លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence នឹងធ្វើដំណើរបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅថ្ងៃអាទិត្យនេះទៅកាន់តំបន់អាមេរិកឡា ទីនដើម្បីជួបជាមួយពួកមេដឹកនាំប្រទេសកូឡុំប៊ី អាហ្សង់ទីន ឈីលីនិងប្រទេសប៉ាណាម៉ា។
លោកអនុប្រធានាធិបតី Pence បានក្លាយជាឯកអគ្គរដ្ឋទូតគោរចរណ៍ដ៏មានប្រសិទ្ធិភាពសម្រាប់សហរដ្ឋអាមេរិកនៅពេលដែលរដ្ឋបាលរបស់លោកត្រាំមិនបានបំពេញដំណែងការទូតកំពូលៗជាច្រើន។ ចាប់តាំងពីខែមេសា លោកអនុប្រធានាធិបតី Pence បានអញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូនេស៊ីនិងប្រទេសអូស្រ្តាលីដើម្បីចូលរួមជំនួបស្តីពីសន្តិសុខនៅក្នុងទីក្រុង Munichនិងទីក្រុង Brussels ហើយបានធ្វើដំណើរទៅកាន់ប្រទេសអេស្តូនី ហ្សកហ្ស៊ីនិងប្រទេសម៉ុងតេណេហ្គ្រោ។
ដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាមេរិកឡាទីនកើតមានឡើងនៅពេលដែលពួកមេដឹកនាំតំបន់អាមេរិកខាងត្បូងនិងអាមេរិកកណ្តាលមានភាពមិនទុកចិត្តពីគោលនយោបាយសហរដ្ឋអាមេរិក បន្ទាប់ពីសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីត្រាំអំពីការមិនបដិសេធពីការប្រើកម្លាំងយោធាសម្រាប់វិបត្តិនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
ការឈប់សំចតលើកដំបូងរបស់លោកគឺនៅប្រទេសកូឡុំប៊ីដែលនៅទីនោះលោកអនុប្រធានាធិបតី Pence នឹងជួបជាមួយលោក Juan Manuel Santos ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី។
ក្រសួងការបរទេសនៃប្រទេសកូឡុំប៊ីបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗបន្ទាប់ពីការព្រមានពីការប្រើកម្លាំងយោធារបស់ប្រធានាធិបតីត្រាំ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនោះបានប្រាប់ឲ្យដឹងថា ខ្លួនថ្កោលទោសវិធានការយោធាហើយនឹងការប្រើកម្លាំងណាមួយហើយការខំប្រឹងប្រែងបែបនោះដើម្បីដោះស្រាយការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាត្រូវតែធ្វើឡើងដោយសន្តិវិធីនិងគោរពអធិបតេយ្យភាពរបស់ប្រទេសនោះ៕