ប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថានលោក Ashraf Ghani និងលោក Abdullah Abdullah ប្រធានប្រតិបត្តិដែលជាគូប្រកួតប្រជែងរបស់លោក កំពុងទាមទារជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន មុនពេលការចេញផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត។
លោក Amrullah Saleh បេក្ខជនអនុប្រធានាធិបតីរបស់លោកហ្គានី បានប្រាប់ VOA ផ្សាយជាភាសា Pashto របស់អាហ្វហ្គានីស្ថានថា លោក និងលោកហ្គានី បានទទួលសន្លឹកឆ្នោត៦០ភាគរយនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោក Abdullah បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា លោកបានទទួលសន្លឹកឆ្នោតដ៏ច្រើនបំផុត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីរៀបចំការបោះឆ្នោត បាននិយាយថា លទ្ធផលផ្លូវការ មិនទាន់បានប្រកាសនៅឡើយទេ។
ដំណើរការនៃការរាប់សន្លឹកឆ្នោតក្នុងប្រទេសអាហ្វហ្គានីស្ថាន មានរយៈពេលយូរ។ប្រអប់ឆ្នោតត្រូវយកមកពីកន្លែងដាច់ស្រយាលដោយមានបណ្តាញទាក់ទងតិចតួច ឬគ្មានទាល់តែសោះ។ លទ្ធផលដំបូងៗត្រូវគេសង្ឃឹម និងបានដឹងក្នុងរយៈពេលបីបួនសប្តាហ៍ទៀត។
ការបោះឆ្នោតបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលដែលមានការគំរាមកំហែងម្តងហើយម្តងទៀតពីក្រុមតាលីបង់ និងការភ័យខ្លាចពីភាពចលាចលក្រោយការបោះឆ្នោត។
ការប៉ាន់ស្មានលទ្ធផលបោះឆ្នោតក្រៅផ្លូវការ ប្រាប់ឲ្យដឹងថា ចំនួនមនុស្សចេញបោះឆ្នោតតិចបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ក្រុមអ្នកយកព័ត៌មានរបស់ VOA បានរកឃើញស្ថានីយបោះឆ្នោតគ្មានមនុស្ស និងប្រអប់បោះឆ្នោតទទេនៅក្នុងរដ្ឋធានីកាប៊ុលនិងផ្នែកជាច្រើនទៀតក្នុងប្រទេសអាហ្វហ្គានីស្ថាន៕