យោធារបស់ប្រទេសប៉ាគីស្ថានបានជួយសង្គ្រោះគ្រួសារជនជាតិអាមេរិកាំងដើមកំណើតកាណាដាពីតំបន់កុលសម្ព័ន្ធដែលមានព្រំដែនជាមួយប្រទេសអាហ្វហ្គានី ស្ថាន ជិត៥ឆ្នាំបន្ទាប់ពីពួកគេបានត្រូវចាប់ពង្រត់ដោយពួកជនសកម្មប្រយុទ្ធ។លោកស្រី Caitlan Coleman ជនជាតិអាមេរិកហើយនឹងប្តីរបស់លោកស្រីឈ្មោះ Joshua Boyle ជនជាតិកាណាដាបានបាត់ខ្លួននៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១២ហើយក្រោយមក ពួកតាលីបង់អាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវចំពោះការចាប់ពង្រត់ពួកគាត់។
ក្រុមដែលបានចេញវីដេអូ២អំពីការចាប់ធ្វើជាចំណាប់ខ្មាំង ខណៈដែលពួកគេស្ថិតនៅក្នុងការឃុំឃាំង បានទាមទារឲ្យដោះលែងអ្នកទោសជាការដោះដូរនឹងលោក Boyle ហើយនឹងភរិយារបស់លោក។ លោកស្រីបានឆ្លងទន្លេ៣ដងខណៈដែលស្ថិតនៅក្នុងការឃុំឃាំងនេះ។
សេចក្តីថ្លែងការណ៍របស់យោធាប៉ាគីស្ថានបានប្រាប់ឲ្យដឹងថា «ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់មកពីសហរដ្ឋអាមេរិក» កិច្ចប្រតិបត្តិការជួយសង្គ្រោះបានធ្វើឡើងប្រកបដោយជោគជ័យនៅក្នុងតំបន់កុលសម្ព័ន្ធ Kurran នៅជិតព្រំដែនប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានសរសើរការដោះលែងក្រុមគ្រួសារនេះចេញពីការឃុំឃាំងរបស់បណ្តាញHaqqani ដែលជាអង្គការភេរវកម្មមួយដែលមានចំណងទាក់ទងជាមួយក្រុមតាលីបង់។ លោកប្រធានាធិបតី បានហៅព្រឹត្តិការណ៍នេះថា ជាសញ្ញាវិជ្ជមានមួយនៅក្នុងទំនាក់ទំនងរវាងសហ រដ្ឋអាមេរិកនិងប៉ាគីស្ថាន។
ប្រធានាធិបតីត្រាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលប៉ាគីស្ថានជាសញ្ញាមួយថា ប៉ាគីស្ថានកំពុងគោរពបំណងប្រាថ្នារបស់អាមេរិកដើម្បីធ្វើកាន់តែច្រើនឡើងដើម្បីផ្តល់សន្តិសុខនៅក្នុងតំបន់»៕