គណបក្សសង្គ្រោះជាតិ បង្ហាញការសោកស្តាយចំពោះការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការបញ្ជូនសំណើលុបប្រការ៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ទៅក្នុងការប្រជុំពេញអង្គដើម្បីរំលាយតំណាងរាស្ត្រមតិភាគតិច និងភាគច្រើន ដែលបានបង្កើតឡើងដើម្បីចរចារកដំណោះស្រាយនយោបាយ។
នៅព្រឹកថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំដែលមានសមាសភាពភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ហើយបានឯកភាពឲ្យលុបចោលក្រុមមតិភាគតិចដែលមានលោក កឹម សុខា ជាប្រធាន ទៅតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ការប្រជុំនេះធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា លោកលែងចង់ជួបជាមួយសមាជិកបក្សប្រឆាំង ដោយសារពួកគេតែងប៉ុនប៉ងប្រើប្រាស់ការចរចានេះឲ្យដោះលែងមនុស្សមួយចំនួនដែលលោក ហ៊ុន សែន ថា ជាការបំពានដល់អំណាចតុលាការ។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ លោក ឈាង វុន អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រាប់អ្នកសារព័ត៌មានថា រដ្ឋសភានឹងបើកការប្រជុំពេញអង្គនៅថ្ងៃទី៣១ ខែមករាខាងមុខ ដើម្បីសម្រេចលុបចោលតួនាទីរបស់ក្រុមមតិភាគតិចក្នុងរដ្ឋសភាដែលមានចែងក្នុងប្រការ៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោកបញ្ជាក់ថា ការសម្រេចស្នើឲ្យលុបចោលតួនាទីនេះ ដោយសារក្រុមមតិភាគតិចមកពីគណបក្សប្រឆាំង មិនមានភាពស្មោះត្រង់នៅពេលចរចាជាមួយបក្សកាន់អំណាច។
លោកមានប្រសាសន៍ថា៖
«យន្តការហ្នឹងវាមានភាគី ឥឡូវនេះ។ ហើយភាគីមួយបម្រើយន្តការស្មោះត្រង់ ភាគីមួយទៀតមិនស្មោះត្រង់ អាហ្នឹងទុកក៏អត់បានប្រយោជន៍អីដែរ។ ទុកវាប៉ះពាល់ដល់ប្រទេសជាតិ ប៉ះពាល់ដល់ការរំលោភសិទ្ធិអំណាចរបស់តុលាការ ជាពិសេសការបែងចែកអំណាចរបស់រដ្ឋធម្មនុញ្ញរបស់យើង រដ្ឋធម្មនុញ្ញបានបែងចែកអំណាចច្បាស់លាស់ហើយ។ អញ្ចឹងហើយយើងមិនអាចបន្តអញ្ចឹងទៅកើតទៀតទេ»។
លោក ឈាង វុន បន្ថែមថា បើទោះបីជាការលុបចោលប្រការនេះមិនឲ្យមានក្រុមតំណាងរាស្រ្តមតិភាគតិចក្តី ប៉ុន្តែលោកថា ការចរចារវាងគណបក្សនយោបាយនៅតែអាចកើតមាន ប្រសិនបើក្រុមតំណាងរាស្រ្តបក្សប្រឆាំងលើកយកបញ្ហានៃការចរចាមិនប៉ះពាល់ដល់ដំណើរការរបស់ស្ថាប័នដទៃ។
គណបក្សកាន់អំណាចបានលើកយករបៀបវារៈចំនួនពីរ គឺការកំណត់តួនាទី ការងារ និងអំណាចរបស់ប្រធានក្រុមភាគតិច និងប្រធានក្រុមភាគច្រើននៅក្នុងសភា សម្រាប់ជាការជជែកក្នុងគម្រោងជួបចរចាជាមួយបក្សប្រឆាំងនៅថ្ងៃទី២៥ ខែមករាខាងមុខ តែគម្រោងជួបគ្នានេះត្រូវបានលុបចោលវិញ ក្រោយ លោក ហ៊ុន សែន ប្រកាសលែងចង់ជួបគណបក្សប្រឆាំង។
ចំណែកគណបក្សសង្គ្រោះជាតិក៏មានរបៀបវារៈចំនួនពីរដូចគ្នា គឺការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន និងការជជែកទាក់ទងសភាពការណ៍មុនការបោះឆ្នោត។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ លើកឡើងថា ការសម្រេចឲ្យលុបចោលក្រុមមតិភាគតិចរដ្ឋសភាបង្ហាញថា ស្ថាប័នរដ្ឋសភាកំពុងដើរថយក្រោយក្នុងការគ្រប់គ្រងការងារ និងអំណាចរបស់ខ្លួន។
លោកបន្ថែមថា៖ «មិនដែលមតិភាគតិចណាទៅបង្ខំមតិភាគច្រើនឲ្យធ្វើតាមដោយខុសច្បាប់នោះ វាមិនអាចទៅរួចទេ។ អាចធ្វើទៅបានទាល់តែមានការឯកភាពគ្នា ដូច្នេះរហូតដល់ពេលបច្ចុប្បន្ន វាមិនមានពាក់ព័ន្ធនឹងការរំលោភបំពានអំណាចទាំងបីនោះទេ។ ខ្ញុំបានលើកពេលអង្គប្រជុំ នៅពេលណាដែលគេរៀបចំប្រព័ន្ធគ្រប់គ្រងគេគិតច្បាស់លាស់ណាស់។ តើស្ថាប័នអី? ច្បាប់អី? បុគ្គលណាត្រូវអនុវត្ត? បើសិនចាត់ទុកថា អ្នកអនុវត្តខុស គេត្រូវពិនិត្យអ្នកអនុវត្ត ក៏ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្នអ្នកអនុវត្តហ្នឹងខុស ឬត្រូវ មិនមែនដោយសារមានបញ្ហាអ្វីមួយស្រាប់តែយើងមកកែច្បាប់ឯណេះទៅវិញ»។
លោក យ៉ែម បុញ្ញឬទ្ធិ ច្រានចោលការលើកឡើងរបស់ក្រុមតំណាងរាស្រ្តមតិភាគច្រើន ដែលលើកឡើងថា ក្រុមមតិភាគតិចជំរុញឲ្យមានការបំពានច្បាប់ និងរំលោភអំណាចទាំង៣ ថាជារឿងមិនពិត។
លោកបញ្ជាក់ថា៖ «ការតស៊ូមតិ ការជជែក គេតែងតែត្រូវឲ្យមានតំណាង មតិភាគតិច មតិភាគច្រើន ដើម្បីទៅជជែកពិភាក្សាគ្នាដើម្បីប្រសិទ្ធភាពការងារ។ យើងសោកស្តាយ ពីព្រោះការខិតខំសិក្សាពីប្រជាធិបតេយ្យនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិនៅប្រទេសផ្សេងៗ ហើយយើងពិគ្រោះយោបល់ជាមួយអ្នកឯកទេស អ្នកច្បាប់ ទម្រាំតែឈានមកដល់បង្កើតគណៈកម្មការពិសេសចំពោះកិច្ចសិក្សាពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរួមគ្នា ហើយដល់ថ្ងៃនេះជាឯកតោភាគីលោកថយទៅក្រោយវិញ»។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា រដ្ឋសភាបានបាត់បង់ឯករាជ្យភាពរបស់ខ្លួនដោយតែងធ្វើតាមអារម្មណ៍របស់មេដឹកនាំ ជាជាងយកច្បាប់ជាធំ ហើយថាសកម្មភាពនេះនឹងនាំឲ្យមានគ្រោះថ្នាក់ដល់សង្គម និងការអភិវឌ្ឍជាតិ។
លោក កឹម សុខ អ្នកវិភាគពីការអភិវឌ្ឍសង្គម និងនយោបាយ ប្រាប់ VOA ថា ការសម្រេចស្នើដកតំណែងគណបក្សប្រឆាំងពីក្រុមមតិភាគតិចរដ្ឋសភា ដោយសារតែគណបក្សកាន់អំណាចបរាជ័យក្នុងការប្រើវិធីសាស្រ្តបំបែកគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា ការដែលគណបក្សកាន់អំណាចប្រើប្រាស់វិធីសាស្រ្តនេះក្នុងការបំបាក់ដៃគូប្រកួតប្រជែងនយោបាយរបស់ខ្លួននោះ បង្ហាញពីការបំពានច្បាប់ដែលលោកថា ប្រជាពលរដ្ឋនឹងលែងគោរពច្បាប់ និងមិនទុកចិត្តការដឹកនាំរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «គេដាក់កំហិតរបៀបហ្នឹង ហើយគេចាត់វិធានការបែបបក្សនិយម ឬក៏បុគ្គលតាមការចង់បានរបស់បុគ្គលបែបហ្នឹង វាបង្ហាញឲ្យឃើញច្បាស់ថា ច្បាប់មិនមែនច្បាប់ពិតប្រាកដនៃប្រទេសហ្នឹង។ បានន័យថារដ្ឋាភិបាលហ្នឹងកំពុងតែដើរខុសផ្លូវនូវអ្វី ដែលជាការគ្រប់គ្រងបែបច្បាប់ពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញពិតប្រាកដ ហើយបំភ្លៃនូវអ្វីដើម្បីតែការពារមុខមាត់ ឬក៏ការពារប្រយោជន៍របស់បុគ្គល និងការចង់បានរបស់បុគ្គលអ្នកកាន់អំណាចប៉ុណ្ណឹងទេ»។
បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង អវត្តមានពីក្នុងប្រទេសជាង២ឆ្នាំ និងជាប់បណ្តឹងផ្សេងៗនោះ តំណែងជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រីរបស់លោក ត្រូវធ្លាក់ទៅលើ លោក កឹម សុខា ដែលទើបតែត្រូវបានលោក ហ៊ុន សែន ស្នើដល់ព្រះមហាក្សត្រលើកលែងទោសកាលពីចុងឆ្នាំ២០១៦៕