សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចាត់ទុកការបោះឆ្នោតរបស់កម្ពុជាកាលពីចុងខែកក្កដា គឺជាការបោះឆ្នោតក្លែងក្លាយ ដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋទេ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀត ដូចដែលបានចាត់ការម្តងហើយកាលពីចុងឆ្នាំ២០១៧ គឺទណ្ឌកម្មទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងក្រុមគ្រួសារ។
ដោយឡែកសហគមន៍អឺរ៉ុបនៅមិនទាន់សម្រេចចេញជាវិធានការទណ្ឌកម្មអ្វីជាក់លាក់នៅឡើយ។ ប៉ុន្តែអ្វីដែលអ្នកតាមដានចង់ដឹង គឺឋានៈពន្ធអនុគ្រោះ «រាល់មុខទំនិញលើកលែងតែអាវុធ» (EBA) ដែលកម្ពុជាទទួលបានពីសហគមន៍អឺរ៉ុប ហើយកំពុងស្ថិតក្រោមការពិនិត្យមើល។
ក្នុងពេលដែលមានការព្រួយបារម្ភទូទៅថា ទណ្ឌកម្មពីសហគមន៍អន្តរជាតិអាចប៉ះពាល់ដល់ពលរដ្ឋក្រីក្រកម្ពុជា ដែលរស់នៅពឹងអាស្រ័យលើការងាររោងចក្រដែលចិញ្ចឹមជីវិតប្រចាំខែ អ្នកឯកទេសខាងផ្នែកសិទ្ធិមនុស្ស មើលឃើញថា ការដាក់ទណ្ឌកម្មលើបុគ្គលម្នាក់ៗ ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់នឹងមានប្រសិទ្ធភាពចំពោះថ្នាក់ដឹកនាំកម្ពុជា ហើយនេះជាអ្វីដែលពួកគេកំពុងតែជំរុញសហគមន៍អន្តរជាតិឱ្យអនុវត្ត។
លោកប្រែដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានបញ្ជាក់ប្រាប់ដល់សកម្មជនសិទ្ធិមនុស្សនៃសហគមន៍ខ្មែរ-អាមេរិកាំងក្នុងមហាសន្និបាតមួយនៅរដ្ឋមិនីសូតា កាលពីសប្តាហ៍មុនថា៖
«យើងកំពុងតែធ្វើកិច្ចការពាក់ព័ន្ធនឹងការហាមឃាត់ការធ្វើដំណើរ និងផ្អឹបទុកទ្រព្យសម្បត្តិរបស់ឧត្តមសេនីយ៍ទុច្ចរិតទាំង១២នាក់ និងលោកហ៊ុន សែន និងមនុស្សរាប់សិបនាក់ទៀត ដែលមានប្រវត្តិរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយដូចគ្នា។ គោលដៅរបស់យើងគឺធ្វើឱ្យរបបនេះនៅឯការ ដើម្បីពួកគេទទួលការឈឺចាប់ពីអ្វីដែលពួកគេទើបបានប្រព្រឹត្ត»។
ប្រទេសកម្ពុជាពឹងពាក់យ៉ាងខ្លាំងលើទីផ្សារនាំផលិតផលចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលការនាំចេញក្នុងមួយឆ្នាំៗ មានទំហំជាង៨ពាន់លានដុល្លារ។ នេះបើតាមតួលេខក្នុងឆ្នាំ២០១៧។ ទីផ្សារដ៏ធំជាងគេរបស់កម្ពុជា គឺសហគមន៍អឺរ៉ុបដែលទទួលទិញទំនិញឧស្សាហកម្មកម្ពុជាចំនួន៤,៨ពាន់លានដុល្លារ និងកសិកម្មចំនួន១៨១លានដុល្លារ។ នៅសហរដ្ឋអាមេរិកទទួលទិញទំនិញកម្ពុជា មានចំនួនជាង៣ពាន់លានដុល្លារ។
ភាពស្របច្បាប់នៃរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ស្ថិតនៅជាសំណួរផងដែរ នៅក្នុងក្រសែភ្នែកអន្តរជាតិ បើទោះបីជាមន្ត្រីកម្ពុជានិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ទុកថា ការបោះឆ្នោតនេះមិនមែនដើម្បីបំពេញចិត្តបរទេសណាទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្គើនទៅឱ្យសហគមន៍អន្តរជាតិថា លោកមានគម្រោងនឹងទៅថ្លែងការណ៍នៅទីក្រុងញូវយ៉ក នាមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា បើសិនជាបង្កើតរដ្ឋាភិបាលទាន់ពេល ដើម្បីបង្ហាញថា រដ្ឋាភិបាលរបស់លោកមិនត្រូវការការទទួលស្គាល់ពីអន្តរជាតិទេ។ លោកបានកំណត់ឱ្យបង្កើតរដ្ឋាភិបាលនៅថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ។
«ដើម្បីពេលហ្នឹង ខ្ញុំនឹងទៅអង្គការសហប្រជាជាតិ។ ខ្ញុំមានឱកាសទៅអង្គការសហប្រជាជាតិទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិឱ្យអ្នកឯងមើល ដើម្បីឱ្យដឹងថារដ្ឋអធិបតេយ្យមួយដែលធ្វើការបោះឆ្នោតរបស់ខ្លួន តើមានតម្រូវការប្រថាប់ត្រាពីអ្នកណាក្រៅពីព្រះមហាក្សត្ររបស់ខ្លួន?»
លោកហ៊ុន សែន ក៏បានលាតត្រដាងពីគម្រោងទៅជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំសហគមន៍អឺរ៉ុប នៅខែតុលាផងដែរ ហើយបានផ្គើនដល់ពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុប ដែលគំាំទ្រគណបក្សសង្គ្រោះជាតិឱ្យរង់ចាំធ្វើបាតុកម្មប្រឆាំងនឹងលោកផង។
«ប្រាប់ផែនការទុកឱ្យហើយដើម្បីឱ្យដឹងការធ្វើដំណើរទៅអឺរ៉ុប ហើយប្រមូលគ្នាមក។ ឥឡូវហ្នឹងមានប្រទេសមួយចំនួនដែលជាម្ចាស់ប្រទេសគេ បានធុញទ្រាន់ជាមួយនឹងខ្មែរធ្វើបាតុកម្មនៅស្រុកគេ ហើយអីចឹងសូមបន្តធ្វើបាតុកម្មទៅ»។
រដ្ឋសភាសហរដ្ឋអាមេរិកបានចាត់ទុកថា ដំណើរការបោះឆ្នោតនៅកម្ពុជាមិនស្របច្បាប់ទេ ហើយក្នុងរយៈពេលតែបីថ្ងៃមុនថ្ងៃបោះឆ្នោត រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬសេចក្តីព្រាងច្បាប់លេខ៥៧៥៤ ដើម្បីបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ទិដ្ឋាការមន្ត្រីមួយចំនួនដែលបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងចំណោមនោះ មានលោកហ៊ុន សែន កូនប្រុសស្រីខ្លះរបស់លោក និងមន្ត្រីជិតស្និទ្ធមួយចំនួន ដែលមានដូចជាលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកប្រចាំរដ្ឋកាលីហ្វញ៉ាបានប្រាប់ វីអូអេ តាមសារអេឡិកត្រូនិកថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គ្មានភាពស្របច្បាប់ដែលអាចនឹងនិយាយជាមួយនឹងរដ្ឋបរទេសបានទេ។
លោកបានបន្ថែមថា៖
«ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃអាទិត្យ គឺជាការបោះឆ្នោតក្លែងក្លាយ។ វាមិនមែនជាការសម្រេចដោយឆន្ទៈរបស់ពលរដ្ឋទេ។ វាត្រូវបានសម្រេចដោយលោក ហ៊ុន សែន ក្នុងខែវិច្ឆិកា នៅពេលដែលលោកបានហាមឃាត់គណបក្សប្រឆាំងដ៏ពិតប្រាកដតែមួយគត់ ដើម្បីធានាការក្តោបក្តាប់អំណាចរបស់លោក»។
លោក ឡូវឹនសល ដែលជាអ្នកបានគាំទ្រសេចក្តីព្រាងច្បាប់លេខ៥៧៥៤ បានព្រមានថា នឹងមានផលវិបាកដែលសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដាក់លើប្រទេសកម្ពុជា។ លោកបានបន្ថែមថា៖
«គេបានសន្យានឹងពលរដ្ឋកម្ពុជាថា នឹងរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវប៉ុន្តែជំនួសមកវិញ ពួកគេបែរជាទទួលបានការឆាកសម្តែងមួយ ដែលរៀបចំឡើងដោយជនផ្តាច់ការម្នាក់។ របបរបស់គាត់មិនអាចអះអាងពីភាពស្របច្បាប់អ្វីទាំងអស់ចំពោះការបំផ្លាញចោលឆន្ទៈរបស់ពលរដ្ឋទេ»។
សម្រាប់សហរដ្ឋអាមេរិក ក្រៅពីសេចក្តីព្រាងច្បាប់លេខ៥៧៥៤ គឺនៅមានសេចក្តីព្រាងច្បាប់លេខ២៤១២ ដែលបានស្នើឡើងដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួនប្រាំរូប កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
សេចក្តីព្រាង«ច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជា និងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញឆ្នាំ២០១៨» ហៅកាត់ថា CARI Act ឬសេចក្តីព្រាងច្បាប់លេខ២៤១២ របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក មានគោលដៅដាក់ទណ្ឌកម្មជនទាំងឡាយណាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយការបង្កកទ្រព្យសម្បត្តិ ហាមឃាត់ទិដ្ឋាការ និងដាក់លក្ខខណ្ឌលើជំនួយទៅកម្ពុជា ជំទាស់រាល់ការផ្តល់កម្ចីពីស្ថាប័នអន្តរជាតិ ហាមឃាត់ការបង្វែរប្រាក់បំណុលដែលកម្ពុជាជំពាក់សម្រាប់បង្កើតកម្មវិធីជំនួយសង្គ្រោះ និងបង្កើនការផ្សាយឱ្យពលរដ្ឋកម្ពុជាបានដឹងពីការចូលពាក់ព័ន្ធរបស់ប្រទេសចិន ក្នុងរបបវាលពិឃាតខ្មែរក្រហមជាដើម។ សេចក្តីព្រាងច្បាប់នេះស្ថិតនៅក្នុងគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅឡើយ។
សម្រាប់សហគមន៍ខ្មែរកិច្ចការបន្ទាន់ ដែលពួកគេកំពុងធ្វើគឺការជំរុញសេចក្តីព្រាងច្បាប់លេខ៥៧៥៤ ទៅដល់ព្រឹទ្ធសភាសម្រេចឱ្យបានចេញជាច្បាប់ ក៏ដូចជាជំរុញសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាលេខ២៤១២ ផងដែរ។
លោក ខេន គីវ ដែលរស់នៅរដ្ឋម៉ារីឡែន បានគៀងគរសកម្មជនខ្មែរដទៃ និងជនជាតិអាមេរិកាំងដទៃទៀតឱ្យចូលរួម។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«ដូច្នេះយើងមានតំណាងទាំង៥០រដ្ឋ គឺថាជំរុញសរសេរសំបុត្រហើយគឺ ឱ្យបងប្អូនយើងយកសំបុត្រហ្នឹងទៅតំណាងសង្គ្រោះជាតិនៅគ្រប់រដ្ឋទាំងអស់។ គឺយកសំបុត្រដាក់ម្តុំ ហើយយកទៅឱ្យសមាជិកព្រឹទ្ធសភាផ្ទាល់ និងជួបគេផ្ទាល់តែម្តង ដើម្បីឱ្យគេយល់គេដឹងថា ទុក្ខវេទនារបស់ខ្មែរយ៉ាងណា ហើយយើងយល់ថា ការបោះឆ្នោតនេះមិនបានត្រឹមត្រូវ ហើយនឹងចង់បានកិច្ចព្រមព្រៀងប៉ារីសត្រឡប់មកវិញ»។
លោកម៉ែន វណ្ណៈ អ្នកនាំពាក្យសាខាគណបក្សសង្គ្រោះជាតិអាមេរិកាំងប្រចាំនៅរដ្ឋម៉ាស្សាឈូសិត បានបញ្ជាក់ដែរថា៖
«យើងនឹងបន្តជំរុញឱ្យសម្រេចច្បាប់ហ្នឹង ឱ្យបានលឿនអីចឹង ហើយបានជាយើងនឹងត្រៀមធ្វើបាតុកម្មក្រោយការបោះឆ្នោតទៀត ហើយមុនការបង្កើតរដ្ឋាភិបាលដែលនឹងធ្វើទៅ៦០ថ្ងៃ ក្រោយការបោះឆ្នោតគឺយើងទាមទារច្បាប់៥៧៥៤ ឱ្យបានចេញជាច្បាប់សម្រាប់នៅសហរដ្ឋអាមេរិកនេះ»។
ការខិតខំប្រឹងប្រែងរបស់ពួកគេទទួលបានការលើកទឹកចិត្តពីសកម្មជនសិទ្ធិមនុស្សអន្តរជាតិ។
លោកប្រែដ អាដាម បានគូសបញ្ជាក់ពីសារៈសំខាន់របស់សហគមន៍ខ្មែរអាមេរិកាំងក្នុងការជំរុញឱ្យសហគមន៍អន្តរជាតិងាកមកចាប់អារម្មណ៍នឹងបញ្ហាកម្ពុជា៖
«មានគ្រោះថ្នាក់ធំណាស់សម្រាប់លោកហ៊ុន សែន។ ខ្ញុំគិតថា គាត់គិតគូខុសហើយ។ គាត់មិនយល់ទេ។ គាត់ប្រហែលជាគិតថា នៅទីបំផុតមានតែចិនមួយគឺគ្រប់គ្រាន់។ ប៉ុន្តែខ្ញុំគិតថា គាត់ខុសហើយ។ ពួកយើងទាំងអស់គ្នាមានតួនាទីក្នុងការធានាថារាល់ប្រទេសដែលបានប្រកាន់ជំហរទន់ភ្លន់ចំពោះកម្ពុជា យល់ឱ្យបានច្បាស់ពីអ្វីដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជា ហើយធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងកម្ពុជាក្នុងពេលអនាគត។ យើងមិនត្រូវឱ្យលោក ហ៊ុនសែន មកធ្វើទស្សនកិច្ចនៅប្រទេសប្រជាធិបតេយ្យទៀតទេ។ នេះគឺជាគោលដៅការងាររបស់ខ្ញុំ»។
លោកប្រែដ អាដាម បានបញ្ជាក់ថា ពលរដ្ឋខ្មែរ-អាមេរិកាំង អាចចូលរួមទាមទារឱ្យក្រសួងការបរទេស និងក្រសួងរតនាគារសហរដ្ឋអាមេរិក ចាត់វិធានការមួយចំនួនបានដោយការសរសេរលិខិតដោយផ្ទាល់ទៅក្រសួងទាំងនេះ។
យន្តការដែលសហរដ្ឋអាមេរិកអាចប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្ម គឺនៅមានច្បាប់ម៉ាណិតស្គី ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្មលើជនណាដែលបានរំលោភលើសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយ។ រហូតមកដល់ពេលនេះ ច្បាប់នេះបានប្រើប្រាស់ដាក់ទណ្ឌកម្មលើលោកហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់លោកហ៊ុន សែន។
គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ និងត្រូវផាត់ចេញពីឆាកនយោបាយ ដោយមិនឱ្យចូលរួមការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដានោះ បានអះអាងថា វិធានការដាក់ទណ្ឌកម្មមិនមែនជាការចង់បានរបស់ខ្លួនឡើយ គឺវាជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ ដែលបានវិនិយោគលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាំងពីឆ្នាំ១៩៩១មក។
លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានដាក់កំហុសទៅលើទង្វើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ ដែលនឹងធ្វើឱ្យទណ្ឌកម្មនេះចេញជារូបរាងឡើង។
លោកស្រីបានបន្ថែមថា៖
«នៅក្នុងការដាក់សម្ពាធរហូតដល់សេដ្ឋកិច្ច ភាពឯការនៃកម្ពុជា យើងការអត់ឃ្លាននៅក្នុងការរកទទួលទាននៅក្នុងការបាត់ការងារនេះ មិនមែនជារឿងដែលបង្កើតឡើងដោយគណបក្សសង្គ្រោះជាតិទេ។ កុំយល់ច្រឡំឱ្យសោះ ពីព្រោះគេមិនបានព្រមានទៅគណបក្សសង្គ្រោះជាតិឯណា? គេបានព្រមានទៅលោកហ៊ុន សែន ថាកុំឱ្យគេដាក់ទណ្ឌកម្ម។ គេមិនចង់ដាក់ទណ្ឌកម្មទេ»។
លោកស្រីបានបន្ថែមថា ការមានៈរៀបចំការបោះឆ្នោតដោយគ្មានអតីតគណបក្សប្រឆាំង និងការសម្រេចយកអាសនៈសភាជាតិទាំង១២៥ ដោយគណបក្សប្រជាជនកម្ពុជា គឺជាចំណុចចុងក្រោយដែលធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញកាន់តែច្បាស់ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕