ក្រុមតំណាងរាស្រ្តមតិភាគច្រើនរដ្ឋសភា បានស្នើរដ្ឋសភាឲ្យធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីលុបចោលក្រុមតំណាងរាស្រ្តមតិភាគតិចក្នុងរដ្ឋសភាដែលមាន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាប្រធាន។ ក្រោយការស្នើសុំ រដ្ឋសភាប្រកាសភ្លាមៗថានឹងបើកកិច្ចប្រជុំ ពិនិត្យលើសំណើនេះនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំ ពិនិត្យលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ដើម្បីរំលាយតំណែងប្រធានតំណាងរាស្រ្តមតិភាគតិចទៅតាមការស្នើសុំរបស់តំណាងរាស្រ្តគណ បក្សប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងបក្សប្រឆាំងគ្រោងជួបចរចាគ្នានៅថ្ងៃទី២៥ ខែមករា ខាងមុខ ប៉ុន្តែគម្រោងនេះត្រូវបានលើកពេលវិញ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានពីក្រៅប្រទេសមកថា លោកលែងចង់ជួបចរចាជាមួយបក្សប្រឆាំងហើយស្នើឲ្យមានការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (បី) ដែលជាប្រការចែងអំពីប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច និងភាគច្រើនក្នុងរដ្ឋសភា។ លោក ហ៊ុន សែន បញ្ជាក់ថា លោកលែងចង់ជួបជាមួយបក្សប្រឆាំង ដោយសារពួកគេតែងប៉ុនប៉ងប្រើប្រាស់ការចរចានេះ ឲ្យដោះលែងមនុស្សមួយចំនួន ដែលលោក ហ៊ុន សែន ថា ជាការបំពានដល់អំណាចតុលាការ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA នៅព្រឹកថ្ងៃសុក្រនេះថា រដ្ឋសភាទើបតែបានទទួលលិខិតស្នើសុំពីក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលជាតំណាងរាស្រ្តមតិភាគច្រើនរដ្ឋសភាដើម្បីពិនិត្យលើការស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ៤៨ថ្មី (បី)។ លោកបន្ថែមថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧ សប្តាហ៍ក្រោយ ដើម្បីពិនិត្យលើការស្នើសុំនេះ។
លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA ថា ក្រុមតំណាងរាស្រ្តមតិភាគច្រើនរដ្ឋសភា បានស្នើរដ្ឋសភាឲ្យធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោលក្រុមតំណាងរាស្រ្តមតិភាគតិចក្នុងរដ្ឋសភាដែលមាន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាប្រធាន។ លោកអះអាងថា ការស្នើឲ្យលុបចោលនេះ ដោយសារក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ធ្វើខុសពីយន្តការនៃការចរចារកដំណោះស្រាយនយោបាយរវាងគណបក្សទាំងពីរ។
លោកបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិបានយកយន្តការនៃវប្បធម៌សន្ទនានេះមិនបម្រើផលប្រយោជន៍ជាតិជាធំទេ គឺយកទៅធ្វើសំណើផ្សេងៗដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាបុគ្គល។ ហើយពេលថ្មីៗនេះទៀត យន្តការហ្នឹងត្រូវយកទៅប្រើក្នុងការទាមទារឲ្យដោះលែងអ្នកដែលជាប់ចោទ។ អញ្ចឹងហើយយើងក៏សម្រេចថាមិនគួរទុកតទៅទៀតទេ ព្រោះយើងមិនអាចបន្តឲ្យមានវប្បធម៌សន្ទនាគ្នានេះតទៅទៀតទេ»។
ប្រការ៨២ ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដែលពាក់ព័ន្ធនឹងការសុំកែប្រែបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ចែងថា បទបញ្ជាផ្ទៃក្នុងនេះនឹងកែប្រែបាន លុះត្រាតែមានសេចក្តីស្នើសុំពីអ្នកតំណាងរាស្រ្តមួយភាគ៤យ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយត្រូវបានអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ក្នុងរដ្ឋសភាអាណត្តិទី៥នេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមានចំនួន៦៨រូប ស្មើនឹង៦៨សំឡេង ចំណែកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមានចំនួន៥៥រូប ស្មើនឹង៥៥សំឡេង។
លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំងសុំមិនបកស្រាយលម្អិតពាក់ព័ន្ធនឹងការយល់ឃើញណាមួយ ចំពោះការប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃចន្ទខាងមុខនេះ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងចូលរួមកិច្ចប្រជុំនោះដើម្បីស្តាប់ហេតុផលរបស់ក្រុមតំណាងរាស្រ្តមតិភាគច្រើន។
លោកបន្ថែមថា៖ «យើងទៅស្តាប់មើលអំពីហេតុផលរបស់គេ ហើយយើងនឹងបង្ហាញហេតុផលមួយចំនួនដែលយើងមាន និងស្មារតីដើម ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នា ហើយបានឈានដល់វិសោធនកម្មបទបញ្ជាផ្ទៃក្នុងបច្ចុប្បន្ននេះ ហើយដែលមានការគាំទ្រពីមតិសាធារណៈជាតិ និងអន្តរជាតិ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា ស្ថាប័នរដ្ឋសភាក្នុងពេលបច្ចុប្បន្នហាក់មិនសូវមានតម្លៃក្នុងចិត្តប្រជាពលរដ្ឋ ដោយសាររដ្ឋសភាបានបាត់បង់ឯករាជ្យភាពរបស់ខ្លួន និងតែងធ្វើតាមមនោសញ្ចេតនារបស់មេដឹកនាំជាជាងយកច្បាប់ជាធំ។
លោកមានប្រសាសន៍ថា៖ «ទី១វាបាត់បង់នូវសេចក្តីសង្ឃឹមដែលកូនខ្មែររងចាំ ទី២ទៀតវាបង្ហាញពីភាពឡប់ឡែរបស់មេដឹកនាំខ្មែរយើងដែលមិនមានភាពប្រាកដនិយម គាត់ចង់បកទៅលិចៗ គាត់ចង់បកទៅកើតៗ ហើយខ្ញុំឃើញថាស្ថានភាពបែបនេះវាមិនមែនត្រឹមតែផ្តល់ភាពគ្រោះថ្នាក់សម្រាប់សង្គមជាតិ សម្រាប់កិច្ចការអភិវឌ្ឍជាតិទេ។ ប៉ុន្តែវាក៏ធ្វើឲ្យប្រជាប្រិយអ្នកដឹកនាំហ្នឹងក៏បាត់បង់ទៅតាមហ្នឹងដែរ ដោយសារតែភាពមិនប្រាកដនិយម ហើយការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗធ្វើតាមមនោសញ្ចេតនារបស់ខ្លួន»។
លោក មាស នី បន្ថែមថា ការណ៍ដែលរដ្ឋាភិបាលសម្រេចបិទផ្លូវចរចានេះ នឹងធ្វើឲ្យសកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំងផ្សេងៗដែលកំពុងជាប់ឃុំ មិនងាយនឹងត្រូវបានដោះលែងឲ្យមានសេរីភាព ដែលលោកអះអាងថា សកម្មភាពនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែរងនូវការរិះគន់កាន់តែខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
យ៉ាងហោចណាស់សកម្មគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីប្រមាណជាជាង២០នាក់ កំពុងទន្ទឹងរង់ចាំការដោះលែងឲ្យមានសេរីភាពក្នុងសំណុំរឿងផ្សេងៗគ្នា ដែលត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិលើកឡើងថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ ការទន្ទឹងរងចាំរបស់ពួកគេ ថានឹងមានការដោះលែង កើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សធំៗទាំងពីរក្នុងរដ្ឋសភាប្រកាសពីការជួបចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយនយោបាយ៕