ដោយនិយាយថាគាត់ «លុបចោលកិច្ចព្រមព្រៀងគ្មានតុល្យភាពរបស់រដ្ឋបាលមុនជាមួយប្រទេស Cuba» ប្រធានាធិបតី Donald Trumpបានចាប់ផ្តើមលុបចោលផ្នែកខ្លះនៃការបើកចំហជាប្រវត្តិសាស្ត្ររបស់អ្នកកាន់តំណែងមុនលោកទោកាន់ប្រទេសជាតិជាកោះនេះ។ វិធានការថ្មីៗមានរួមបញ្ចូលការរឹតបន្តឹងការរឹតត្បិតលើការធ្វើដំណើររបស់អ្នកទេសចរណ៍និងការហាមប្រាមមិនឱ្យមានការទាក់ទងខាងហិរញ្ញវត្ថុជាមួយអង្គភាពមានចំណងទាក់ទងជាមួយក្រុមយោធានិងសេវាកម្មស៊ើបការសម្ងាត់ Cuba។ គេស្ទង់ប្រមាណថាអង្គភាព GAESA របស់ក្រុមយោធា Cuba ត្រួតត្រាចំនួនជាងពាក់កណ្តាលសេដ្ឋកិច្ចនៃប្រទេសនេះ។
នៅក្នុងសុន្ទរកថាមួយនៅក្នុងសង្កាត់ Little Havana នៃក្រុង Miami ក្នុងរដ្ឋ Florida ដោយមានលោកអនុប្រធានាធិបតី Mike Pence លោក Marco Rubioសមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Florida និងអ្នកនយោបាយនាំមុខឯទៀតៗមានដើមកំណើត Cuba ឈរនៅជិតគាត់ Trump បាននិយាយថាគាត់ចាត់វិធានការជាជំហានៗឆ្ពោះទៅកាន់ការបំពេញតាមការសន្យាមួយនៅពេលឃោសនាបោះឆ្នោតដែលបានជួយគាត់ឱ្យឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកានៅក្នុងរដ្ឋ Florida ដែលមានការប្រទាញប្រទង់ខ្លាំង ដែលនៅទីនោះការបោះឆ្នោតរបស់ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើត Cuba មានសារៈសំខាន់ណាស់ក្នុងការជំរុញលោកឱ្យបានកាន់តំណែងកំពូលរបស់ប្រទេសជាតិ។
Trump បាននិយាយប្រាប់ក្រុមមនុស្សអបអរសាទរអង្គុយពេញនៅខាងក្នុងអាគារ Manuel Artime Theater ថា «ប្រទេសអាមេរិកបានច្រានចោលអ្នកសង្កត់សង្កិនប្រជារាស្ត្រ Cuba។ខ្ ញុំមានជំនឿថាទីបញ្ចប់នឹងមានក្នុងពេលអនាគតឆាប់ៗនេះ។» អាគារនេះបានដាក់ឈ្មោះតាមឈ្មោះមេដឹកនាំម្នាក់នៃការលុកលុយគ្មានជោគជ័យនៅឯឆកសមុទ្រ Bay of Pigs នៃប្រទេស Cuba៕