លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ បានប្រកាសចាត់ទុកបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងនឹងលោកថាជាបណ្តឹងខ្យល់ហើយលោកមិនអើពើចំពោះបណ្តឹងនេះទេ។
មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃពុធនេះ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការក្រុងភ្នំពេញប្រឆាំងជំទាស់នឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសារធារណៈនិងទាមទារសំណងចំនួន៤.០០០ពាន់លានរៀលគឺស្មើនឹងប្រមាណ១លានដុល្លារសហរដ្ឋអាមេរិក»។
បណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក សម រង្ស៊ី បាននិយាយជាមួយសកម្មជនពីប្រទេសបារាំង។ ដោយបានធ្វើការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារសហរដ្ឋអាមេរិកដល់កញ្ញា ធី សុវណ្ណថា ដើម្បីជាថ្នូរនឹងបេសកម្មរបស់ខ្លួនមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកន្លងមក។
កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃអង្គារ៍ទី១៧ ខែមករា ក៏បានដាក់ពាក្យបណ្តឹងមួយច្បាប់ផ្សេងទៀតទៅកាន់តុលាការក្រុងភ្នំពេញ ដោយទាមទារសំណងចំនួន២៥ម៉ឺនដុល្លារពីលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសារធាណៈដូចគ្នានេះដែរ។
កញ្ញា ធី សុវណ្ណថា មិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ នៅថ្ងៃនេះ ដោយទូរស័ព្ទមិនមានអ្នកទទួល។ ក៏ប៉ុន្តែតាមបណ្តាញសង្គមហ្វេសប៊ុកដែលគេសង្ស័យថាជាការសន្ទនាគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយហៅ ធី សុវណ្ណថា «ចៅ» ក៏បាននិយាយផងដែរពីចំនួនទឹកលុយដ៏ច្រើនសន្ធឹកសន្ធាប់ដែលលោក ហ៊ុន សែន បានផ្តល់ឲ្យ។
ទោះជាយ៉ាងណាក៏ដោយ គ្មានប្រភពឯករាជ្យណាដែលអះអាងថា ពិតជាការសន្ទនាគ្នារវាងលោក ហ៊ុន សែន និង កញ្ញា ធី សុវណ្ណថា ដែលបានបង្ហោះក្នុងបណ្តាញសង្គមនោះ ថា ជាការពិតឬយ៉ាងណាទេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលរដ្ឋាភិបាលបានហាមឃាត់មិនឲ្យចូលមាតុប្រទេសវិញបាននិយាយថា ពិតជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ពិតប្រាកដមែន។
មានប្រសាសន៍តាមទូរស័ព្ទជាមួយ VOA ពីប្រទេសបារាំងក្នុងខណៈពេលដែលលោកកំពុងធ្វើដំណើរតាមរថយន្ត។ លោក សម រង្ស៊ី មិនព្រួយបារម្មណ៍នឹងបណ្តឹងខ្យល់នេះទេ។
លោកបានបញ្ជាក់ថា លោកមិនរវល់ទេ ពីព្រោះរឿងហ្នឹងជារឿងនយោបាយសុទ្ធសាធ ថ្ងៃណាមានដំណោះស្រាយនយោបាយ ពាក្យបណ្តឹងកំប៉ិកកំប៉ុកវានឹងចប់ដោយខ្លួនឯង។
លោក សម រង្ស៊ី បញ្ជាក់ថា៖
«បាទ! អាហ្នឹង ហ៊ុន សែន លោកនិយាយខ្លួនគាត់ ហើយគេចុះផ្សាយព្រោងព្រាត គាត់អត់បដិសេធ ដូច្នេះជាការពិតហើយ ខ្ញុំគ្មានខ្វល់អំពីអ្នកណាគេប្តឹងខ្ញុំទេដរាបណាខ្ញុំនិយាយការពិត»។
លោក គី តិច មេធាវីការពារក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បណ្តឹងទាមទារសំណងលើកនេះដើម្បីឲ្យលោក សម រង្ស៊ី រាងចាលកុំឲ្យចោទប្រកាន់គ្មានភស្តុតាង។
លោក គី តិច មានប្រសាសន៍ប្រាប់ VOA ថា៖
«ការដែលសម្តេចសម្រេចចិត្តប្តឹងទាមទារ បួនពាន់លានរៀល គឺស្មើហ្នឹង១លានដុល្លារនេះ គឺដោយសារ ទីមួយ ឯកឧត្តម សម រង្ស៊ី គាត់បានធ្វើការចោទប្រកាន់បំភ្លៃការពិតថា សម្តេចបានសូកលុយទៅ ធី សុវណ្ណថា មួយលានដុល្លារ»។
កញ្ញា ធី សុវណ្ណថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនិងបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៣ បានចេញមុខយ៉ាងសកម្មក្នុងការគាំទ្រគណបក្សសង្គ្រោះជាតិ។ ក្រោយមកបានផ្តាច់ចេញពីគណបក្សប្រឆាំងបន្ទាប់ពីសង្ស័យថាកញ្ញាមកក្នុងនាមជាអ្នកយកការណ៍ឲ្យគណបក្សគ្រប់គ្រងអំណាច។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថា ការចោទប្រកាន់រឿងអំពើពុករលួយជាតួនាទីរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេតថា តើលោក ហ៊ុន សែន បានផ្តល់លុយចំនួន១លានដុល្លារដល់ ធី សុវណ្ណថាដូចមានការចោទប្រកាន់ដែរឬយ៉ាងណា។
លោក មាស នី បានបញ្ជាក់ប្រាប់ VOA ថា លោកមិនរំពឹងថាលោក សម រង្ស៊ី នឹងទទួលបានយុត្តិធម៌តាមផ្លួវច្បាប់ទេ ដោយសារតុលាការខ្វះឯករាជ្យភាពរបស់ខ្លួន។
លោកបញ្ជាក់ថា៖
«ការប្តឹងផ្តល់រវាងអ្នកដឹកនាំទាំងពីរនេះ វាទៅជារឿងកំប្លែងហើយ។ អ្នកស្រុកគេយកមកនិយាយគ្រប់តែគ្នា។ វាអត់មានអ្វីភ្ញាក់ផ្អើលទេ»។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃនេះ។
បន្ទាប់ពីជំហរផ្ទុយគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបង្ហាញពីការបែកបាក់គ្នារួចមក លោក សម រង្ស៊ី បានជាប់រឿងក្តីក្តាំចំនួនបីករណីហើយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំក្នុងប្រទេសកម្ពុជា។
បណ្តឹងទាំងនោះរួមមាន «បរិហារកេរ្តិ៍លោក ហ៊ុន សែន ពាក់ព័ន្ធនឹងការទិញចំនួន like លើគេហទំព័រហ្វេសប៊ុក បរិហារកេរ្តិ៍លោក ហ៊ុន សែន ថានៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និង បរិហារកេរ្តិ៍ លោក ហ៊ុន សែន ទាក់ទិននឹងការផ្តល់សំណូកចំនួន១លានដុល្លារដល់ ធី សុវណ្ណថា»៕