លោក Tillerson បានចេញសេចក្ដីថ្លែងការណ៍នេះកាលពីថ្ងៃអង្គារសប្ដាហ៍នេះបន្ទាប់ពីក្រសួងការបរទេសចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីសេរីភាពសាសនានាពេលថ្មីៗនេះ។
អំពើឃោរឃៅដែលធ្វើឡើងដោយក្រុមជ្រុលនិយមរដ្ឋឥស្លាមបង្កឲ្យមានការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពសាសនា។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីការបរទេស Rex Tillerson បានថ្លែងថា៖ «វាច្បាស់ណាស់ថា ក្រុមISISគឺជាអ្នកទទួលខុសត្រូវលើអំពើប្រល័យពូជសាសន៍ប្រឆាំងក្រុមអំបូរYazidis អ្នកកាន់សាសនាគ្រិស្ត និងអ្នកកាន់សាសនាឥស្លាមនិកាយShia នៅក្នុងតំបន់ដែលខ្លួនកំពុងកាន់កាប់ និងធ្លាប់បានកាន់កាប់កន្លងមក។ ក្រុមISIS ក៏ជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការចង់លុបបំបាត់ជាតិសាសន៍ដែលធ្វើឡើងលើក្រុមទាំងនេះ ដែលក្នុងករណីខ្លះ ក៏មានការប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាមនិកាយស៊ុននី ក្រុមអំបូរឃឺត និងក្រុមជនអំបូរភាគតិចផ្សេងទៀតផងដែរ»។
លោករដ្ឋមន្ត្រី Rex Tillerson ថ្លែងបន្តទៀតថា ការធ្វើទុក្ខបុកម្នេញខាងសាសនា និងការមិនអត់ឱន គឺនៅតែឋិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ដដែល ដោយក្នុងនោះពលរដ្ឋប្រមាណ៨០ភាគរយនៃចំនួនពលរដ្ឋទាំងអស់ក្នុងពិភពលោកនេះកំពុងរស់នៅក្នុងស្ថានភាពរឹតត្បិត ឬក៏កំពុងស្ថិតស្ថានភាពឃោរឃៅ ដែលកំហិតដល់សេរីភាពសាសនារបស់ពួកគេ។
លោករដ្ឋមន្ត្រី Rex Tillerson បានថ្លែងថា៖ «នៅក្នុងប្រទេសអ៊ីរ៉ង់ អ្នកកាន់សាសនាបាហាយ អ្នកកាន់សាសនាគ្រិស្ត និងអ្នកកាន់សាសនាភាគតិចផ្សេងទៀត រងការធ្វើទុក្ខបុកម្នេញ ដោយសារតែជំនឿរបស់ពួកគេ។ ប្រទេសអ៊ីរ៉ង់នៅតែបន្តប្រហារជីវិតពលរដ្ឋណាដែលប្ដូរទៅកាន់សាសនាផ្សេងទៀត»។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេសនានា ដូចជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកជាដើម ឲ្យប្រកាន់ខ្ជាប់នូវការគោរពសេរីភាពសាសនាសម្រាប់ពលរដ្ឋទាំងអស់របស់ខ្លួន។
លោក Tillerson បានបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនទទួលស្គាល់នូវសិទ្ធិរបស់ប្រជាពលរដ្ឋណា ដែលមិនមែនជាអ្នកកាន់សាសនាឥស្លាម ក្នុងការអនុវត្តជំនឿសាសនារបស់ពួកគេនៅតាមទីសាធារណៈនោះទេ ហើយបានដាក់ទោសឧក្រិដ្ឋដល់អ្នកទាំងនោះ មានដូចជាការកាត់ទោសឲ្យជាប់ពន្ធនាគារ ធ្វើការវៃដោយខ្សែតី និងការដាក់ពិន័យលើអ្នកមិនគោរពព្រះ អ្នកប្រមាថព្រះ និងអ្នកដែលរំលោភបំពានលើការបកស្រាយរបស់រដ្ឋអំពីសាសនាឥស្លាម»។
លោក Tillerson ក៏បានរិះគន់ទៅលើប្រទេសតួកគី បារ៉ែន ស៊ូដង់ ប៉ាគីស្ថាន និងប្រទេសចិនផងដែរ។ លោក Tillerson បានថ្លែងបន្តថា៖ «ក្រុមហ្វាលូនគង់រាប់សិបនាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង។ គោលនយោបាយដែលរឹតត្បិតទៅលើសេរីភាពនៃការគោរពសាសនារបស់ក្រុមអំបូរអ៊ុយហ្គ័រកាន់សាសនាឥស្លាម និងពលរដ្ឋទីបេកាន់សាសនាព្រះពុទ្ធ មានការកើនឡើងផងដែរ»។
ទោះបីជាបញ្ហាប្រឈមកំពុងតែបន្តក៏ដោយ ក៏របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលកត់ត្រាប្រទេសចំនួនជិត ២០០ និងដែលបានផ្ដល់អំណាចដោយសភា បានកត់សម្គាល់ឃើញថា សេរីភាពសាសនាកំពុងតែមានការរីកចម្រើនបន្តិចម្ដងៗនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសវៀតណាម និងអេមីរ៉ាតអារ៉ាប់រួមជាដើម៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា