ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួននឹងចាត់វិធានការសងសឹកប្រឆាំងនឹងអ្វីដែលលោកប្រធានាធិបតី Ferdinand Marcos Jr. បានហៅកាលពីថ្ងៃព្រហស្បតិ៍ថាជា «ការវាយប្រហារប្រកបដោយគ្រោះថ្នាក់» ដោយចិនលើនាវាហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង ដែលជាកំណើនភាពតានតឹងរវាងប្រទេសទាំងពីរនេះ កាលពីពេលថ្មីៗបំផុតនេះ។
នៅពេលដែលហ្វីលីពីនយល់ឃើញថា ជម្លោះរបស់ខ្លួនជាមួយចិនជាការរំលោភបំពានលើអធិបតេយ្យភាពខ្លួន រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់កប៉ាល់ហ្វីលីពីនថាបានចូលក្នុងដែនទឹករបស់ខ្លួន ហើយបានព្រមានរដ្ឋាភិបាលក្រុងម៉ានីលថា ខ្លួននឹងការពារអធិបតេយ្យភាពរបស់ខ្លួនផ្ទាល់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាម X លោក Marcos បានបន្ថែមថា «ការវាយប្រហារ» កាលពីពេលថ្មីៗនេះក្នុងសមុទ្រចិនខាងត្បូង «ជាអំពើខុសច្បាប់ជាការបង្ខិតបង្ខំ ជាអំពើគឃ្លើន និងនាំឱ្យមានគ្រោះថ្នាក់» ដោយនិយាយយោងដល់ការណ៍ដែលកងឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកកាលពីថ្ងៃសៅរ៍។
កាណុងបាញ់ទឹកនេះបាននាំឱ្យខូចខាតនាវាផ្គត់ផ្គង់ហ្វីលីពីនមួយគ្រឿងនិងបានបណ្តាលឱ្យពួកនាវិករងរបួស។
លោកបាននិយាយថា ហ្វីលីពីននឹងមិនត្រូវ «បំភ័យឱ្យនៅស្ងៀមស្ងាត់ទេ» ហើយក្នុងពេលពីរបីសប្តាហ៍ខាងមុខនេះ ប្រទេសនេះនឹងចាត់វិធានការតបតដោយ«សមស្រប ដោយចេតនានិងដោយសមហេតុផល»។
លោកបានបន្ថែមថា៖ «យើងមិនចង់មានជម្លោះជាមួយប្រទេសណាមួយឡើយ»៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Associated Press និង Reuters។
វេទិកាបញ្ចេញមតិ