កងកម្លាំងសន្តិសុខរដ្ឋាភិបាលក្នុងទីក្រុងMarawi នៅប្រទេសហ្វីលីពីន បានធ្វើការវាយប្រយុទ្ធអស់រយៈពេលបីខែមកហើយ ដើម្បីបង្រា្កបក្រុមសកម្មប្រយុទ្ធដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមក្នុងតំបន់នេះ។
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីខែឧសភាបានប្រកាសថាតំបន់ភាគខាងត្បូងដែលកំពុងមានភាពចលាចលនឹងស្ថិតក្រោមច្បាប់អាជ្ញាសឹកចំនួន៦០ថ្ងៃ។ ហើយកាលពីខែកក្កដា ច្បាប់នេះត្រូវបានបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំនេះ បន្ទាប់ពីការប៉ុនប៉ងមួយដោយកងកម្លាំងសន្តិសុខដើម្បីចាប់ខ្លួនមេដឹកនាំសកម្មប្រយុទ្ធម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងក្រុមរដ្ឋឥស្លាមបានបរាជ័យ។ ការណ៍នេះបានបង្កឲ្យមានការប៉ះទង្គិចដែលធ្វើឲ្យទីក្រុងនេះស្ថិតក្រោមការឡោមព័ទ្ធ។
ភ្នាក់ងាររបស់ក្រុមរដ្ឋឥស្លាមជាច្រើនពីប្រទេសឥណ្ឌូណេស៊ីត្រូវបានគេរាយការណ៍ថាបានចូលក្នុងប្រទេសហ្វីលីពីនដើម្បីគាំទ្រក្រុមសកម្មប្រយុទ្ធក្នុងស្រុកដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមយោធាហ្វីលីពីនក្នុងទីក្រុង Marawi។
អ្នកវិភាគនិយាយថា ខណៈក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់កំពុងបាត់បង់ឥទ្ធិពល ក្រុមភេរវកម្មនេះកំពុងព្យាយាមពង្រីកខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីតាំងរបស់ក្រុមបំបែកខ្លួននិងក្រុមសកម្មប្រយុទ្ធផ្សេងៗជាច្រើន។
លោក Ridwan Habib អ្នកវិភាគភេរវកម្មនៅសាកលវិទ្យាល័យឥណ្ឌូណេស៊ី បានថ្លែងប្រាប់ VOA ថា៖ «មានភស្តុតាងមួយបង្ហាញថា ប្រជាជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ Jamaah Islamiyah ក្នុងប្រទេសឥណ្ឌូណេស៊ីឥឡូវនេះមានទង់ជាតិថ្មីមួយដែលប្រតិបត្តិការក្រោមក្រុមរដ្ឋឥស្លាម ក្នុងករណីនេះ គឺក្រុមរដ្ឋឥស្លាមក្នុងប្រទេសហ្វីលីពីន»។ រឿងធ្ងន់ធ្ងរកំពុងតែកើតឡើង ហើយរដ្ឋាភិបាលត្រូវតែរំពឹងទុកជាមុនថា នឹងអាចមានអ្វីផ្សេងកើតឡើងបន្តទៀត។ យើងបារម្ភថាអត្តសញ្ញាណថ្មីនេះគឺមានន័យថាពួកគេកំពុងប្រឹងប្រែងកាន់កាប់ទីតាំងថ្មី»។
ក្រុមសកម្មប្រយុទ្ធជ្រុលនិយម
ក្រុម Jammah Islamiyah គឺជាក្រុមសកម្មប្រយុទ្ធជ្រុលនិយមមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានទំនាក់ទំនងជាមួយក្រុម អាល់កៃដា ហើយក្រុមនេះបានធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាច្រើនដងក្នុងប្រទេសឥណ្ឌូណេស៊ីនិងកន្លែងផ្សេងទៀតក្នុងតំបន់នេះ ដែលរួមមានទាំងការវាយប្រហារនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់ផងដែរ។
ក្រុមរដ្ឋឥស្លាមបានបង្ហាញសញ្ញារួចទៅហើយក្នុងការពង្រីកខ្លួនក្នុងតំបន់នេះ តាមរយៈក្រុមជាសមាជិកក្នុងតំបន់និងអ្នកគាំទ្រ។
ក្រុមនេះកំពុងរើសសមាជិកថ្មីបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយមានមនុស្សជាង៣៨០នាក់ចូលរួមក្នុងក្រុមភេរវកម្មនេះត្រឹមខែមករាកន្លងទៅនេះ។ នេះបើយោងតាមទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើភេរវកម្មរបស់ប្រទេសឥណ្ឌូណេស៊ី។ សមាជិកថ្មីដែលត្រូវបានគេជ្រើសរើសភាគច្រើន គឺជាអ្នកដែលបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនិងអ៊ីរ៉ាក់។
លោក Greg Fealy សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Australian National University ដែលសិក្សាពីអំពើភេរវកម្មក្នុងប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការគំរាមកំហែងភេរវកម្មពីក្រុមរដ្ឋឥស្លាមក្នុងប្រទេសនេះបានកើនឡើងតាំងពីពាក់កណ្តាលឆ្នាំ២០១៤មកម៉្លេះ។
ក្រុមរដ្ឋឥស្លាមត្រូវបានរាយការណ៍ថា បានតែងតាំងមេដឹកនាំនៃក្រុម Abu Sayyaf ជាមេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុម Abu Sayyaf គឺជាក្រុមសកម្មប្រយុទ្ធជ្រុលនិយមក្នុងតំបន់នេះ ដែលត្រូវបានគេស្គាល់ដោយសារការចាប់ជំរិតនិងការកាត់ក្បាលភ្ញៀវទេសចរបរទេស។
អាជ្ញាធរឥណ្ឌូណេស៊ីក៏បានបញ្ជាក់ដែរថាក្រុមរដ្ឋឥស្លាមពិតជាបានបង្កការគំរាមកំហែងដល់ប្រទេសរបស់ពួកគេ។
ក្រុមភេរវកម្មបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនិងការវាយប្រហារដោយការបាញ់កាំភ្លើងនៅកណ្តាលទីក្រុងហ្សាការតាកាលពីខែមករា ដែលបានសម្លាប់មនុស្សអស់ចំនួន៨នាក់ ដែលក្នុងនោះក៏មានអ្នកវាយប្រហារ៤នាក់ផងដែរ។
ក្រុមមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកកាលពីខែមីនាបានបញ្ចូលឈ្មោះ Bahrun Naim ដែលជាជនសកម្មប្រយុទ្ធឥណ្ឌូណេស៊ីដ៏លេចធ្លោម្នាក់ ទៅក្នុងបញ្ជីឈ្មោះភេរវករសកល ដោយនិយាយថា ជននេះបានផ្តល់ជំនួយហិរញ្ញវត្ថុនិងការគាំទ្រប្រតិបត្តិការសម្រាប់ក្រុមរដ្ឋឥស្លាមក្នុងប្រទេសឥណ្ឌូណេស៊ីនិងបានប្រមែប្រមូលថវិកាក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីរកសមាជិកបន្ថែមឲ្យចូលរួមសមរភូមិរដ្ឋឥស្លាម។
ក្នុងប្រទេសហ្វីលីពីន ក្រុមរដ្ឋឥស្លាមបានគាំទ្រជន Isnilon Hapilon ឲ្យធ្វើជាមេដឹកនាំសមាគមពាក់ព័ន្ធមួយក្រុមតូចដែលបានរីកលូតលាស់ក្នុងរយៈពេលពីរទៅបីឆ្នាំនៅភាគកណ្តាលនិងភាគខាងជើងប្រទេសហ្វីលីពីន។ Isnilon Hapilon ជាជនដែលគេកំពុងតាមស្វែងរកចាប់ខ្លួនយ៉ាងខ្លាំងក្នុងប្រទេសនេះ ពីបទភេរវកម្មប្រឆាំងនឹងប្រជាពលរដ្ឋអាមេរិកាំង។ សហរដ្ឋអាមេរិកនឹងជូនរង្វាន់ជាទឹកប្រាក់ចំនួន៥លានដុល្លារសម្រាប់អ្នកដែលអាចកាត់ក្បាលរបស់ Isnilon Hapilon បាន។
ជន Hapilon បានសច្ចាថានឹងស្មោះស្ម័គ្រចំពោះមេដឹកនាំក្រុមរដ្ឋឥស្លាម Abu Bakr al-Baghdadi នៅក្នុងវីដេអូមួយកាលពីខែកក្កដា ឆ្នាំ២០១៤។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក។
ហ្វីលីពីនគឺជាគោលដៅថ្មី
អ្នកវិភាគមួយចំនួនបានអះអាងថាជនជ្រុលនិយមជាច្រើនក្នុងប្រទេសឥណ្ឌូណេស៊ីដែលមានបំណងចូលរួមជាមួយក្រុមរដ្ឋឥស្លាម សព្វថ្ងៃនេះកំពុងធ្វើដំណើរទៅប្រទេសហ្វីលីពីនជាជាងទៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដោយសារតែស្ថានភាពនៅក្នុងតំបន់ដែលក្រុមភេរវកម្មបានកាន់កាប់កាលពីមុនបានចុះថមថយ ដោយសារតែមានយុទ្ធនាការរបស់យោធាប្រឆាំងនឹងក្រុមនេះជាបន្តបន្ទាប់នៅក្នុងតំបន់។
លោក Ridwan Habib នៃសាកលវិទ្យាល័យឥណ្ឌូណេស៊ីបាននិយាយថា៖ «បើនិយាយពីការចំណាយ រយៈចម្ងាយ និងការធ្វើដំណើរចូលក្នុងប្រទេសហ្វីលីពីនគឺមានលក្ខណៈងាយស្រួលជាង។ ដូច្នេះក្រុមរដ្ឋឥស្លាមមកពីឥណ្ឌូណេស៊ីបានជ្រើសរើសទៅទីក្រុង Marawi ជាជាងទៅប្រទេសស៊ីរី»។
លោក Habib បានព្រមានថា ស្ថានភាពអាចនឹងកាន់តែអាក្រក់បើសិនជាជម្លោះនៅក្នុងទីក្រុង Marawi នឹងមិនត្រូវបានដោះស្រាយឬគ្រប់គ្រងបានល្អទេនោះ។
អ្នកវិភាគបានអះអាងថាជន Mahmud Ahmad ដែលជាជនសកម្មប្រយុទ្ធម៉ាឡេស៊ីម្នាក់ក្នុងប្រទេសហ្វីលីពីននិងបានសិក្សានៅក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន បានព្យាយាមជួយបង្កើតវត្តមានក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជន Ahmad ត្រូវបានគេរាយការណ៍ថា ត្រូវបានគេសម្លាប់នៅក្នុងការប្រយុទ្ធក្នុងទីក្រុង Marawi កាលពីខែមិថុនា ប៉ុន្តែលោក Khalild Abu Bakar ស្នងការប៉ូលិសម៉ាឡេស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកជឿថាជន Ahmad នៅមានជីវិតនៅឡើយ។
លោកឧត្តមសេនីយ៍ Eduardo Ano នាយសេនាធិការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយថាជន Ahmad បានបញ្ជូនថវិកាជាង៦០០.០០០ដុល្លារពីក្រុមរដ្ឋឥស្លាមដើម្បីទិញអាវុធ ចំណីអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗសម្រាប់ការវាយប្រហារក្នុងទីក្រុង Marawi។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Associated Press។
ការពិបាកសម្រេចចិត្តចំពោះយុទ្ធជនរដ្ឋឥស្លាមដែលវិលត្រឡប់មកវិញ
យុទ្ធជនជាច្រើនពីតំបន់អាស៊ីអាគ្នេយ៍ដែលបានទៅប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ កំពុងតែត្រឡប់មកលំនៅដ្ឋានរបស់ពួកគេវិញនៅពេលដែលក្រុមភេរវកម្មកំពុងបរាជ័យនៅមជ្ឈិមបូព៌ា។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរាយការណ៍កាលពីឆ្នាំមុនថា ជនជាតិឥណ្ឌូណេស៊ីចន្លោះពី១៦៩នាក់ទៅ៣០០នាក់ដែលបានប្រយុទ្ធឲ្យក្រុមរដ្ឋឥស្លាម បានត្រឡប់មកវិញហើយ។
លោកឧត្តមសេនីយ៍ឯក Simandjuntak មេបញ្ជាការយោធាម្នាក់នៅកោះបាលី បានប្រាប់អ្នកសារព័ត៌មានកាលពីចុងខែសីហាថា៖ «ទោះបីជាខ្ញុំបាននិយាយថា នៅបាលីមានសាខាក្រុមរដ្ឋឥស្លាមចំនួន៥០ និង ២៥ នៅខេត្តEast Nusa Tenggara និង ៦០០នៅខេត្ត Nusa Tenggara Barat យើងដឹងថាពួកគេនៅកន្លែងណាហើយ ហើយយើងគ្រប់គ្រងស្ថានការណ៍បាន»។
លោកបានបន្ថែមថា៖ «ពួកគេកំពុងដេកលក់ឬគ្មានសកម្មភាពអ្វីទេ»។
លោក Abdul Haris Masyhari នាយកនៃគណៈកម្មាធិការស្តីពីកិច្ចការពារនិងទំនាក់ទំនងបរទេសនៅក្នុងសភាឥណ្ឌូណេស៊ី បារម្ភថាការវិលត្រឡប់មកវិញរបស់យុទ្ធជនរដ្ឋឥស្លាមអាចបង្កើតក្រុមតូចៗនៅស្រុកកំណើតរបស់ពួកគេ។
លោក Masyhari បាននិយាយថា៖ «ដោយយោងតាមកោះបាលី ខ្ញុំសង្ឃឹមថាការអនុវត្តច្បាប់នឹងចាត់វិធានការការពារដើម្បីបង្អាក់គម្រោងសម្ងាត់របស់ភេរវករ»។
អ្នកប្រឆាំងនឹងក្រុមរដ្ឋឥស្លាមកំពុងកើនឡើងក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងចំណោមសាធារណជន។
កាលពីខែឧសភា ការស្ទង់មតិមួយទៅលើមនុស្សពេញវ័យចំនួន១៣៥០នាក់បានបង្ហាញថា ស្ទើរតែ៩០ភាគរយនៃអ្នកចូលរួមគិតថាក្រុមរដ្ឋឥស្លាមគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសពួកគេ។ ក្នុងពេលជាមួយគ្នានេះដែរ ការស្ទង់មតិមួយចំនួនទៀតធ្វើឡើងនៅក្នុងប្រទេសបានបង្ហាញពីការកើនឡើងនៃមនោគមវិជ្ជាជ្រុលនិយមក្នុងចំណោមយុវជន ដែលពេញចិត្តនឹងជនជ្រុលនិយម៕
ប្រែសម្រួលដោយ ទុំ ម្លិះ