ឆ្មាំសមុទ្រចិននិងហ្វីលីពីនកាលពីថ្ងៃពុធបានពណ៌នាខុសគ្នាលើការប្រឈមដាក់គ្នានៅដែនសមុទ្រជុំវិញតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលជាជម្លោះចុងក្រោយក្នុងជម្លោះដែលកើតមានជាយូរមកហើយរវាងប្រទេសជិនខាងទាំងពីរ។
ឧបទ្ទវហេតុនេះកើតឡើង ក្រោយមានជម្លោះកាទូតមួយកាលពីខែវិច្ឆិកា បន្ទាប់ពីចិនបានគូសបន្ទាត់ព្រំដែនលើ«ដែនទឹក» នៅជុំវិញតំបន់នេសាទសំខាន់នៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ហើយចិនបានដាក់បញ្ជូលផែនទីស្នើនេះទៅកាន់អង្គការសហប្រជាជាតិដើម្បីទាមទារដែនទឹកនោះ។
ឆ្នាំសមុទ្រចិនថា កប៉ាល់ហ្វីលីពីន៤គ្រឿងបានប៉ុនប៉ងចូលក្នុងដែនទឹករបស់ខ្លួននៅជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលរដ្ឋាភិបាលក្រុងប៉េកាំងទាមទារថាជាកោះ Huangyan ។
កប៉ាល់ហ្វីលីពីន«បានរុលទៅមុខយ៉ាងគ្រោះថ្នាក់»ឆ្ពោះទៅកាន់នាវា«ប៉ូលិសយាមល្បាតជាធម្មតា»របស់ឆ្មាំសមុទ្រ ដែលជំរុញឱ្យពួកគេ «អនុវត្តការគ្រប់គ្រង» លើសមភាគី។ នេះបើយោងតាមអ្នកនាំពាក្យឆ្មាំសមុទ្រចិនលោក Liu Dejun ដែលបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោកបានបន្ថែមថា កប៉ាល់មួយក្នុងចំណោមនោះ«មិនអើពើ»នឹងការព្រមានម្តងហើយម្តងទៀត ជាមួយនឹងសកម្មភាពដែល«គំរាមកំហែងធ្ងន់ធ្ងរ»ទៅលើសុវត្ថិភាពនាវាឆ្មាំសមុទ្រចិន។
ប៉ុន្តែឆ្មាំសមុទ្រហ្វីលីពីនបានថ្លែងថា កងទ័ពជើងទឹកចិននិងនាវាឆ្មាំសមុទ្របានធ្វើ«សកម្មភាពយ៉ាងកម្រោល» ប្រឆាំងនឹងការល្បាតជាប្រចាំរបស់ខ្លួននិងដោយការិយាល័យនេសាទ។
នាវាឆ្មាំសមុទ្រចិនមួយបានបាញ់កាណុងបាញ់ទឹកនិងកៀរនាវារបស់ឆ្មាំសមុទ្រហ្វីលីពីន ខណៈនាវាហ្វីលីពីនប្រឈមនឹងការ«រារាំង ដេញតាម និងការធ្វើដំណើរដ៏គ្រោះថ្នាក់» បង្កដោយកងទ័ពជើងទឹកនិងកប៉ាល់ឆ្មាំសមុទ្រចិន។ នេះបើយោងតាមការថ្លែងរបស់អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន៕
ហ្វីលីពីននិងចិនចោទគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការប្រឈមដាក់គ្នានៅសមុទ្រចិនខាងត្បូង
- Reuters
វេទិកាបញ្ចេញមតិ