ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថាលោក «ជឿជាក់» ថាចំណងទាក់ទងយោធារវាងហ្វីលីពីននិងសហរដ្ឋអាមេរិកនឹងនៅតែរឹងមាំក្រោមរដ្ឋាភិបាលអាមេរិកដែលដឹកនាំដោយលោកប្រធានាធិបតី Donald Trump។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ចិននិងហ្វីលីពីនមានការប្រឈមមុខដាក់គ្នាកាន់តែតានតឹងឡើងដោយសារបញ្ហាថ្មប៉ប្រះទឹកនិងដែនទឹកក្នុងសមុទ្រចិនខាងត្បូង។
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកលោក Jose Manuel Romualdez ថាលោកជឿថាការគាំទ្ររបស់សហរដ្ឋអាមេរិកលើផ្លូវទឹកដែលមានជម្លោះនេះនិងជំនួយយោធានឹងនៅតែបន្ត ដោយលោកនិយាយយោងដល់ការលើកលែងរបស់អាមេរិកនូវទឹកប្រាក់ចំនួន ៣៣៦ លានដុល្លារដែលបានផ្ដល់ជូនហ្វីលីពីន ទោះបីជាមានបទបញ្ជារបស់ប្រធានាធិបតីអាមេរិកឲ្យបង្កកជំនួយនិងការចំណាយនៅបរទេសក៏ដោយ។
លោក Romualdez បានថ្លែងទៅកាន់ក្រុមអ្នកកាសែតបរទេសក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនថា៖ «ខ្ញុំគិតថាទឹកប្រាក់ទាំងអស់នោះនឹងនៅតែបន្ត។ ខ្ញុំជឿជាក់ថាអ៊ីចឹង»។
ពេលគេសួរថាតើទំនាក់ទំនងប្រេះឆារវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនអាចប៉ះពាល់ដល់ហ្វីលីពីនយ៉ាងដូចម្តេច លោក Romualdez ថាក្រុមបស្ចិមប្រទេសនៅតែមានជំហររួមដដែលពេលនិយាយដល់បញ្ហាសមុទ្រចិនខាងត្បូង។
លោក Romualdez និយាយថា៖ «អ្វីដែលកំពុងកើតឡើងក្នុងឆាកនយោបាយអឺរ៉ុបគឺខុសពីអ្វីដែលកំពុងកើតឡើងនៅទីនេះ។ ផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់របស់យើងក្នុងពិភពលោកនេះនៅតែដដែល។ [ពាណិជ្ជកម្ម] ក្នុងទឹកប្រាក់រាប់លានលានដុល្លារឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយវាច្បាស់ណាស់ថាយើងមិនចង់ឲ្យប្រទេសណាមួយលុបលើគេឯងក្នុងតំបន់នេះទេ»៕
វេទិកាបញ្ចេញមតិ