ចាប់ពីដ្រូនក្រោមទឹករហូតដល់គ្រឿងឧបករណ៍សង្គ្រាមអេឡិចត្រូនិក សហរដ្ឋអាមេរិក កំពុងពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ជាមួយប្រទេសអូស្ត្រាលីនិងចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទូលំទូលាយរបស់ខ្លួន ក្នុងការទប់ទល់នឹងឥទ្ធិពល ដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័សរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានជួបជាមួយប្រមុខការពារជាតិនៃប្រទេសអូស្ត្រាលីនិងចក្រភពអង់គ្លេស នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាការពារជាតិនៃកងយោធាសហរដ្ឋអាមេរិកក្នុងតំបន់ Silicon Valley នៃរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះ ដើម្បីចុះកិច្ចព្រមព្រៀងថ្មីមួយ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការចែករំលែកព័ត៌មាន។
យោងទៅលើសេចក្តីថ្លែងការណ៍រួមគ្នាមួយ គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងនូវការប្រឈមនានានៃសន្តិសុខសាកល ដោយធានាថាប្រទេសនីមួយៗអាចការពារប្រឆាំងទប់ទប់នឹងការគំរាមកំហែងកាន់តែវិវត្តកើនឡើងយ៉ាងឆាប់រហ័ស ក៏ដូចជា«ការរួមចំណែកដល់ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងឆ្ងាយហួសពីនឹងផងដែរ»។
លោក Austin បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles និងរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps នៅទីស្នាក់ការអង្គភាពនវានុវត្តន៍ការពារជាតិអាមេរិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្រោយជំនួបប្រជុំនោះ រដ្ឋមន្ត្រីការពារអាមេរិក លោក Austin និយាយថា កិច្ចប្រឹងប្រែងនោះជាឧទាហរណ៍ នឹងបង្កើនភាពទំនើបដ៏ឆាប់រហ័សនៃប្រព័ន្ធដ្រូន នឹងជាការបង្ហាញថា «យើងកាន់តែខ្លាំងឡើងពេលធ្វើការរួមគ្នា»។
កិច្ចព្រមព្រៀងបច្ចេកវិទ្យាថ្មីនេះ ជាជំហានបន្ទាប់មួយទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែធំថែមទៀត ជាមួយប្រទេសអូស្ត្រាលី ដែលត្រូវបានប្រកាសកាលពីដំបូងក្នុងឆ្នាំ២០២១។
ប្រទេសទាំង៣បានដាក់ចេញផែនការមួយចំនួន ដែលគេស្គាល់ថាជាសម្ព័ន្ធភាព AUKUS ដើម្បីជួយដល់ប្រទេសអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរចំនួន៨គ្រឿង។ សម្ព័ន្ធភាព AUKUS ជាពាក្យអក្សរកាត់ ដែលក្លាយមកពីពាក្យប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។
នៅក្រោមកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹងទិញនាវាមុជទឹកសហរដ្ឋអាមេរិកប្រភេទ Virginia-class ចំនួន៣គ្រឿង ហើយ៣គ្រឿងទៀតនឹងត្រូវផលិតឡើងថ្មីជាប្រភេទនាវាមុជទឹក AUKUS-class ដោយមានកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស។ នាវាមុជទឹកទាំងនេះដែលដើរដោយបច្ចេកវិទ្យានុយក្លេអ៊ែរអាមេរិក នឹងមិនបំពាក់អាវុធនុយក្លេអ៊ែរឡើយ ហើយនឹងត្រូវសាងសង់នៅក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលី ដោយនាវាទី១នឹងត្រូវបញ្ចប់ការសាងសង់ក្នុងអំឡុងឆ្នាំ២០៤០៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ