ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ឱម យ៉ិនទៀង​អំពាវនាវ​ដល់​មេធាវី​កុំ​ប្រព្រឹត្ត​អំពើ​ពុករលួយ


លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU)​ លោក ឱម យ៉ិនទៀង អំពាវ​នាវ​ឲ្យ​មេធាវី​ទាំង​អស់​កុំ​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ ​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ កិត្តិយស សង្គម ស្រប​ពេល​ដែល​លោក​លើក​ឡើង​ថា មាន​មេធាវី​ចំនួន​១​ភាគ​រយ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លើ​កូន​ក្តី។​

លោក ឱម យ៉ិនទៀង ថ្លែង​យ៉ាង​ដូច្នេះក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធាន​គណៈ​មេធាវី​អាណត្តិ​ទី​១០ ទៅ​អាណត្តិ​ទី​១១ និង​ចែក​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ នៅ​ថ្ងៃទី​១៩​ ខែ​មករា ឆ្នាំ​២០១៧។

ថ្លែង​ទៅ​កាន់​មេធាវី និង​និស្សិត​មេធាវី​ជា​ច្រើន​រយ​នាក់ លោក ឱម យ៉ិន ទៀង លើក​ឡើង​ថា មេធាវី​នៅ​កម្ពុជា​មាន​ចំនួន​១​ភាគរយ ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ និង​មិន​ស្មោះ​ត្រង់​នឹង​កូន​ក្តី ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​កូនក្តី។ ​លោកបន្ថែម​ថា ការ​ប្រព្រឹត្ត​ និង​ចូល​រួម​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ជា​ទង្វើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សង្គម និង​ប៉ះពាល់ដល់​កិត្តិនាម​នីតិរដ្ឋ​របស់​កម្ពុជា ដូច្នេះ​លោក​អំពាវ​នាវ​ឲ្យ​មេធាវី​ទាំង​អស់មិនត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយខុស​ច្បាប់ និង​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖

«យើង​ខ្ញុំ​បាន​ស្នើ​សុំ​អម្បាញ់​មិញ​ហើយ ជា​ផ្លូវ​ការ​សុំ​ធ្វើ​យ៉ាង​ម៉េច​យើង​អនុវត្ត​ឲ្យ​ដូច៩៩​ភាគ​រយ​ទៀត ដែល​គេបំពេញ​វិជ្ជា​ជីវៈគេ​ដោយ​ស្មោះ​ត្រង់ជាមួយ​កូន​ក្តី​របស់​ខ្លួន។ យើង​ក៏​ទទួល​ស្គាល់​ថា​ មាន​ការ​លំបាក​សត្យានុម័ត​មួយ​ចំនួន​ដែរ​ដែល​បង្ខំ​ អញ្ចឹង​យើង​នឹង​ដោះ​ស្រាយការ​លំបាក​របស់​មេធាវី​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ​ទៀត ដោយ​ស្មោះ​ត្រង់​ចំពោះ​កូន​ក្តី​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ឧបសគ្គ​ដែលដាក់នៅលើ​ផ្លូវ​មុខ​ជំហាន​ដើរ​មេធាវី​នេះ​ កាន់​តែ​មាន​ការ​ដោះ​ស្រាយ​បានមួយ​ជំហាន ទៅ​មួយ​ជំហាន​ដែរ»។

មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ និង​បាន​ចុះ​បញ្ជី​ក្នុង​គណៈ​មេធាវី​កម្ពុ​ជា មាន​ចំនួន​ជាង​១.២០០​នាក់ ក្នុ​ង​នោះ​មេធាវី​ពេញ​សិទ្ធិ​មាន​ចំនួន​១.០៨០​នាក់។

ថ្មីៗ​នេះ​មេធាវី​មួយ​រូប ឈ្មោះ ពេជ រតនា ទើប​តែ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ឆ្នាំ ពី​បទ​ប៉ុនប៉ង​សូក​ប៉ាន់​ចៅក្រម បន្ទាប់ពី​លោក​បាន​យក​លុយពី​កូនក្តី​ចំនួន​៥.០០០​ដុល្លារ ​ទៅ​តម្កល់​ឲ្យ​ចៅក្រម​ ជា​ថ្នូរ​កុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​រូប​នោះ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​កូនក្តី​របស់​លោក។​

លោក ប៊ុន ហុន អតីត​ប្រធាន​គណៈ​មេធាវី​ដែល​កាន់​តំណែង​បាន​២​អាណត្តិ មាន​រយៈពេល​៤​ឆ្នាំ ប្រាប់អ្នកសារ​ព័ត៌មាន​ថា កន្លង​មក​មាន​មេធាវីតិចតួច​ដែល​បាន​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ។ លោក​បញ្ជាក់​ថា មេធាវី​ម្នាក់​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​គណៈ​មេធាវី ដោយ​សារ​មេធាវី​រូបនោះប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ និង​មេធាវី​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​ព្រមានដោយសារ​ធ្វើ​ខុស​ក្រម​សីលធម៌​មេធាវី។

លោក​មាន​ប្រសាសន៍​ថា៖

«ដោយសារ​ច្បាប់​លក្ខន្តិកៈ​មេធាវី​គេ​បាន​ចែង​ថា មេធាវី​ណា​ដែល​ត្រូវបាន​ចោទ​ប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ គឺត្រូវ​តែព្យួរ​មុខងារ​ជា​បណ្តោះ​អាសន្ន​ទេ ហ្នឹង​មាន​តែ​ម្នាក់​ទេ ចំពោះរឿង​ការ​ដាក់​ពិន័យ​មាន​លុប​ឈ្មោះ​តែ​ម្នាក់​ដែរ ព្រោះ​អាហ្នឹង​ដូច​ខ្ញុំ​បញ្ជាក់​ពី​ខាង​ដើម​អញ្ចឹង។ ព្រមានដោយសារ​ការ​ខុស​ក្រម​សីលធម៌​របស់​គាត់ ​ដូចជា​ពាក់ព័ន្ធនឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម ឬ​ក៏​ពាក់​ព័ន្ធ​នឹង​ការ​មិន​បំពេញ​ការងារ​តួនាទីរបស់​គាត់​ទាក់ទង​នឹង​ការងារ​ជាមួយ​កូន​ក្តី ដូច្នេះ​យើង​ព្រមាន​តិច​តួចទេ វា​មិន​មែន​ជា​កំហុស​ធ្ងន់ធ្ងរ ឲ្យ​គាត់​កែ​ប្រែ​ខ្លួន​ឡើង​វិញ»។

លោក សួន វិសាល ប្រធាន​គណៈ​មេធាវី​ដែល​ទើប​ត្រូវ​បាន​ផ្ទេរ​តំណែង​ថ្មីៗ លើក​ឡើង​ថា លោក​នឹង​ពង្រឹង​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹងរ៉ឹងលើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ក្នុងក្រប​ខណ្ឌ​វិជ្ជាជីវៈ​មេធាវី ពាក់ព័ន្ធ​នឹង​ការ​សូក​ប៉ាន់ក្នុង​ការ​ប្រឡង​ចូល​រៀន​មេធាវី ព្រម​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ពុក​លួយ​របស់​មេធាវី​ជាដើម។

លោក​បញ្ជាក់​ថា៖

«បើ​សិន​មេធាវី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ថា​មិន​ត្រឹម​តែ​ខុស​ច្បាប់​ព្រហ្មទណ្ឌ​ទេ គឺ​ខុស​ក្រម​សីលធម៌​ផង​ដែរ អញ្ចឹង​បើ​សិន​មេធាវី​ប្រព្រឹត្ត​ខុស យើង​នឹង​ដាក់​ពិន័យ​មេធាវី​ហ្នឹង ជួន​កាល​អាច​ពិន័យ​តឹងតែង​បំផុត គឺ​អាច​បញ្ឈប់​ពី​មេធាវី»។

លោក សួន វិសាល បន្ថែម​ថា ចំណេះ​ដឹង​របស់​មេធាវី​នៅ​កម្ពុជាមាន​កម្រិតខ្ពស់​ជាង​មុន ប៉ុន្តែ​មេធាវី​ភាគច្រើន​នៅ​ខ្សោយ​ផ្នែក​ច្បាប់​អន្តរជាតិ ដែល​លោក​ថា ​គណៈ​មេធាវី​នឹង​កែប្រែ​ប្រព័ន្ធ​អប់រំ​ដើម្បី​ពង្រឹង​សមត្ថភាព​ពួកគេ​ឲ្យកាន់​តែ​ល្អ​ប្រសើរ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា ប្រាប់ VOA ថា មេធាវីនៅ​កម្ពុជា​មួយ​ចំនួន​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​សូកប៉ាន់​ក្នុង​ពេល​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់​ពួកគេ។ ទោះជា​យ៉ាង​ណា​លោក​មិន​អាច​បញ្ជាក់ពី​តួលេខ​ច្បាស់​លាស់​ក្នុង​ករណី​នេះ​ទេ។​

លោក​បញ្ជាក់​ថា៖

«មាន​មេធាវី​ដែល​គាត់​ធ្វើ​ការងារ​ដើម្បី​បាន​កម្រៃ​សេវា​មេធាវី ដូច្នេះ​មេធាវី​មាន​មេធាវី​ត្រឹមត្រូវ ​មាន​មេធាវី​មាន​ក្រម​សីល​ធម៌ ហើយ​ក៏​មាន​មេធាវី​ដែល​គាត់​ធ្វើ​ការងារ​ដែល​ពឹង​ផ្អែក​ទៅ​លើ​លុយ។ ហើយ​មេធាវី​ខ្លះ​គាត់​ចង់​ធ្វើ​ល្អ ប៉ុន្តែ​ប្រព័ន្ធ​ច្បាប់តម្រូវ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​លុយ​ក្រៅ​ផ្លូវ​ការ​មួយ​ចំនួន ដូច្នេះ​វា​មាន​លក្ខណៈ​ស្មុគ្រស្មាញ​បន្តិច​ទាក់ទង​នឹង​បញ្ហាហ្នឹង»។

របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំ​ទី​ក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស ស្ដី​ពី​យុត្តិធម៌​ទល់​នឹង​អំពើ​ពុករលួយ ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​ឯករាជ្យភាព​នៃ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ២០១៥ ​បានរិះគន់​លើ​ស្ថាប័ន​គណៈ​មេធាវី​កម្ពុជា​ថា​ មានអំពើ​ពុករលួយ និង​គ្មាន​ភាព​ឯករាជ្យ ព្រមទាំង​មាន​ភាព​ពុករលួយពាក់ព័ន្ធ​នឹង​ការ​សូក​ប៉ាន់ក្នុង​ការ​ប្រឡងចូល​រៀន​វិជ្ជាជីវៈ​មេធាវី។

លោក ប៊ុន ហុន ដែល​ជា​ប្រធាន​គណៈមេធាវី​ក្នុង​ពេល​នោះ ច្រាន​ចោល​ការ​លើក​ឡើង​របស់របាយការណ៍​នោះ​ ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​បាន​បំពាន​ទាំង​ស្រុង​ទៅ​លើ​សិទ្ធិ​របស់​គណៈ​មេធាវី៕

XS
SM
MD
LG