ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​ខ្លាំង​ជាងគេ​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក


ជនសង្ស័យ​ខ្លាំង​ជាងគេ​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក។
ជនសង្ស័យ​ខ្លាំង​ជាងគេ​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក។

រដ្ឋមន្ត្រី​ប៊ែលហ្ស៊ិក​ម្នាក់​បាន​ថ្លែង​ថា ជនសង្ស័យ​ខ្លាំង​ជាងគេ​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​នៅ​ក្នុង​ប្រទេស​បារាំង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​ហើយ។

ឈ្មោះ Salah Abdeslam ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​ប៊ែលហ្ស៊ិក​ក្នុង​អំឡុង​ពេល​នៃ​ការវាយឆ្មក់​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​តំបន់ Molenbeek ក្នុង​រដ្ឋធានី​ព្រុចសែល។ ក្រុមអាជ្ញាធរ​បាន​និយាយ​ថា ឈ្មោះ Abdeslam បាន​របួស​ជើង​ម្ខាង ហើយត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ​

លោក Theo Francken រដ្ឋមន្រ្តី​ក្រសួង​អន្តោប្រវេសន៍​ប៊ែលហ្ស៊ិក​បាន​បញ្ជាក់​ពី​ការចាប់​ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម twitter ថា «​យើង​ចាប់​ខ្លួន​ជនសង្ស័យ​រូប​នេះបាន​ហើយ‍»។​

វីដេអូ​មួយ​ដែល​ត្រូវ​បាន​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ប៊ែលហ្ស៊ិក​បាន​បង្ហាញ​ថា ប៉ូលិស​បាន​ចាប់​អូស​បុរស​ម្នាក់​ដែល​ស្លៀក​សំលៀកបំពាក់​ពណ៌​ស ចូល​ទៅ​ក្នុង​រថយន្ត​ប៉ូលិស។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​ថា បុរស​ម្នាក់​ទៀត​ ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ ឈ្មោះ Monir Ahmed Alaaj ដែល​មាន​ឈ្មោះ​ក្លែងបន្លំ​ថា​ជា Amine Choukri ក៏​បាន​រងរបួស​ក្នុង​អំឡុងពេល​បាញ់​តទល់​គ្នា​ជាមួយ​នឹង​ប៉ូលិស​ដែរ ហើយត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

ក្រុមអាជ្ញាធរ​ប៊ែលហ្ស៊ិក​បាន​រកឃើញ​ស្នាម​ក្រយ៉ៅ​ដៃ​របស់​ជន​ដែល​បាន​រត់គេច​ខ្លួន​នៅ​ក្នុង​អាគារ​ផ្ទះល្វែង​មួយ​ ដែល​ត្រូវ​បាន​ប៉ូលិស​ចូល​វាយឆ្មក់​កាល​ពី​ដើម​សប្តាហ៍​នេះ​នៅ​ក្នុង​តំបន់​មួយ​ទៀត​ក្នុង​រដ្ឋធានី​ព្រុចសែល។

​អ្នកនាំពាក្យ​ម្នាក់​របស់​ការិយាល័យ​ព្រះរាជអាជ្ញា​ប៊ែលហ្ស៊ិក​បាន​និយាយ​ថា ប៉ូលិស​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​សាកសួរ​ទាំង​ឈ្មោះ Abdeslam ​និង​ Choukri កាល​ពី​ខែ​តុលា។ ប៉ូលិស​បាន​ផ្តិត​ស្នាម​ក្រយ៉ៅដៃ​របស់ Choukri ​ដែល​ក្រោយ​មកស្នាម​ក្រយ៉ៅ​ដៃ​នោះ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​គេហដ្ឋាន​ដ៏​មាន​សុវត្ថិភាព​មួយក្នុង​ប្រទេស​ប៊ែលហ្សិក ដែល​គេហដ្ឋាន​នោះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមភេរវករ។ ក្រោយ​មក​ប៉ូលិស​បាន​រកឃើញ​លិខិត​ឆ្លងដែន​ស៊ីរី​ក្លែងក្លាយ​មួយ និង​អត្តសញ្ញាណប័ណ្ណប៊ែលហ្សិក​ក្លែងក្លាយ​មួយទៀត​ ដែល​ក្នុង​នោះមាន​ឈ្មោះ​របស់​ជន​នេះ​ចំនួន​២​ខុសពី​គ្នា៕

XS
SM
MD
LG