ការបោះឆ្នោតជាតិនៅកម្ពុជាកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បានស្ថិតក្នុងការតាមដានរបស់អ្នកស្រាវជ្រាវខាងហិរញ្ញវត្ថុដែលបានរកឃើញថាលទ្ធផលពីការបោះឆ្នោតនេះ បាននាំមកឲ្យកម្ពុជានូវហានិភ័យនៃការបាត់បង់ការទ្រទ្រង់ខាងហិរញ្ញវត្ថុពីអន្តជាតិ ជាពិសេសពីប្រទេសនៅបស្ចិមលោក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតផ្សាយជាភាសាអង់គ្លេស Financial Times ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
លទ្ធផលបឋមនៃការបោះឆ្នោតជាតិលើកទីប្រាំមួយនៅកម្ពុជា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទំនងជាអាចគ្រប់គ្រងបានទាំងស្រុងរដ្ឋសភាជាតិ ដែលនឹងធ្វើការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីមួយនាពេលខាងមុខនេះ។
កាសែត Financial Times ដែលធ្វើសេចក្តីរាយការណ៍ដោយផ្អែកលើការស្រាវជ្រាវរបស់ក្រុមហ៊ុនវាយតម្លៃស្ថានភាពទីផ្សារ និងសេចក្តីវិភាគខាងហិរញ្ញវត្ថុឈ្មោះថា Moody បានឲ្យដឹងថា ការបោះឆ្នោតលើកចុងក្រោយបំផុតរបស់កម្ពុជានេះ ត្រូវបានរិះគន់យ៉ាងចាស់ដៃពីរដ្ឋាភិបាលនានា និងអ្នកតស៊ូមតិខាងប្រជាធិបតេយ្យ ហើយក្រុមហ៊ុន Moody បានព្រមានថា ការណ៍នេះបានបង្កឲ្យមានហានិភ័យដែលអន្តរជាតិអាចដកការគំាទ្ររបស់ពួកគេខាងជំនួយខាងហិរញ្ញប្បទាន។
ក្រុមអ្នកស្រាវជា្រវរបស់ក្រុមហ៊ុន Moody ត្រូវបានដកស្រង់សំដីថា ប្រសិនបើម្ចាស់ជំនួយអន្តរជាតិទាំងនោះ បានដកការជួយជាជំនួយ ឬក៏ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការណ៍នេះនឹងបង្កការលំបាកនៃការផ្តល់ហិរញ្ញប្បទានសម្រាប់រដ្ឋាភិបាលកម្ពុជា និងតុល្យភាពនៃការចំណាយ និងធ្វើឲ្យមានការបារម្ភទៅលើកំណើនផលិតផលក្នុងស្រុក។ ពួកអ្នកវិភាគបានបញ្ជាក់ទៀតថា ការវិវត្តន៍បែបនេះ នឹងបង្កផលប៉ះពាល់ជាលក្ខណៈអវិជ្ជមានលើបំណុលប្រទេសកម្ពុជា។
ពួកអ្នកវិភាគនៃក្រុមហ៊ុន Moody ត្រូវបានស្រង់សំដីថា៖
«លំហូរនៃជំនួយ និងវិនិយោគទុនបរទេសដោយផ្ទាល់ បានជួយផ្តល់លុយដល់ឱនភាពធំធេងនៃគណនីបច្ចុប្បន្ន និងបានបង្កើននូវការផ្លាស់ប្តូរទុនបម្រុងបរទេស ដែលបានឡើងដល់ ១២,២៥ពាន់លានដុល្លារក្នុងខែមិថុនា ឆ្នាំ២០១៨ (ឬប្រមាណជា៥៥ភាគរយនៃ ផលិតផលក្នុងស្រុកសរុបឆ្នាំ២០១៧) ជាកម្រិតកំពូលដែលមិនធ្លាប់មានពីមុនមក»។
ពួកអ្នកវិភាគបាននិយាយបន្ថែមថា៖
«កំណើនខ្លាំងក្លានៅក្នុងការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែលស្មើនឹងប្រមាណ៧៣ភាគរយ នៃគ្រប់មុខទំនិញនាំចេញទាំងអស់ និងស្មើនឹង៣៦ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៦ ត្រូវបានជ្រែងទប់ដោយការអនុគ្រោះពន្ធទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប»។
ទោះជាមានការព្រមានយ៉ាងនេះក៏ដោយចុះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា ពលរដ្ឋកម្ពុជា បានបង្ហាញឆន្ទៈចួលរួមការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ហើយអ្វីដែលពលរដ្ឋកម្ពុជាបានសម្រេចគឺក្នុងនាមការពារអធិបតេយ្យភាពប្រទេសរបស់ខ្លួន។
«ការបោះឆ្នោតហ្នឹង ជាសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋខ្មែរ។ ការសម្រេចហ្នឹង ជាការសម្រេចរបស់ ដើម្បីផលប្រយោជន៍ខ្មែរ ដែលជាអធិបតីភាពរបស់ខ្លួន ក្នុងកិច្ចធានាជោគវាសនា ការសម្រេចចិត្តពីជោគវាសនារបស់ផងខ្លួន មិនមែនជាការបោះឆ្នោតបម្រើសហភាពអឺរ៉ុប បម្រើអាមេរិកាំង បម្រើយួន បម្រើចិននោះទេបាទ»។
ទាក់ទិននឹងផលវិបាកខាងហិរញ្ញវត្ថុ អ្នកនាំពាក្យរូបនេះ អះអាងថា រដ្ឋាភិបាលថ្មីនឹងធ្វើយ៉ាងណា មិនឲ្យប្រជាពលរដ្ឋខ្មែរក្លាយជាអ្នកបម្រើបរទេសនោះទេ។
«យើងត្រៀមលក្ខណៈគ្រប់បែបយ៉ាង ជារដ្ឋាភិបាលកើតចេញពីប្រជាពលរដ្ឋ។ យើងមិននាំជាតិយើងទៅធ្វើខ្ញុំអ្នកណាទេបាទ។ យើងរៀបចំត្រៀមលក្ខណៈរួចស្រេច»។
នៅពេល VOA សួរលោកថា តើកម្ពុជានឹងធ្វើយ៉ាងណាប្រសិនបើប្រទេសនៅលោកខាងលិចបន្ថយការជួយខាងហិរញ្ញវត្ថុនោះ លោកផៃ ស៊ីផាន អះអាងថា កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាប្រទេសដែលអាចរកចំណូលបានដោយខ្លួនឯង បានផ្តើមកសាងដៃគូខាងហិរញ្ញវត្ថុជាមួយប្លុកសេដ្ឋកិច្ចមួយ ដែលមានឈ្នោះថា BRICS។ ប្លុកសេដ្ឋកិច្ច BRICS រួមមានប្រទេសប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
លោកបន្ថែមថា ការមានទំនាក់ទំនងយ៉ាងដូច្នេះ បញ្ជាក់ថា កម្ពុជាមិនមែនរស់នៅតែឯងទេ ហើយកម្ពុជាបានបង្ហាញសេចក្តីក្លាហានរបស់ខ្លួនក្នុងពេលបោះឆ្នោតកន្លងទៅថ្មីៗនេះ។
«ដូច្នេះ អានេះជា ការអាទិភាពរបស់កម្ពុជា ក្នុងកិច្ចបង្ហាញភាពក្លាហាន មិនលក់ មិនលត់ជង្គង់ បោះបង់ចោលទឹកដីខ្លួនឯង[...]ពីរបស់ខ្លួនទេ ក្នុងកិច្ចការពារឆន្ទៈរបស់មហាជន តាមរយៈសំឡេងនៃការបោះឆ្នោត ការចេញមកបោះឆ្នោតរបស់មហាជនកម្ពុជាបាទ»។
ក៏ប៉ុន្តែ សេចក្តីរាយការណ៍របស់កាសែត Financial Times បានបញ្ជាក់ឲ្យដឹងតាមអ្នកស្រាវជ្រាវពីររូបរបស់ក្រុមហ៊ុន Moodyថាលទ្ធផលនៃការបោះឆ្នោតកម្ពុជា បានបង្កើនហានិភ័យជាច្រើនទៅលើការទ្រទ្រង់ហិរញ្ញវត្ថុរបស់បរទេសដែលបានបន្តមកដល់ពេលនេះ នៅពេលប្រទេសម្ចាស់ជំនួយទំាងឡាយរបស់កម្ពុជា រួមមានអូស្រា្តលី កាណាដា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្ហាញការបារម្ភអំពីភាពដែលអាចជឿទុកចិត្តបានរបស់ការបោះឆ្នោត។
សេចក្តីរាយការណ៍ដដែលបានបន្តថា លុយសុទ្ធដែលបានពីសហរដ្ឋអាមេរិក និងសមាជិកនិងស្ថាប័នសហភាពអឺរ៉ុប ហើយនិងប្រទេសអូស្រា្តលី ស្មើនឹងប្រមាណជា៤៣ភាគរយនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កម្ពុជា ឬប្រមាណជា៨ភាគរយនៃចំណូលរបស់រដ្ឋាភិបាលទាំងស្រុងក្នុងឆ្នាំ២០១៦។
នៅក្រោយការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងកាលពីថ្ងៃទី២៩ខែកក្កដា កន្លងទៅមានតែក្រុមមន្ត្រីរបស់ប្រទេសចិនកុម្មុយនីស្ត ដែលជាសម្ព័ន្ធមិត្តស្អិតរមួតរបស់កម្ពុជា និង វៀតណាម ត្រូវគេរាយការណ៍ថា បានអបអរដល់ ការបោះឆោ្នតនៅកម្ពុជា ថាធ្វើឡើងដោយជោគជ័យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះ ក៏បានប្រកាសពីការដឹកនាំប្រទេសបន្តក្នុងរយៈពេល ៥ឆ្នាំទៀត បន្ថែមទៅលើការគ្រប់គ្រងប្រទេសរបស់លោករយៈពេល ៣៣ឆ្នាំកន្លងមក។ យ៉ាងណាក្តី ប្រទេសប្រជាធិបតេយ្យធំៗ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសំដែងការខកចិត្ត និងរិះគន់ចំពោះការបោះឆ្នោតដែលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជារំលាយចោលកាលពីឆ្នាំមុន៕