ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យដកចេញនូវប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកពីប្រទេសហ្វីលីពីន ប្រសិនបើប្រទេសចិនបញ្ឈប់នូវអ្វីដែលខ្លួនហៅថាជា«ឥរិយាបថគឃ្លើននិងបង្ខិតបង្ខំ» នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារ AP។
កងទ័ពជើងគោកអាមេរិកបានតំឡើងប្រព័ន្ធការពារមីស៊ីលវង់មធ្យមឈ្មោះ Typhon នៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីខែមេសាឆ្នាំមុន ដើម្បីគាំទ្រដល់អ្វីដែលប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយនេះពណ៌នាថាជាសមយុទ្ធសម្រាប់ត្រៀមប្រយុទ្ធរួមគ្នា។
ប្រទេសចិនម្តងហើយម្តងទៀតបានទាមទារឱ្យហ្វីលីពីនដកប្រព័ន្ធការពារមីស៊ីលនេះចេញ ដោយថាវាបាន«ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ និងការប្រជែងគ្នាខាងសព្វាវុធ»។
នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីការរិះគន់របស់ចិនចំពោះប្រព័ន្ធការពារមីស៊ីលនេះ លោក Marcos ថាលោកមិនយល់ពីជំហររបស់ចិន ដោយសារហ្វីលីពីនមិនបានធ្វើអត្ថាធិប្បាយអ្វីអំពីប្រព័ន្ធការពារមីស៊ីលរបស់ចិនដែល«មានអានុភាពរាប់ពាន់ដងខ្លាំងជាង»អ្វីដែលហ្វីលីពីនមាន»។
លោក Marcos បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខេត្ត Cebu ភាគកណ្តាលប្រទេសថា៖ «ចូរយើងធ្វើកិច្ចព្រមព្រៀងមួយជាមួយចិន៖ ចូរចិនឈប់ទាមទារដែនដីរបស់យើង ចូរឈប់យាយីអ្នកនេសាទរបស់យើងនិងទុកឱ្យពួកគេមានជីវភាពរស់នៅផង ចូរឈប់បើកមកបុកទូករបស់យើង ឈប់បាញ់ទឹកដាក់ប្រជាជនរបស់យើង ឈប់បាញ់ឡាស៊ែរដាក់យើង និងបញ្ឈប់ឥរិយាបថគឃ្លើននិងបង្ខិតបង្ខំរបស់អ្នក នោះយើងនឹងប្រគល់ប្រព័ន្ធមីស៊ីល Typhon ត្រឡប់ទៅវិញ។
ប្រធានាធិបតីហ្វីលីពីនរូបនេះបន្តថា៖ «ទុកឱ្យពួកគេបញ្ឈប់អ្វីៗគ្រប់យ៉ាងដែលពួកគេកំពុងធ្វើ ហើយខ្ញុំនឹងប្រគល់មីស៊ីលត្រឡប់ទៅវិញ»។
មន្ត្រីចិនមិនមានអត្ថាធិប្បាយណាភ្លាមៗចំពោះប្រសាសន៍របស់មេដឹកនាំហ្វ៊ីលីពីននោះទេ៕
វេទិកាបញ្ចេញមតិ