ថ្មី​របស់​ចិន


រូបភាព​ដកស្រង់ពីវីដេអូបង្ហាញកាណូត​របស់​ឆ្មាំសមុទ្រចិន​បើក​បាំងផ្លូវ​របស់​កាណូត​ឆ្មាំសមុទ្រ​ហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ (Philippine Coast Guard (PCG) / AFP)
រូបភាព​ដកស្រង់ពីវីដេអូបង្ហាញកាណូត​របស់​ឆ្មាំសមុទ្រចិន​បើក​បាំងផ្លូវ​របស់​កាណូត​ឆ្មាំសមុទ្រ​ហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ (Philippine Coast Guard (PCG) / AFP)

អ្នកជំនាញ​ខាង​យោធា​ព្រមាន​អំពី​ការ​កើនឡើង​នូវ​ហានិភ័យ​នៃ​សង្គ្រាម​ជាមួយ​ចិន បន្ទាប់ពី​ការ​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ចិន​បាន​ពង្រឹង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ដល់​ការ​ទាមទារ​របស់ខ្លួន​នៅ​ក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង។

កាលពី​ចុងខែ​ឧសភា ប្រទេស​ចិន​បាន​ប្រកាស​ថា​ឆ្មាំ​សមុទ្រ​របស់​ខ្លួន​នឹង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​អំណាច​ក្នុង​ការស៊ើប​អង្កេត​និង​ឃុំខ្លួន​រហូត​ដល់ ៦០ ថ្ងៃ​នូវ «ជនបរទេស​ណា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​និង​ផលប្រយោជន៍​ជាតិ​របស់​ចិន» នៅក្នុង​ដែនទឹក​ដែល​មាន​ជម្លោះ។

ហើយ​នៅ​ថ្ងៃ​ទី ៨ ខែ​មិថុនា ចិន​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ហ្វីលីពីន​ផ្តល់​សម្ភារៈ​ផ្គត់ផ្គង់​និង​ជម្លៀស​ទាហាន​ចេញ​ពី​ប៉ុស្តិ៍​មួយ​នៅលើ​កោះ Second Thomas Shoal ប្រសិន​បើ​ហ្វីលីពីន​ជូន​ដំណឹង​ដល់​ចិន​ជាមុន។ កោះ​នេះ​ត្រូវ​បាន​កំណត់​ដោយ​តុលាការ​អន្តរជាតិ​ថា​ស្ថិត​នៅក្នុង​ដែនទឹក​ហ្វីលីពីន។

ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន​បាន​ឆ្លើយតប​ភ្លាមៗ​ថា ហ្វីលីពីន​នឹង​បន្ត​រក្សា​និង​ផ្គត់ផ្គង់​ដល់​ប៉ុស្តិ៍​ជួរមុខ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​មិន​ស្វែងរក​ការ​អនុញ្ញាត​ពី​ប្រទេស​ណាមួយ​ឡើយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​ជឿ​ថា នីតិវិធី​ថ្មី​នេះ​នឹង​ផ្តល់​អំណាច​ដល់​ឆ្មាំសមុទ្រ​ចិន​ក្នុង​ការ​ចាប់ខ្លួន​ជនជាតិ​ហ្វីលីពីន «តាម​អំពើ​ចិត្ត» នៅក្នុង​ដែនទឹក​របស់​ពួកគេ។ ចិន​បាន​ទាមទារ​យក​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងមូល​រហូត​ដល់​តំបន់​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​របស់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ផងដែរ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. បាន​ហៅ​វិធានការ​ថ្មី​នេះ​ថា «មិន​អាច​ទទួល​យក​បាន​ទាំងស្រុង» និង​បាន​និយាយ​ថា លោក​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី «ការពារ​ប្រជា​ពលរដ្ឋ» និង​បន្ត «ការពារ​ទឹកដី​របស់​ប្រទេស​ជាតិ»។

នៅក្នុង​សុន្ទរកថា​គន្លឹះ​របស់​លោក​នៅឯ​កិច្ច​សន្ទនា​សន្តិសុខ Shangri-La នៅ​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី ៣១ ខែ​ឧសភា លោក Marcos បាន​ចង្អុល​បង្ហាញ​ថា ប្រសិនបើ​មាន​ជនជាតិ​ហ្វីលីពីន​ណា​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន វា​នឹង «ប្រាកដ​ណាស់» ថា​រឿង​នេះ​បាន​ឆ្លងកាត់​បន្ទាត់​ក្រហម​ហើយ​នឹង​ដើរ​មក «កៀក​ខ្លាំង» ទៅ​នឹង​អ្វី​ដែល​ហ្វីលីពីន​កំណត់​ថា​ជា​សកម្មភាព​នៃ​សង្រ្គាម។

លោក John C. Aquilino អតីត​ប្រធាន​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​សភា​សហរដ្ឋ​អាមេរិក​កាលពី​ខែ​ឧសភា​ថា ហ្វីលីពីន​អាច​យក​មក​ប្រើ​នូវ​សន្ធិសញ្ញា​ការពារ​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ឆ្នាំ ១៩៥១ ក្នុង​ករណី​បែប​នេះ។

លោក Bob Savic ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​វិទ្យាស្ថាន​គោលនយោបាយ​សាកល (Global Policy Institute) ក្នុង​ទីក្រុង​ឡុងដ៍ បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា រឿង​នេះ​អាច​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​និង​ចិន​ធ្លាក់​ចូល​ទៅក្នុង​ជម្លោះ​ដោយ​ផ្ទាល់។

លោក Bob Savic បាន​សរសេរ​នៅក្នុង​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ Asia Times ថា៖ «ឆ្នួនផ្ទុះ​នៃ​សង្រ្គាម​លោក​លើក​ទីមួយ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ១៩១៤ ដោយ​ការ​ធ្វើ​គត់​ព្រះអង្គម្ចាស់ Archduke Franz Ferdinand ជនជាតិ​អូទ្រីស​នៅក្នុង​ប្រទេស​មួយ​នៅ​អឺរ៉ុប​អាគ្នេយ៍។ លើកនេះ ឆ្នួនផ្ទុះ​អាច​ជា​ការ​ស្លាប់​របស់​នាវិក​ហ្វីលីពីន​នៅក្នុង​ដែនទឹក​ត្រូពិច​នៃ​តំបន់​អាស៊ី​អាគ្នេយ៍»។

លោក​ជឿ​ថា ប្រសិនបើ​ហ្វីលីពីន​ត្រូវបាន​បង្ខំ​ឱ្យ​ស្នើសុំ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ក្រោម​សន្ធិសញ្ញា​ការពារ​គ្នា នោះ​វា​អាចទៅរួច​ដែល​ថា​នាវា​ឆ្មាំសមុទ្រ​របស់​ចិន​នឹង​ប្រឈមមុខ​ភ្លាមៗ​ជាមួយ​នឹង​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​រក្សា​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​តំបន់។

ថ្វីបើ​មាន​ភាព​តានតឹង​កើនឡើង​ក៏ដោយ អ្នកស្រី Oriana Skylar Mastro អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Freeman Spogli សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Stanford បាន​ប្រាប់ VOA ថា លទ្ធភាព​នៃ​សង្គ្រាម​លោក​លើក​ទី ៣ ដែល​ផ្ទុះឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​មិន​ខ្ពស់​នោះទេ។
អ្នកស្រី​ជឿ​ថា ប្រទេស​ចិន​នឹង​មិន​ជ្រើសរើស​ធ្វើ​សង្រ្គាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅពេល​នេះ​ទេ ព្រោះ​ពួកគេ​ដឹង​ថា​ពួកគេ​នឹង​ចាញ់៕

ប្រែ​សម្រួល​ដោយ​លោក ម៉ែន គឹមសេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG