ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យចិនធ្វើសកម្មភាពដើម្បីដាក់កោះតៃវ៉ាន់ឱ្យនៅឯកកោនោះឡើយ បន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចទៅកាន់ដែនកោះមួយនេះ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងក្រេវក្រោធជាខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ។
ប្រទេសចិនដីគោកដែលបានចាត់ទុកដែនកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ បានបើកធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅជុំវិញដែនកោះមួយនេះ បន្ទាប់ពីលោកស្រីប្រធានរដ្ឋសភាអាមេរិករូបនេះ មិនបានស្តាប់ការព្រមានខ្លាំងៗរបស់ចិនហើយលោកស្រីបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតរបស់អាមេរិកដែលបានមកធ្វើទស្សនកិច្ចនៅលើកោះតៃវ៉ាន់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។
នៅក្នុងរាជធានីតូក្យូប្រទេសជប៉ុនដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីនោះ លោកស្រី Pelosi មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅនឹងការធ្វើសមយុទ្ធយោធារបស់ចិននោះឡើយ ក៏ប៉ុន្តែលោកស្រីបានលើកហេតុផលថា អ្នកនយោបាយអាមេរិកគួរមានលទ្ធភាពធ្វើដំណើរដោយសេរីមកកាន់កោះតៃវ៉ាន់។ លោកស្រីបន្តទៀតថា៖ «យើងនឹងមិនអនុញ្ញាតឱ្យប្រទេសចិនដាក់កោះតៃវ៉ាន់ឱ្យនៅឯកោពីគេនោះឡើយ ហើយដំណើរទស្សនកិច្ចរបស់លោកស្រីមកលើដែនកោះនេះ គឺមិនមែនដើម្បីធ្វើការផ្លាស់ប្តូរស្ថានភាពដើមណាមួយនៅក្នុងតំបន់នោះឡើយ»។
នៅពេលសួរថាតើដំណើរទស្សនកិច្ចនេះគឺដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់លោកស្រីជាជាងការផ្តល់ប្រយោជន៍ដល់កោះតៃវ៉ាន់នោះ លោកស្រីបានឆ្លើយតបថា«ការណ៍នេះមិនមែនដើម្បីខ្ញុំនោះឡើយគឺដើម្បីពួកគេ»។
លោកស្រីបានហៅដែនកោះតៃវ៉ាន់ថា ជាប្រទេសសេរីបំផុតមួយក្នុងចំណោមប្រទេសជាច្រើនដែលមានសេរីភាពខ្លាំងបំផុតនៅលើពិភពលោក។ លោកស្រីបន្ថែមថា លោកស្រីមានមោទនភាពចំពោះការងាររបស់លោកស្រីដែលបានបង្ហាញពីក្តីបារម្ភទាក់ទិននឹងប្រទេសចិនដីគោកចាប់តាំងពីរឿងការរំលោភលើវិស័យពាណិជ្ជកម្ម ការរីកសាយភាយអាវុធរហូតដល់ការរំលោភសិទ្ធិមនុស្សជាដើម។
កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានធ្វើឱ្យប្រទេសចិនមានការខឹងសម្បាម្តងរួចហើយនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន ដោយនៅពេលនោះលោកបាននិយាយថា កងទ័ពសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ ប្រសិនបើចិនមានបំណងប៉ុនប៉ងចូលគ្រប់គ្រងដែនកោះមួយនេះដោយកម្លាំងយោធានោះ។
ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏លោក Bidenនិងក្រុមរបស់លោកនៅពេលនោះបានទទួចថា របៀបទំនាក់ទំនងរបស់អាមេរិកទៅកាន់កោះតៃវ៉ាន់ ដែលមានរយៈពេលជាច្រើនទសវត្សរ៍ហើយនោះ គឺនៅដដែលមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ៕