ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ជប៉ុន​ហៅ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា​«​ជា​ការ​ខក​ចិត្ត»


រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​កាន់​ទង់ជាតិ​ជប៉ុន​និង​ទង់ជាតិ​ខ្មែរ ខណៈ​ដែល​ពួកគេ​ស្តាប់​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ផ្លូវ​ថ្នល់​មួយ​ខ្សែ ដែល​ផ្តល់​ជំនួយ​ដោយ​ជប៉ុន ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ភូមិ ក្តីតាកុយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​រាជធានី ភ្នំពេញ ថ្ងៃ​អង្គារ​ ទី១៣ ខែ​មីនា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)
រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​កាន់​ទង់ជាតិ​ជប៉ុន​និង​ទង់ជាតិ​ខ្មែរ ខណៈ​ដែល​ពួកគេ​ស្តាប់​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ផ្លូវ​ថ្នល់​មួយ​ខ្សែ ដែល​ផ្តល់​ជំនួយ​ដោយ​ជប៉ុន ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ភូមិ ក្តីតាកុយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​រាជធានី ភ្នំពេញ ថ្ងៃ​អង្គារ​ ទី១៣ ខែ​មីនា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)

លោក Taro Kono រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា៖ «ខ្ញុំ​បាន​ប្រាប់​លោក ប្រាក់ សុខុន ថា​លទ្ធផល​បោះ​ឆ្នោត គឺ​ជា​ការ​ខកចិត្ត​មួយ​តាម​ផ្លូវ​ច្រើន​យ៉ាង ខណៈ​សន្លឹក​ឆ្នោត​ជា​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​បាន​ការ បើ​ទោះ​ជា​ប្រទេស​ជប៉ុន​ បាន​ផ្ដល់​ការ​គាំទ្រ​របស់​ខ្លួន​ ដើម្បី​ធានា​ថា​ការ​បោះ​ឆ្នោត​បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត​ក៏​ដោយ»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

មួយ​សប្ដាហ៍​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Taro Kono បាន​ហៅ​ការ​បោះ​ឆ្នោត​មួយ​នេះ​ថា​«ជា​ការ​ខក​ចិត្ត​»។

ប្រទេស​ជប៉ុន​ដែល​បាន​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ដល់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ ជប៉ុន​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​មក​កម្ពុជា កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨ ប៉ុន្តែ​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នោះ​ទេ។

បើ​យោង​តាម​ទូរទស្សន៍​ NHK ​របស់​ជប៉ុន រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គឺ​លោកTaro Kono បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ នៅ​ចំពោះ​មុខ​សម​ភាគី​របស់​លោក គឺ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​សៅរ៍។

លោក Taro Kono ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា៖ «ខ្ញុំ​បាន​ប្រាប់​លោក ប្រាក់ សុខុន ថា​លទ្ធផល​បោះ​ឆ្នោត គឺ​ជា​ការ​ខកចិត្ត​មួយ​តាម​ផ្លូវ​ច្រើន​យ៉ាង ខណៈ​សន្លឹក​ឆ្នោត​ជា​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​បាន​ការ បើ​ទោះ​ជា​ប្រទេស​ជប៉ុន​ បាន​ផ្ដល់​ការ​គាំទ្រ​របស់​ខ្លួន​ ដើម្បី​ធានា​ថា​ការ​បោះ​ឆ្នោត​បង្ហាញ​ពី​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត​ក៏​ដោយ»។

លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ដោយ​បង្កើត​នូវ​បរិយាកាស​សម្រាប់​ការ​ពិភាក្សា​ជាមួយ​គណបក្ស​ប្រឆាំង។

បើ​យោង​តាម​ទូរទស្សន៍ NHK លោក ប្រាក់ សុខុន បាន​ឆ្លើយ​តប​វិញ​ថា ប្រទេស​របស់​លោក​ បាន​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត គឺ​ដើម្បី​ផលប្រយោជន៍​កម្ពុជា ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​តម្លៃ​របស់​កម្ពុជា។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ «នេះ​គឺ​ជា​ជម្រើស​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា មិន​មែន​ជា​ជម្រើស​របស់​បរទេស​ក្នុង​ការ​សម្រេច​ចិត្ត​ទេ​បាទ»។

លោក​បាន​បន្ថែម​ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន គឺ​ដើម្បី​ប្រយោជន៍​សម្រាប់​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ថា​ជប៉ុន​គ្រាន់​ធ្វើ​ដើម្បី​ជារឿង​នយោបាយ​ទេ ប៉ុន្តែ​ជាក់ស្ដែង​ជប៉ុន​នៅ​តែ​ជា​ភាគី​ដៃគូ​អភិវឌ្ឍន៍ ភាគី​ដៃគូ​កិច្ច​សន្ទនា​រវាង​ប្រជាជាតិ​ទាំង​ពីរ​ល្អ សហប្រតិបត្តិ​ការ​ល្អ។ ខ្ញុំ​ចង់​និយាយ​រឿង​នយោបាយ ដែល​នយោបាយ​កំពុង​តែ​កៀងគរ​ឲ្យ​មាន​ប៉ូល​ដែល​ហៅ​ថាGeopolitics យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​តែ​អូសទាញ​បង្កើត​ឲ្យ​មាន​ភូមិសាស្ត្រ​នយោបាយ ដែល​គេ​ចង់​យក​កម្ពុជា​ជា​អាយ៉ង​របស់​ប្រទេស​នោះ​ឯង»។

នៅ​មុន​ការ​បោះ​ឆ្នោត ប្រជាជន​កម្ពុជា​ដែល​រស់​នៅ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប បាន​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន មិនទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​ទៅ​លើ​ប្រជាជន​ដែល​មិន​ទៅ​បោះ​ឆ្នោត ត្រូវ​បាន​រាយការណ៍​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​ក៏​រួម​មាន​ការ​គំរាម​មិន​ផ្តល់​សេវា​សាធារណៈ​ដល់​ពួក​គេ ប្រសិន​បើ​ពួកគេ​មិន​ទៅ​បោះ​ឆ្នោត​ផង​ដែរ។ យុទ្ធនាការ​«ម្រាម​ដៃ​ស្អាត»របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​ការ​ជំរុញ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​គាប​សង្កត់​ផង​ដែរ។

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បឋម​ថា ចំនួន​ប្រជាជន​ទៅ​បោះ​ឆ្នោត​មានដល់ទៅ​ជិត​៨៣​ភាគរយ ខណៈ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មានដល់​ទៅ​ជិត​៦០​ម៉ឺន​សន្លឹក។ គណបក្ស​ប្រជាជន​កម្ពុជា​ ទំនង​នឹង​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​១២៥។

គួរ​បញ្ជាក់​ថា ក្រោយ​ការ​បោះ​ឆ្នោត សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​ប្រទេស​កាណាដា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​បាន​ថ្កោល​ទោស​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម។ ពួកគេ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​មួយ​នេះ​មិន​មាន​ការ​ប្រកួត​ប្រជែង និង​មិន​បាន​បំពេញ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទេ។

ទោះ​ជា​យ៉ាងណា​ ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​កម្ពុជា បាន​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​មួយ​នេះ។ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ចន្ទ លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ពោល​សរសើរ​ពី​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា។

លោកGeng Shuangបាន​ថ្លែង​ថា៖​ «ក្នុង​នាម​ជា​អ្នក​ជិត​ខាង និង​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ប្រទេស​ចិន​សូម​អបអរ​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​ការ​បោះ​ឆ្នោត​រដ្ឋសភា​នីតិកាល​ទី៦ និង​សូម​អបអរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​ប្រធាន ហ៊ុន សែន ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ការ​បោះ​ឆ្នោតរដ្ឋសភា​គឺ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ​និង​ជា​ព្រឹត្តិ​ការណ៍​មួយ​ដ៏​ធំ​ក្នុង​ឆាក​ជីវិត​នយោបាយ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG