អនុប្រធានាធិបតីអាមេរិក លោក Mike Pence កំពុងតែស្ថិតនៅក្នុងអេស្តូនី ដើម្បីចូលរួមក្នុងជំនួបស្តីពីការគាំទ្រខាងយោធា ដោយចាប់ផ្តើមពីដំណើរទស្សនកិច្ចនៅក្នុងប្រទេស៣នៅតំបន់បាល់ទិកដែលជាសមាជិកអង្គការអូតង់។
ទស្សនកិច្ចនេះត្រូវបានធ្វើឡើងខណៈដែលមានសំណើពីប្រទេសអេស្តូនី ឡេតូនី និងលីទុយអានី ដើម្បីមានការគាំទ្រយោធាពីអាមេរិកនៅក្នុងការប្រឈមនឹងការពង្រីកដែនដីរបស់រុស្ស៊ី។
លោក Pence បានថ្លែងកាលពីថ្ងៃអាទិត្យថា៖ «ចំពោះសម្ព័ន្ធមិត្តរបស់យើងនៅទីនេះក្នុងអឺរ៉ុបខាងកើត យើងនៅជាមួយអ្នកទាំងអស់គ្នា យើងឈរជាមួយអ្នកតាំងនាមឲ្យសេរីភាព ហើយវាជាកិត្តិយសដ៏អស្ចារ្យសម្រាប់ខ្ញុំដែលបានមកទីនេះ»។
បណ្តាប្រទេសនៅតំបន់បាល់ទិកបានសម្តែងការព្រួយបារម្ភចំពោះប្រទេសរុស្ស៊ី ចាប់តាំងពីរុស្ស៊ីយកតំបន់ Crimea នៃប្រទេសអ៊ុយក្រែនធ្វើជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤ មក។
លោក Pence បានមានប្រសាសន៍ទៀតថា៖ «លោកប្រធានាធិបតីបាននិយាយយ៉ាងច្បាស់ថា សកម្មភាពធ្វើឲ្យអស្ថិរភាពរបស់រុស្ស៊ី ការគាំទ្ររបស់រុស្ស៊ីចំពោះអំពើទុច្ចរិត និងសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនអាចទទួលយកបាននោះទេ។ ហើយលោកប្រធានាធិបតីក៏បានលើកឡើងយ៉ាងច្បាស់ថា ក្នុងពេលឆាប់ៗនេះ លោកនឹងចុះហត្ថលេខាទៅលើទណ្ឌកម្មមកពីរដ្ឋសភាអាមេរិកដើម្បីបន្ថែមការគាំទ្រទៅលើការដាក់ទណ្ឌកម្មនេះ»។
លោកក៏បានបន្ថែមថា សហរដ្ឋអាមេរិកសង្ឃឹមថា រដ្ឋាភិបាលរុស្ស៊ីនឹងផ្លាស់ប្ដូរអត្តចរិតរបស់ខ្លួន៕