ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីនៅថ្ងៃចន្ទនេះនៅក្នុងប្រទេសសិង្ហបុរី ស្របពេលដែលប្រទេសចិនព្រមានថា យោធារបស់ខ្លួននឹងមិន «អង្គុយនៅស្ងៀម» នោះទេ ប្រសិនបើលោកស្រីធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters ។
ស្របពេលដែលមានការប៉ាន់ស្មានជាទូទៅថា តើលោកស្រី Pelosi នឹងធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដែរឬក៏យ៉ាងណានោះ ការិយាល័យរបស់លោកស្រីបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដែលដឹកនាំគណៈប្រតិភូសភាទៅកាន់តំបន់អាស៊ីនេះ លោកស្រីនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន។ ការិយាល័យរបស់លោកស្រីមិនបានលើកឡើងអំពីកោះតៃវ៉ាន់ទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា វាគឺជា «ការជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន» ប្រសិនបើលោកស្រី Pelosi ធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ និងបានព្រមានថា ដំណើរទស្សនកិច្ចនោះនឹងនាំឱ្យមាន «ព្រឹត្តិការណ៍និងផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត»។
លោក Zhao បានបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា៖ «យើងចង់ប្រាប់សហរដ្ឋអាមេរិកម្តងទៀតថា ចិនកំពុងត្រៀមលក្ខណៈ។ កងទ័ពរំដោះប្រជាជនចិននឹងមិនអង្គុយនៅស្ងៀមនោះទេ ហើយចិននឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់និងចាត់វិធានការតបតយ៉ាងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន»។
នៅពេលសួរថាតើវិធានការអ្វីដែលយោធាចិនអាចចាត់វិធានការនោះ លោក Zhao បាននិយាយថា៖ «ប្រសិនបើលោកស្រី Pelosi ហ៊ានទៅកោះតៃវ៉ាន់ យើងនឹងរង់ចាំមើល»។
ចិនយល់ថា ដំណើរទស្សនកិច្ចណាមួយរបស់មន្ត្រីសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់គឺជាការបញ្ជូនសញ្ញាលើកទឹកចិត្តទៅកាន់ក្រុមដែលគាំទ្រឱ្យមានឯករាជ្យនៅតៃវ៉ាន់។
រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនមានចំណងទាក់ទងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ទេ ក៏ប៉ុន្តែច្បាប់របស់សហរដ្ឋអាមេរិកចែងថាសហរដ្ឋអាមេរិកមានសិទ្ធិផ្ដល់មធ្យោបាយនានាឱ្យតៃវ៉ាន់ដើម្បីការពារខ្លួន៕