រាជអាជ្ញាសហព័ន្ធនៃប្រទេសប៊ែលហ្ស៊ិកបាននិយាយកាលពីថ្ងៃសៅរ៍ថា ឈ្មោះ Mohamed Abrini ដែលជាជនជាប់សង្ស័យក្នុងការវាយប្រហារភេរវកម្មក្នុងក្រុងប៉ារីស បាននិយាយប្រាប់ពួកអ្នកស៊ើបអង្កេតថា គាត់ជា«បុរសពាក់មួក»ដែលគេបានឃើញជាមួយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់នៅឯចំណតយន្តហោះ Zaventem នៃក្រុងប៊្រុចសែល កាលពីថ្ងៃទី២២ខែមីនាកន្លងទៅ។
នៅក្នុងការឆ្មក់មួយចំនួនកាលពីថ្ងៃសុក្រ ពួកប៉ូលិសប៊ែលហ្ស៊ិក ចាប់បានមនុស្សប្រាំនាក់ដោយមានរួមបញ្ចូលឈ្មោះ Abrini អាយុ៣១ឆ្នាំ ដែលជាពលរដ្ឋ ប៊ែលហ្ស៊ិកដើមកំណើតម៉ារ៉ុកដែលជាប់សង្ស័យថាមានទាក់ទិនជាមួយការវាយប្រហារភេរវកម្មនៅក្នុងក្រុងប៉ារីស និងក្រុងប៊្រុចសែល។
កាលពីថ្ងៃសៅរ៍ ពួករាជអាជ្ញានៃប្រទេសប៊ែលហ្ស៊ិក បានចោទប្រកាន់ជនជាប់សង្ស័យបួននាក់ទៀតដែលមានទាក់ទិននឹងការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ប្រល័យនៅក្នុងក្រុងប៊្រុចសែល កាលពីខែមុនដែលបានបណ្តាលឱ្យមនុស្ស៣២នាក់ស្លាប់និងធ្វើឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួស។
ពួកមន្ត្រីអយ្យការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាប់សង្ស័យដែលបានជាប់ឃុំឃាំងមានរួមបញ្ចូលឈ្មោះ Abrini, ឈ្មោះ Osama. ឈ្មោះ Herve B.M. និងឈ្មោះ Bilal E.M. ដែលបានត្រូវចោទប្រកាន់ថាបានចូលរួមក្នុង«ឃាតកម្មបែបភេរវកម្ម»និងចូលរួមក្នុង«សកម្មភាពរបស់ពួកភេរវជនមួយក្រុម»នៅក្នុងការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនានៅឯអាកាសយានដ្ឋានក្រុងប៊្រុចសែល និងនៅឯស្ថានីយ៍រទេះភ្លើងក្រោមដីមួយកន្លែង។
កាលពីសៅរ៍ដែរ អាជ្ញាធរប៊ែលហ្ស៊ិក បានបញ្ជាក់ថាពិតអំពីចាប់ខ្លួនមនុស្សទី៦ដែលមានទាក់ទិននឹងការវាយប្រហារនៅក្រុងប៊្រុចសែល តែមិនបានផ្តល់សេចក្តី លម្អិតថែមទៀតទេ។
ការវាយឆ្មក់មួយដោយពួកប៉ូលិសបានត្រូវធ្វើកាលពីថ្ងៃសៅរ៍ដែរ នៅក្នុងសង្កាត់Ettrbeek នៅកណ្តាលក្រុងប៊្រុចសែល ក៏ប៉ុន្តែគ្មានការចាប់ខ្លួនមនុស្សណាម្នាក់ទេ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ជនជាប់សង្ស័យពីរនាក់ទៀតដែលត្រូវបានចាប់ខ្លួនក្នុងសប្តាហ៍នេះបានត្រូវដោះលែងហើយ«ក្រោយពីមានការសាកសួរចម្លើយយ៉ាងច្រើនមក»។
ទោះណាជាមានការចាប់ខ្លួនមនុស្សច្រើននាក់ទាក់ទិននឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ ខែវិច្ឆិកានៅក្នុងក្រុងប៉ារីស និងការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅក្នុងក្រុងប៊្រុចសែល កាលពីខែមីនាក៏ដោយ ក៏រាជធានីនៃប្រទេស ប៊ែលហ្ស៊ិក នៅតែឋិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់កម្រិតទីពីរពីព្រោះទំនងជានឹងមានការវាយប្រហារភេរវកម្មមួយលើកទៀត៕