នៅក្នុងសុន្ទរកថាមួយកាលពីពេលថ្មីៗនេះស្តីពីពាណិជ្ជកម្ម លោក Pence បាននិយាយថា ក្រុមហ៊ុន Nike និងសម្ព័ន្ធបាល់បោះអាមេរិកាំង NBA មិនអើពើនឹងការរំលោភបំពានរបស់គណបក្សកុំម្មុយនិស្តចិននោះទេ។
ក្រុមហ៊ុន Nike ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលល្បីឈ្មោះខាងសម្ភារៈកីឡា។ ក្រុមហ៊ុននេះមិនមានរោងចក្រផលិតផ្ទាល់ខ្លួននោះទេ ប៉ុន្តែផលិតសម្លៀកបំពាក់និងស្បែកជើងចំនួន១/៤របស់ខ្លួននៅក្នុងប្រទេសចិន។ ការលក់របស់ក្រុមហ៊ុន Nike បានកើនឡើង៧% នៅក្នុងត្រីមាសទី៣នៅក្នុងឆ្នាំនេះ ដោយសារតែការលក់កើនឡើងនៅក្នុងប្រទេសចិន ទោះបីជាប្រទេសនេះមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកក្តី។
លោកអនុប្រធានាធិបតី Mike Pence បាននិយាយថា «ក្នុងរយៈពេល១៧ឆ្នាំចុងក្រោយនេះ ផលិតផលសរុបក្នុងស្រុករបស់ចិនបានកើនឡើងជាង៩ដង។ ប្រទេសនេះបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងពិភពលោក។ កត្តាភាគច្រើននៃភាពជោគជ័យនេះគឺដោយសារតែការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិន»។
ប៉ុន្តែលោក Pence បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ចិនមិនបានផ្លាស់ប្តូរការដឹកនាំបែបផ្តាច់ការ ទៅជាសង្គមសេរី និងបើកចំហ ដែលគោរពដល់សិទ្ធិកម្មសិទ្ធិឯកជន នីតិរដ្ឋ និងវិធានពាណិជ្ជកម្មអន្តរជាតិនោះទេ។ លោកបានបន្ថែមថា ក្រុមហ៊ុនអាមេរិកមួយចំនួនបានចុះចូលជាមួយនឹងរដ្ឋាភិបាលផ្តាច់ការមួយនេះ។
លោកបាននិយាយថា៖ «ហាង Nike នៅក្នុងប្រទេសចិនបានឈប់លក់ផលិតផលម៉ាក Houston Rockets របស់ខ្លួន ដើម្បីចូលរួមជាមួយនឹងរដ្ឋាភិបាលចិនក្នុងការតវ៉ាប្រឆាំងនឹងការបង្ហោះសាររបស់អ្នកគ្រប់គ្រងក្រុមបាល់បោះ Rockets ដែលសរសេរនៅលើបណ្តាញ Twitter ថា «ប្រយុទ្ធប្រឆាំងដើម្បីសេរីភាព។ យើងគាំទ្រហុងកុង»។
ការបង្ហោះសារនេះត្រូវបានលុបចោលវិញភ្លាមៗ ប៉ុន្តែទូរទស្សន៍ចិនបានលុបចោលការផ្សាយកីឡាបាល់បោះរបស់ NBA ដែលធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុសម្រាប់សម្ព័ន្ធបោះបាល់មួយនេះ។
លោកអនុប្រធានាធិបតី Pence និយាយថា៖ «កីឡាករនិងម្ចាស់ក្រុមបាល់បោះធំៗមួយចំនួននៅក្នុងសម្ព័ន្ធ NBA ដែលមានទម្លាប់ប្រើប្រាស់សេរីភាពរបស់ខ្លួនក្នុងការរិះគន់ប្រទេសនេះ មិនបានរិះគន់លើសេរីភាព និងសិទ្ធិរបស់ពលរដ្ឋចិននោះទេ។ ក្នុងការគាំទ្រគណបក្សកុំម្មុយនិស្តចិននិងបំបិទសេរីភាពបញ្ចេញមតិ សម្ព័ន្ធ NBA កំពុងធ្វើសកម្មភាពដែលមើលទៅហាក់ដូចជាបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយរបបផ្តាច់ការចិនទាំងស្រុង»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ក្រុមកីឡាករដែលលោកយល់ថា មិនគោរពដល់ប្រទេសជាតិ ឬការដឹកនាំរបស់លោក៕