លោក Khawaja Asif រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានធ្វើកំណត់សម្គាល់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅឯការបញ្ចប់សន្និសីទរយៈពេល៣ថ្ងៃរបស់ឯកអគ្គ រដ្ឋទូតប៉ាគីស្ថានប្រចាំនៅរដ្ឋធានីសំខាន់ៗរបស់ពិភពលោកដើម្បីរៀបចំការឆ្លើយតបដ៏ធំទូលាយដល់គោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកស្តីពីប្រទេសអាហ្វហ្គានីស្ថាន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានរិះគន់ប្រទេសប៉ាគីស្ថានកាលពីខែមុននៅពេលដែលលោកប្រកាសគោលនយោបាយស្តីពីសង្គ្រាមនៅអាហ្វហ្គានីស្ថានដែលគេរង់ចាំជាយូរយារណាស់មកហើយ។ លោកប្រធានាធិបតីត្រាំបានចោទប្រកាន់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដពីការផ្តល់ទីជម្រកដល់ពួកភេរវជនដែលមានចំណងទាក់ទងជាមួយក្រុមតាលីបង់ និងបណ្តាញហាក់កានី (Haqqani) ដែលកំពុងធ្វើឲ្យអន្តរាយកិច្ចខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យមានស្ថិរភាពនៅប្រទេសអាហ្វហ្គានីស្ថាន និងកំពុងរៀបចំការវាយប្រហារទៅលើកងទ័ពអាមេរិកាំង។
ការចោទប្រកាន់ទាំងអស់នេះបានធ្វើឲ្យមានភាពតានតឹងដល់ទំនាក់ទំនងដ៏ផុយស្រួយរួចទៅហើយរវាងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Asif រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទនោះថា៖ «យើងចង់នៅទាក់ទងជាមួយសហរដ្ឋអាមេរិក។ មិនមានការងឿងឆ្ងល់ឡើយអំពីរឿងនេះ។ ក៏ប៉ុន្តែ ទំនាក់ទំនងនេះនឹងត្រូវបានជំរុញឡើងដោយផលប្រយោជន៍របស់ប៉ាគីស្ថាន។ យើងចង់មានទំនាក់ទំនងមួយដែលផ្អែក លើការគោរពគ្នាទៅវិញទៅមក»។
លោកបានច្រានចោលម្តងទៀតនូវការចោទប្រកាន់ថា ប្រទេសរបស់លោកកំពុងផ្តល់ទីជម្រកដល់ពួកភេរវជនដែលកំពុងរៀបចំផែនការវាយប្រហារដ៏ប្រល័យនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Asif បានរំលឹកឡើងវិញថា ប៉ាគីស្ថានបានបាត់ជីវិតពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់រួមទាំងកងកម្លាំងសន្តិសុខហើយបានខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំងខណៈដែលប្រយុទ្ធប្រឆាំងភេរវកម្មនោះ។
លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបាននិយាយថា៖ «ខ្ញុំគិតថា មនុស្សដែលកំពុងអង្គុយនៅរដ្ឋធានីវ៉ាស៊ីនតោនមិនមានការយល់ដឹងពីបញ្ហានេះទេ ខ្ញុំគិតថា ពួកគេមិនខ្វល់ខ្វាយ ប្រសិនបើមិនខ្វល់ខ្វាយទាំងស្រុង យ៉ាងហោចណាស់ក៏មិនខ្វល់ ខ្វាយមួយផ្នែកអំពីអ្វីដែលកំពុងកើតឡើងយ៉ាងពិតប្រាកដនៅក្នុងតំបន់នេះ»។
លោករដ្ឋមន្ត្រីការបរទេស Asif បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពការធ្វើពលិកម្មរបស់ប៉ាគីស្ថាននៅក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មហើយបានព្រមានថា ការទម្លាក់កំហុសទៅលើប្រទេសរបស់លោកចំពោះការបរាជ័យរបស់កងទ័ពអន្តរជាតិដើម្បីការពារប្រទេសអាហ្វហ្គានីស្ថាននឹងទទួលផលប្រឆាំងតបតវិញ។
លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានពោលអះអាងថា «សហរដ្ឋអាមេរិកត្រូវទទួលស្គាល់ថា ការប្រឆាំងភេរវកម្មរបស់ប៉ាគីស្ថានបានកើនឡើង ហើយត្រូវប្រើប្រាស់បទពិសោធន៍របស់យើងដើម្បីឈ្នះសង្គ្រាមប្រឆាំងភេរវកម្មនេះ ពីព្រោះតែសង្គ្រាមនេះមិនអាចឈ្នះបានទេបើមិនមានការចូលរួមរបស់ប៉ាគីស្ថាន ឬបើប្រឈមមុខជាមួយប៉ាគីស្ថាននោះ»។ លោកប្រធានាធិបតីត្រាំបានចុចចំប៉ាគីស្ថានថាមិនបានធ្វើឲ្យល្មមគ្រប់គ្រាន់ប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការនៅលើទឹកដីរបស់ខ្លួន ក៏ប៉ុន្តែ មិនបានបញ្ជាក់ថាតើលោកប្រធានាធិបតីរៀបចំផែនការយ៉ាងដូចម្តេចដើម្បីគៀបសង្កត់ប្រទេសនោះឲ្យចាត់វិធានការប្រឆាំងនឹងការផ្តល់ទីជម្រកដល់ពួកភេរវជននៅលើទឹកដីរបស់ប៉ាគីស្ថាននោះ។
បណ្តាញព័ត៌មានរបស់សហរដ្ឋអាមេរិកបានរាយការណ៍ពីលទ្ធភាពនៃការដាក់ទណ្ឌកម្មនៅក្រោមការពិចារណាដូចជាការបង្កើនដាក់ការគៀបសង្កត់ខាងការទូត និងសេដ្ឋកិច្ច ហើយនិងពង្រីកការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក (Drone) ប្រឆាំងភេរវកម្មនៅខាងក្នុងប្រទេសប៉ាគីស្ថាន។ លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Asif បានព្រមានប្រឆាំងនឹងសកម្មភាពដោយការបង្ខិតបង្ខំណាមួយរបស់សហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានព្រមានថា៖ «យើងនឹងការពារបូរណភាពទឹកដីរបស់យើង ហើយយើងនឹងមិនធ្វើឲ្យគ្រោះថ្នាក់ដល់បូរណភាពទឹកដីរបស់យើង ឬសេចក្តីថ្លៃថ្នូរជាតិរបស់យើងទោះបីមានការលះបង់ប៉ុន្មានក៏ដោយ។ហើយយើងរំពឹងនឹងទទួលបានការគោរពនេះពីសហរដ្ឋអាមេរិក»។
លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានទទួលសារភាពថា ការលប់បំបាត់ពួកជនសកម្មប្រយុទ្ធចេញពីសង្គមប៉ាគីស្ថានទាំងមូលនឹងត្រូវចំណាយពេលវេលា។លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Asif បាននិយាយទៀតថា «អស់លោក អ្នក ត្រូវតែផ្លាស់ប្តូរវប្បធម៌ទាំងមូលដើម្បីប្រយុទ្ធប្រឆាំងពួកជីហាដអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍១៩៨០។ លោក អ្នក ត្រូវការប្តូរដើម្បីធ្វើសង្គ្រាមប្រឆាំងពួកជីហាដ ដូច្នេះ លោក អ្នកបានបង្កើតការផ្លាស់ប្តូរនោះតាមរយៈកម្មវិធីដែលផ្ចុងផ្តើមដោយរដ្ឋ។ ឥឡូវនេះ លោក អ្នក កំពុងព្យាយាមប្រែក្រឡះបញ្ហានេះ»។
លោកបាននិយាយទៀតថា «វាជាពេលវេលាដើម្បីផ្លាស់ប្តូរគំនិតចាស់»។
លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបាននិយាយសំដៅដល់ក្រុមបះបោរអាហ្វ ហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិកប្រឆាំងនឹងការត្រួតត្រារបស់សូវៀតក្នុងប្រទេសអាហ្វហ្គានីស្ថាននៅទសវត្សរ៍១៩៨០។
លោកស្រី Hillary Clinton បានសារភាពខណៈដែលផ្តល់កសិណសាក្សីជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក្នុងអំឡុងសវនាការសភាកាលពីខែមេសា ឆ្នាំ ២០០៩ថា ទីភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិកបានសហការណ៍ជាមួយទីភ្នាក់ងារចារកម្មរបស់ប៉ាគីស្ថានគឺសេវាកម្មអន្តរស៊ើបការណ៍សម្ងាត់ ឬ ISI បានបង្កើត ផ្តល់ថវិកា ហ្វឹកហាត់ និងបំពាក់អាវុធដល់ជនជាតិអាហ្វហ្គានីស្ថាន និងពួកអ្នកស្ម័គ្រចិត្តមកពីពិភពឥស្លាមដើម្បីប្រយុទ្ធកងទ័ពឈ្លានពានរុស្ស៊ី ។
ក្រោយមក ភ្នាក់ងារចារកម្មរបស់ប៉ាគីស្ថានគឺសេវាកម្មអន្តរស៊ើបការណ៍សម្ងាត់ឬ ISI បានប្រើប្រាស់ចំណងទាក់ទងរបស់ខ្លួនជាមួយភាគីអាហ្វហ្គានីស្ថាននានាដើម្បីព្យាយាមធ្វើឲ្យមានអនុភាពលើកិច្ចការនៅក្នុងរដ្ឋធានីកាប៊ុលក្នុងអំឡុងនៃសង្គ្រាមស៊ីវិលទសវត្សរ៍១៩៩០ដែលបានចាប់ច្បាមអាហ្វហ្គានីស្ថានបន្ទាប់ពីការដកកងទ័ពសូវៀត។
ទីភ្នាក់ងារចារកម្មប៉ាគីស្ថាន ក៏បានរងការចោទប្រកាន់ពីការប្រើពួកជនសកម្មប្រយុទ្ធដែលបានបង្កើតនៅក្នុងប្រទេសដើម្បីធ្វើឲ្យមានការងើបបះបោរទាមទារបំបែករដ្ឋនៅផ្នែកនានាដែលត្រួតត្រាដោយឥណ្ឌានៃតំបន់ Kashmir ដែលបែងចែកនោះដែរ។
ពួកអ្នករិះគន់និយាយថា ការគាំទ្រពីស្ថាប័នយោធាដ៏មានអំណាចបានធ្វើឲ្យក្រុម ជនសកម្មប្រយុទ្ធជ្រាបចូលហើយនិងមានឥទ្ធិពលក្នុងសង្គមប៉ាគីស្ថានដែលអស់រយៈពេលជាច្រើនឆ្នាំបានក្លាយជាបញ្ហាខាងសន្តិសុខដ៏សំខាន់នៅក្នុងប្រទេសហើយនឹងជាប្រភពនៃការរាលដាលនៃលទ្ធិជ្រុលនិយមសាសានា។
ពួកមន្ត្រីអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកមានការមន្ទិលសង្ស័យអំពីថាតើទីភ្នាក់ងារចារកម្មរបស់ប៉ាគីស្ថានគឺសេវាកម្មអន្តរស៊ើបការណ៍សម្ងាត់ ឬ ISIនឹងកាត់បន្ថយចំណងទាក់ទងសម្ងាត់របស់ខ្លួនជាមួយក្រុមតាលីបង់ និងហាក់កានី ពីព្រោះតែរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដប្រើប្រាស់ក្រុមទាំងនោះដើម្បីទប់ទល់ការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសឥណ្ឌាដែលជាគូប្រកួតប្រជែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែ ឬទេ។
លោក Asif រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានចាកចេញទៅកាន់ប្រទេសចិនដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់ប៉ាគីស្ថាន ភ្លាមៗបន្ទាប់ពីថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានដោយនិយាយថា ការចរចារបស់លោកជាមួយពួកមន្ត្រីចិននឹងផ្តោតលើស្ថានភាពនោះបន្ទាប់ពីការប្រកាសគោលនយោបាយកាលពីខែសីហារបស់លោកប្រធានាធិបតីត្រាំ។ លោក Asif មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី អ៊ីរ៉ង់និងប្រទេសតួកគីនៅចុងខែនេះមុនពេលធ្វើដំណើរទស្សនកិច្ចដ៏សំខាន់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន៕
ប្រែសម្រួលដោយជឹង ប៉ូជីន