រដ្ឋមន្ត្រីបែលហ្ស៊ិកម្នាក់បាននិយាយថា ជនជាប់សង្ស័យខ្លាំងបំផុតនៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១៣ខែវិច្ឆិកានៅក្នុងប្រទេសបារាំងបានត្រូវចាប់ខ្លួនហើយនៅក្នុងប្រទេសបែលហ្ស៊ិក។
ប៉ូលិសបែលហ្ស៊ិកបានចាប់ខ្លួនឈ្មោះ Salah Abdeslam នៅក្នុងការឆ្មក់វាយប្រហារមួយកាលពីថ្ងៃសុក្រនៅក្នុងតំបន់ Molenbeek នៃក្រុងព្រុចសែល។
លោក Theo Francken រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍បែលហ្ស៊ិក បានបញ្ជាក់ថា វាជាការពិតអំពីការចាប់ខ្លួនជននេះនៅក្នុងបណ្តាញសង្គម tweeter មួយថា «យើងចាប់វាបានហើយ»។
លោក Francois Schepmans អភិបាលក្រុង Molenbeek បាននិយាយថាឈ្មោះ Abdeslam និងមនុស្សម្នាក់ទៀតបានត្រូវរបួសនៅក្នុងកិច្ចប្រតិបត្តិការនេះ។
របាយការណ៍បាននិយាយថា Abdeslam បានត្រូវរបួសនៅនឹងជើង។ អាជ្ញាធរបែលហ្ស៊ិកបានរកឃើញស្នាមម្រាមដៃជនរត់គេចខ្លួននេះនៅក្នុងផ្ទះមួយនៅក្នុងការឆ្មក់វាយប្រហារមួយកាលពីពេលមុននេះនៅក្នុងសង្កាត់មួយទៀតនៃក្រុងព្រុចសែល។
ឈ្មោះ Abdeslam ជាទីដៅសំខាន់បំផុតនៅក្នុងការតាមប្រមាញ់ខ្លាំងមួយដើម្បីរកជនជាប់សង្ស័យនិងពួកសហការីនៃពួកជនសកម្មប្រយុទ្ធដែលបានធ្វើការវាយប្រហារនៅក្នុងក្រុងប៉ារីស កាលពីបួនខែមុននេះដែលបានបណ្តាលឱ្យមនុស្ស១៣០នាក់ស្លាប់។ បងប្រុសរបស់ Abdelslam ឈ្មោះ Brahim ឋិតក្នុងចំណោមពួកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់ខ្លួនឯងនៅក្នុងការវាយប្រហារនោះ។
គេដឹងមិនច្បាស់លាស់ទេថាតើឈ្មោះ Abdelslam ដែលជាពលរដ្ឋបារាំងដើមកំណើតម៉ារ៉ុកបានឋិតនៅក្នុងក្រុង Bruxelles ចាប់តាំងពីខែវិច្ឆិកាមកឬបែបណាទេ។
ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក មនុស្ស១១នាក់បានត្រូវចាប់ខ្លួន និងបានចោទប្រកាន់នៅក្នុងប្រទេសបែលហ្ស៊ិក ដោយមានទាក់ទិននឹងការសម្លាប់មនុស្សក្នុងប្រទេសបារាំង។ មនុស្ស៨នាក់នៅជាប់ឃុំឃាំងនៅឡើយ។ ការវាយប្រហារនៅក្នុងប្រទេសបារាំងបានត្រូវរៀបចំនិងបានត្រូវសម្របសម្រួល ដោយផ្នែកនៅក្នុងក្រុងព្រុចសែល៕