ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​


លោក Randall G. Schriver ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិចកាំង ថ្លែងទៅកាន់អង្គពិធីមួយនៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីដើមខែសីហាឆ្នាំ២០១៨។ (រូបថត៖ សហការី)
លោក Randall G. Schriver ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិចកាំង ថ្លែងទៅកាន់អង្គពិធីមួយនៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីដើមខែសីហាឆ្នាំ២០១៨។ (រូបថត៖ សហការី)

លោក​ ​Randall G. Schriver​ ​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ពោល​រិះគន់​​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ដែល​កើត​មាន​ឡើង​នៅ​ចំ​កណ្ដាល​នៃ​ការ​បង្ក្រាប​ខាង​នយោបាយ​ដ៏​ជ្រាលជ្រៅ​ទៅ​លើ​ក្រុម​ជំទាស់​ជា​មួយ​នឹង​របប​ដឹក​នាំ​ប្រទេស​ ​និង​បណ្ដា​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ ​ប្រព័ន្ធ​ឃោសនា​ផ្សព្វ​​ផ្សាយ​ឯករាជ្យ​នានា​ដែល​មិន​ចំណុះ​រដ្ឋ​អំណាច។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ម្នាក់ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​កោះ​តៃវ៉ាន់​ ​និង​ក៏​ដូច​ជាការ​ប្រាស្រ័យ​ទាក់ទង​ផ្នែក​សឹក​ជា​មួយ​ប្រទេស​ចិន​ផង​នោះ​ ​បាន​ក្លាយជា​មន្ត្រី​យោធា​អាមេរិក​ដំបូង​គេ​ ​ដែល​និយាយ​រិះគន់​ជា​សាធារណៈ​ទៅ​លើការ​បង្ក្រាប​ខាង​នយោបាយ​ ​និង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ​Randall G. Schriver​ ​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ ​ថ្លែង​ទៅ​កាន់​ពិធី​មួយ​ ​កាលពី​ថ្ងៃ​អង្គារ​ ​ដែល​និយាយ​អំពី​យុទ្ធសាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រដ្ឋធានី​ ​វ៉ាស៊ីនតោន​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង​ ​(AEI)។​

ក្នុង​ចំណុច​មួយ​ ​លោក​ ​Randall G. Schriver​ ​បាន​ពោល​រិះគន់ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ដែល​កើត​មាន​ឡើង​នៅ​ចំ​កណ្ដាល​នៃ​ការ​បង្ក្រាប​ខាង​នយោបាយ​ដ៏​ជ្រាលជ្រៅ​ទៅ​លើ​ក្រុម​ជំទាស់​ជា​មួយ​នឹង​របប​ដឹក​នាំ​ប្រទេស​ ​និង​បណ្ដា​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ ​ប្រព័ន្ធ​ឃោសនា​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​ដែល​មិន​ចំណុះ​រដ្ឋ​អំណាច។​

លោក​បាន​បន្ថែម​ថា៖

«នៅ​ឯ​ប្រទេស​កម្ពុជា​ ​យើង​មាន​ក្ដី​បារម្ភ​អំពី​និន្នាការ​វិវត្ត​ចុង​ក្រោយ។​ ​ក្រោយ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នៅ​ប្រទេស​កម្ពុជា​កាលពី​សប្ដាហ៍​មុន​ ​សេតវិមាន​បាន​បញ្ចេញ​នូវ​ការ​ខក​បំណង​ជាទី​បំផុត​របស់​ខ្លួន​ ​ហើយ​បាន​ព្រមាន​ថា ​វិធានការ​ដែល​បាន​រៀបចំ​រួច​នានា​នឹង​ត្រូវ​យក​មក​អនុវត្ត​ ​ដើម្បីឆ្លើយ​តប​នឹង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​លើ»។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​បញ្ចកោណ​រូប​នេះ​បាន​បន្ត​ថា៖​

«ព្រម​ពេល​ជា​មួយ​គ្នា​នេះ [រដ្ឋាភិបាល] ​កម្ពុជា​ក៏​គួរ​តែ​ដោះ​លែង​លោក​ កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ជា​បន្ទាន់។​ ការ​ឃុំឃាំង​ដ៏​ខុស​ឆ្គង​លើ​លោក​ កឹម សុខា ​ដោយ​លោក ​ហ៊ុន សែន​ បាន​នឹង​កំពុង​បង្ក​នូវ​ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ជា​ពន់ពេក​ដល់​លោក​ កឹម សុខា​ និង​បណ្ដាល​ឱ្យ​ស្ថានភាព​សុខភាព​របស់​លោក​មាន​សភាព​ចុះ​ទ្រុឌទ្រោម»។​

ទស្សនាទាំង​ស្រុង៖ ​(ភាសា​អង់គ្លេស) លោក​ ​Randall G. Schriver​ ថ្លែង​នៅក្នុង​កិច្ច​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រដ្ឋធានី​ ​វ៉ាស៊ីនតោន​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង​ ​(AEI)៖

​លោក​ Randall Schriver បានចាត់​ទុក​ថា​យោធា​របស់​កម្ពុជា​ទៀត​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ដើម្បីគំរាម​កំហែង​ប្រជាជន​កម្ពុជា​ដែល​កំពុង​ស្វះស្វែង​សំឡេងដើម្បីអនាគត​នយោបាយ​របស់​ពួក​គេ។​

នេះ​គឺជា​ការ​អំពាវនាវ​ថ្មី​មួយ​ទៀត​បន្លឺ​សំឡេង​ពី​សហរដ្ឋ​អាមេរិក​ ​ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែង​ការណ៍​ជា​ច្រើន​សន្ធឹក​ដែល​ធ្លាប់​មាន​កន្លង​មក​ឆ្លើយតប​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ជា​ការ​បង្ក្រាប​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ​ដែល​ចាប់​ផ្ដើម​ពេញ​បន្ទុក​កាលពី​ឆ្នាំ​មុន។​ ពី​លើក​មុនៗ​ ​គេ​ធ្លាប់​តែ​ឮ​ ​សេតវិមាន​ ​ក្រសួង​ការ​បរទេស​អាមេរិក សភា​ទាំង​ពីរ​ថ្នាក់របស់​អាមេរិក​ ​និង​ស្ថានទូត​របស់​មហា​អំណាច​មួយ​នេះ​នៅ​ភ្នំពេញ​ ​ប៉ុណ្ណោះ​ដែល​និយាយ​រិះគន់​អ្វី​ដែល​គេ​ហៅ​ថា ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​តាម​រយៈ​ការ​បង្ក្រាប​នយោបាយ។​

កាលពី​ខែ​មិថុនា​ ​ក្រសួង​រតនាគារ​អាមេរិក បាន​ចូល​អន្តរាគមន៍​ដោយ​បាន​អនុ​វត្ត​ការ​ដាក់​ទណ្ឌកម្ម​ ​ទៅ​លើ នាយ​ឧត្ដមសេនីយ៍​ ហ៊ីង ប៊ុនហៀង​ មេ​បញ្ជា​ការ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ដែល​រដ្ឋការ​អាមេរិក​បាន​លើក​ហេតុ​ផល​ពី​ប្រវត្តិ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ដើម។​

យ៉ាង​ណា​ក្ដី​កា​រ​ថ្លែង​របស់​លោក​ ​Randall G. Schriver​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ ​គឺ​ជា​សំឡេង​ដំបូង​ដែល​គេ​បាន​ឮ​ចេញ​ពី​ខាង​ក្នុង​មន្ទីរ​បញ្ចកោណ​ ​ឆ្លើយតប​នឹង​ការ​វិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ​នៅ​មិន​ដល់​ពេល​ប៉ុន្មានផង​ ​ក្រោយ​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ ​ហើយ​អ្នក​នាំ​ពាក្យ​បក្ស​លោក​ថា មុខ​ជា​នឹង​ប្រមូល​អាសនៈ​ទាំង​អស់​១២៥​កៅអី​តែម្ដង​នៅ​សភា​ជាន់​ទាប។​

ក្នុង​ការ​ថ្លែង​របស់​លោក​នៅ​ឯ វិទ្យា​ស្ថាន​សហគ្រាស​អាមេរិកាំង (AEI)​ ​លោក​ ​Randall G. Schriver​ ​ក៏​បាន​និយាយ​ចំៗ​ផង​ដែរ អំពី​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ចុង​បូព៌ា តាម​រយៈ​ខ្លឹមសារ​នៃ​បរិ​តំបន់​«ឥណ្ឌូ​ប៉ាស៊ីហ្វិក» ទប់ទល់​នឹង​ការ​រីក​ត្រដែត​ឡើង​នៃ​អនុត្តរភាព​របស់​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​នៃ​រដ្ឋ​អំណាច​កម្ពុជា។​

តាម​រយៈ​ជំនួយ​ ​និង​ការ​វិនិយោគ​ទាំង​ផ្នែក​សាធារណៈ​ ​និង​ទាំង​ផ្នែក​ឯកជន​របស់​ប្រទេស​ចិន បាន​នាំ​ឱ្យ​ប្រទេស​មួយ​នេះ​ក្លាយ​ជា​អ្នក​ចាក់​បញ្ចូលសាច់​ប្រាក់​ធំ​បំផុត​ ​ជួយ​ទ្រទ្រង់​ការ​បោះ​ទុន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ក៏​ដូច​ជា​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ ​និងសេវា​កម្ម​ជា​ដើម។​

ការដ្ឋាន​សាងសង់មួយ​កន្លែង​ដែល​ឧបត្ថម្ភ​ដោយ​ជំនួយប្រទេស​ចិន​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧។ (Reuters)
ការដ្ឋាន​សាងសង់មួយ​កន្លែង​ដែល​ឧបត្ថម្ភ​ដោយ​ជំនួយប្រទេស​ចិន​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧។ (Reuters)

ប្រទេស​កម្ពុជា​ឯ​នេះ​វិញ​ ​ជា​រដ្ឋ​ដែល​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​«ចិន​តែ​មួយ»​ ​ដែល​គាំទ្រ​មជ្ឈការ​អំណាច​នៃ​គណ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ទី​ក្រុង​ប៉េកាំង និង​ជំទាស់​រាល់​គំនិត​ទាមទារ​ឯករាជ្យ​ផ្ដាច់​ទឹក​ដី​និយម​ ​មិន​ថាតែ​នៅ​កោះ​តៃវ៉ាន់​ ​ហុងកុង​ ​ម៉ាកាវ​ ​ទីបេតិ៍ ឬ​ក៏​តំបន់​ខេត្ត​ស៊ីនជាំង​នៅ​ភាគ​ខាង​លិច​នោះ​ទេ។​

លោក​ ​Randall G. Schriver​ ​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កោះ​តៃវ៉ាន់។​ ​ពី​សម័យ​ដំបូង​ដែល​លោក​ចូល​ធ្វើ​ការ​នៅ​មន្ទីរ​បញ្ចកោណ​ដំបូង​ក្នុង​ទសវត្សរ៍​១៩៩០​ ​លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​សារ​គមនាគមន៍​ការងារ​សឹក​ជា​មួយ​នឹង​ភាគី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន និង​កង​កម្លាំង​របស់​កោះ​តៃវ៉ាន់។​

ក្នុង​ខែ​តុលា​ឆ្នាំ​ទៅ​មិញ​ ​បណ្ដាញ​សារ​ព័ត៌មាន​ ​Taiwan News​ ​បាន​ហៅ​លោក Randall G. Schriver​ ​ថា​ជា​ ​«ទស្សនិក​ញឹកញាប់ និង​ជា​អ្នក​តស៊ូ​មតិ​ដើម្បីតៃវ៉ាន់» និង​ជា«មិត្ត​ភក្ដិ​យូរ​លង់​របស់​តៃវ៉ាន់»។​ ​កាសែត​ដ​ដែល​បាន​ផ្សាយ​ថា លោក​ធ្លាប់​ទទួល​បាន​មេដាយ​កិត្តិយស ពី​លោក​ ​Chen Shui Bian​ ​អតីត​ប្រធានាធិបតី​កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ​២០០៥ ចំពោះ​ស្នា​ដៃ​ផ្សា​ភ្ជាប់​ចំណង​មិត្ត​ភាព​អាមេរិក​និង​តៃវ៉ាន់។​

ហើយ​នៅ​ក្នុង​សវនាការ​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​ទទួល​បន្ទុក​កង​កម្លាំង​ប្រដាប់​អាវុធ​ ​មុន​នឹង​លោក​ទទួល​ការ​តែង​តាំង​ជា​ឧបការីរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ ​លោក​ ​Randall G. Schriver​ ​បាន​ថ្លែង​ថា៖​ «បើ​សិន​ត្រូវ​បាន​យល់​ព្រម​ឱ្យ​កាន់​ការ​តំណែង វា​នឹង​ក្លាយ​ជា​ទិសដៅ​អាទិភាព​ក្នុង​ការ​វិនិយោគ​សហការ​ជា​មួយ​នឹង​ដៃ​គូ​ផ្នែក​សន្តិសុខ​របស់​យើង នៅ​តៃវ៉ាន់ ​និង​សិង្ហបុរី»។​

មុន​នឹង​ចូល​មក​កាន់​ការ​ក្នុង​តំណែង​ថ្មី​នៅ​មន្ទីរ​បញ្ចកោណ​កាលពី​ខែ​មករា លោក​ ​Randall G. Schriver ធ្លាប់​ជា​នាយក វិទ្យា​ស្ថាន​គម្រោង​ឆ្នាំ​២០៤៩ (Project 2049 Institute) ដែល​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​លើ​ប្រធាន​បទ​សន្តិសុខ​ ​និង​យោធា​នៅ​តំបន់​អាស៊ី។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជា បាន​មាន​ប្រតិកម្ម​តប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​យោធា​អាមេរិក​ ​ថា​ការ​ថ្លែង​នេះ​មិន​មាន​អ្វី​ក្រៅ​តែ​អំពី​ការ​ចង់​បង្ហាញ​ពី​មហិច្ឆិតា​ភូមិ​សាស្ត្រ​នយោបាយ​របស់​អាមេរិក​ទប់ទល់​នឹង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖​

«ការ​លើក​ឡើង​របស់​ឧបការី​រូប​នេះ មិន​ត្រឹម​តែ​មិន​មាន​មូលដ្ឋាន​សុចរិត ច្បាស់​លាស់​នោះ​ក៏​ប៉ុន្តែ ហាក់​បី​ដូចជា​ស្ថិត​នៅ​ក្នុង​ភាព​ស្លន់ស្លោ ខ្លាច​ដោយ​យល់​ឃើញ​ថា​កម្ពុជា ស្និទ្ធ​ជា​មួយ​ចិន ហើយ​យក​សហរដ្ឋ​អាមេរិក​ជាស​ត្រូវ»។

លោក ផៃ ស៊ីផាន បាន​សរសេរ​បន្ថែម​ទៀត​ថា៖​

«កម្ពុជា ក៏​ដូចជា​ប្រជា​ជាតិ​អាស៊ាន​ទាំង​មូល រក្សា​ស្ថានភាព​នយោបាយ​រួម មិន​អោយ​ធ្លាក់​ចូល ក្នុង​ឥទ្ធិពល​ភូមិសាស្រ្ត​នយោបាយ​នោះ​ឡើ់យ កម្ពុជា​ផ្ទាល់ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​យល់ ច្រឡំ​របស់​ឧបការី​រូប​នេះ​ចង់​ទាញ ឬ​លាប[​ពណ៌​]​កម្ពុជា​អោយ​ធ្លាក់​ខ្លួន​ក្នុង ភូមិសាស្រ្ត​នយោបាយ​របស់​ខ្លួន ក្នុង​ការ​ត​តាំង​ប្រឆាំង​ជា​មួយ​ចិន»។​

ក៏​ប៉ុន្តែ​សម្រាប់​លោក​បណ្ឌិត​ ​អៀ សុផល​ ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ ​និង​នយោបាយ​សកល​ ​នៅ​មហា​វិទ្យា​ល័យ Occidental សហរដ្ឋ​អាមេរិក បាន​មើល​ឃើញ​ការ​ថ្លែង​របស់​ ​លោក​ ​Randall G. Schriver​ ​ថា​ជា​ការ​បង្ហាញ​អំពី​សាមគ្គី​ភាព​នៃ​បណ្ដា​ស្ថាប័ន​រដ្ឋ​របស់​អាមេរិក និយាយ​ក្នុង​សំឡេង​តែ​មួយ​ ​ឆ្លើយតប​នឹង​បញ្ហា​នយោបាយ​កម្ពុជា។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​សរសេរ​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​ថា៖​

«មនុស្ស​គ្រប់​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ឌី​ស៊ី បាន​ឯកភាព​ទៅ​លើ​បញ្ហា​កម្ពុជា និង​ការ​ចូល​មក​ពាក់​ព័ន្ធរបស់​ប្រទេស​ចិន។ ... សហរដ្ឋ​អាមេរិក​ឈរ​នៅ​ឯកភាព​គ្នា​ក្នុង​ការ​ថ្កោលទោស​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នៅ​កម្ពុជា និង​ទាមទារ​ការ​ដោះលែង​លោក កឹម សុខា»។​

ទាក់​ទិន​នឹង​ការ​ថ្លែង​អំពី​ក្ដី​បារម្ភ​របស់​អាមេរិក ថា​កម្ពុជា​ងាក​ទៅ​ស្និទ្ធ​នឹង​ចិន​ជាង​មុន​នោះ លោក អៀ សុផល​ ​បាន​បន្ថែម​យ៉ាង​ដូច្នេះទៀត​ថា៖​

«ហើយ​ការ​ហៅ​ទំនាក់ទំនង​របស់​កម្ពុជា​ជា​មួយ​ចិន​ថា​ជិត​ស្និទ្ធ​ជាង​មុន​នោះ ហាក់​បីដូច​ជា​ការ​ថ្លែង​ថា ប្ដី​ប្រពន្ធ​មួយ​គូ​មាន​កូន​ដប់​នាក់​ទៅ​ហើយ ទើប​នឹង​ស្វះស្វែង​យល់​ចិត្ត​គំនិត​គ្នា​អ៊ីចឹង!»។

ប្រទេស​ចិន​ ​ស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ​ជ័យ​ជម្នះ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​បាន​ឱ្យ​ដឹង​ថា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន​អត្រា​៨២,៨៧%​ ​ហើយ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ជា​មួយ​នឹង​សំឡេង​ប្រមាណ​៧៦%​នៃ​សន្លឹក​ឆ្នោត​បាន​ការ​ទាំង​អស់៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG