ប្រាំមួយខែបន្ទាប់ពីចូលកាន់តំណែងជាប្រមុខផ្នែកការទូតអាមេរិក រដ្ឋមន្រ្តីការបរទេសលោក Rex Tillerson បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានពីទស្សនៈរបស់លោកលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោក ក្នុងនោះរួមមានប្រទេសរុស្ស៊ី ដែលជាប្រធានបទពិភាក្សាដ៏ធំមួយនៅក្នុងស្រុកផងដែរ។
លោករដ្ឋមន្រ្តី Tillerson បាននិយាយថា លោកបានព្រមានរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ម្តងហើយម្តងទៀតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងតែអាក្រក់នាពេលឥឡូវនេះ ប៉ុន្តែអាចនឹងកាន់តែអាក្រក់ជាងនេះទៅទៀត ហើយការណ៍នេះទើបហ្នឹងកើតឡើងរួចទៅហើយ។ តាមទស្សនៈរបស់លោករដ្ឋមន្រ្តី Tillerson ការដាក់ទណ្ឌកម្មថ្មីៗទៅលើរុស្ស៊ី ដែលសភាអាមេរិកបានកំណត់ឡើងកាលពីសប្តាហ៍មុន គឺមានលក្ខណៈ «មិនជួយជ្រោមជ្រែង» សោះឡើយ។ លោកបានមានប្រសាសន៍ថា៖
«ឥឡូវនេះ ចំណាត់ការរបស់សភាក្នុងការកំណត់ទណ្ឌកម្មទាំងនោះឡើង ហើយតាមរបៀបដែលពួកគេបានធ្វើនោះ គឺទាំងរូបខ្ញុំ និងលោកប្រធានាធិបតីមិនសប្បាយចិត្តអំពីរឿងនេះនោះទេ។ យើងបានបញ្ជាក់ច្បាស់ហើយថា យើងមិនបានគិតថា ការដាក់ទណ្ឌកម្មនោះនឹងជួយដល់កិច្ចប្រឹងប្រែងរបស់យើងទេ ប៉ុន្តែនោះគឺជាសេចក្តីសម្រេចរបស់ពួកគេទៅហើយ។ ពួកគេបានធ្វើសេចក្តីសម្រេចទាំងតក់ក្រហល់។ ខ្ញុំគិតថា លោកប្រធានាធិបតីទទួលស្គាល់ការណ៍នេះ ហើយមានតម្រុយនានាថា លោកប្រធានាធិបតីនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ។ បន្ទាប់មក យើងនឹងអនុវត្តតាម»។
ដោយស្វះស្វែងដើម្បីធ្វើការធានាដល់បណ្តាប្រទេសជិតខាងរុស្ស៊ី អនុប្រធានាធិបតីលោក Mike Pence បានធ្វើការលើកឡើង ដោយឡែកមួយ កាលពីថ្ងៃអង្គារកន្លងទៅ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសហ្សកហ្ស៊ី ដែលធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត។ លោកបានថ្លែងថា៖
«ហើយក្នុងការបញ្ជាក់បន្ថែមពីការប្តេជ្ញារបស់យើងនាពេលឆាប់ៗនេះ លោកប្រធានាធិបតីត្រាំនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ដើម្បីពង្រឹង និងរបៀបចំប្រព័ន្ធដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកទៅលើរុស្ស៊ី។ សហរដ្ឋអាមេរិកចង់បានទំនាក់ទំនងលក្ខណៈស្ថាបនាមួយជាមួយនឹងរុស្ស៊ី ដោយផ្អែកលើកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងផលប្រយោជន៍រួម។ ប៉ុន្តែលោកប្រធានាធិបតីនិងសភា មានសារដូចគ្នាទៅកាន់រុស្ស៊ី។ ទំនាក់ទំនងប្រសើរជាងមុន ដែលរួមមានការលុបចោលការដាក់ទណ្ឌកម្មផ្សេងៗ នឹងតម្រូវឲ្យរុស្ស៊ីកែប្រែសកម្មភាព ដែលបង្កឲ្យមានការដាក់ទណ្ឌកម្មមកលើខ្លួនតាំងពីដើមឡើយ ជាមុនសិន»។
អ្នកជំនាញផ្នែកនយោបាយការបរទេសដទៃទៀត ដូចជា ឯកអគ្គរដ្ឋទូតក្រុមប្រឹក្សាអាត្លង់តិច (Atlantic Council) លោក John Herbst ដែលបាននិយាយជាមួយ VOA តាមប្រព័ន្ធ Skype ក៏បានស្វាគមន៍ការដាក់ទណ្ឌកម្មលើរុស្ស៊ី អនុម័តឡើងដោយសភាអាមេរិកផងដែរ។ លោកបានអំពាវនាវឲ្យលោកប្រធានាធិបតីចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ ដោយសារតែសេចក្តីព្រាងច្បាប់នោះនឹងផ្តល់ប្រយោជន៍ដល់ប្រទេសអ៊ុយក្រែន ហ្សកហ្ស៊ី និងបណ្តាប្រទេសដទៃទៀត ដែលមានអារម្មណ៍ថា ខ្លួនកំពុងរងការគំរាមកំហែង។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖
«ខ្ញុំជឿថា ចំណាត់ការផ្សេងៗ ដែលសភាបានធ្វើ គឺមានលក្ខណៈវិជ្ជមានសម្រាប់គោលនយោបាយរបស់យើងទៅលើប្រទេសអ៊ុយក្រែន ពីព្រោះ វាច្បាស់ណាស់ថា ការខាតបង់ដែលរដ្ឋាភិបាលក្រឹមឡាំងអាចប្រឈមមុខ កំពុងមានកាន់តែខ្លាំង ដោយសារភាពគឃ្លើនរបស់ខ្លួន។ ហើយប្រសិនបើផលវិបាកនៃភាពគឃ្លើននោះអាចធ្វើឲ្យរុស្ស៊ីខាតបង់ខ្លាំង រដ្ឋាភិបាលក្រុងមូស្គូនឹងត្រូវកែប្រែគោលនយោបាយរបស់ខ្លួនក្នុងក្រុង Donbass [នៅអ៊ុយក្រែន និងជាកន្លែងប្រមូលផ្តុំមួយសម្រាប់សកម្មជនគាំទ្ររដ្ឋាភិបាលក្រុងមូស្គូ]។ ហើយប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូធ្វើដូច្នេះមែន នោះប្រហែលនឹងមានផលវិជ្ជមាននៅក្នុងរយៈពេលមធ្យម និងរយៈពេលវែង ទៅលើគោលនយោបាយរបស់រុស្ស៊ីទៅលើប្រទេសហ្សកហ្ស៊ី»។
នៅវិមានសភា Capitol Hill សមាជិកសភាអាមេរិកពីគណបក្សធំៗទាំងពីរបានអំពាវនាវឲ្យលោកប្រធានាធិបតីត្រាំចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម ដោយមិនបង្អង់យូរ បន្ទាប់ពីសេចក្តីព្រាងច្បាប់នោះបានមកដល់តុការងាររបស់លោកប្រធានាធិបតីកាលពីសប្តាហ៍មុន៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា