ប្រទេសប៉ាគីស្ថាន បានបញ្ជាក់ឡើងវិញនូវការខំប្រឹងប្រែងដែលមានគោលបំណងធ្វើឲ្យមានសន្តិភាពនិងស្ថិរភាពឡើងវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា ខ្លួនបានតាំងចិត្តធ្វើឲ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជិតខាងដែលហែកហួរដោយសង្គ្រាមនេះ។
សេចក្តីថ្លែងការណ៍ កើតមានឡើងបន្ទាប់ពីពួកតាលីបាន បានបង្កើនការវាយប្រហារហើយមានសេចក្តីរាយការណ៍ថា បេសកជនសន្តិភាពអាហ្វហ្គានីស្ថាន បានធ្វើការចរចាសម្ងាត់ជាមួយក្រុមបះបោរកាលពីសប្តាហ៍មុន។
កាសែត Wall Street Journal បានរាយការណ៍ថា ជំនួបរយៈពេល២ថ្ងៃ បានកើតមានឡើងកាលពីសប្តាហ៍មុននៅក្នុងទីក្រុង Urumqi ភាគពាយ័ព្យនៃប្រទេសចិនទៅតាមការផ្តួចផ្តើមរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ហើយទីភ្នាក់ងារចារកម្មរបស់ប៉ាគីស្ថាន បានសម្របសម្រួលជំនួបនេះ។
នៅឯសន្និសិទកាសែតប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាត លោក Qazi Khalilullah អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ចៀសមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់ស្តីពីជំនួបដែលបានរាយការណ៍នៅពេលដែលពួកអ្នកកាសែតសាកសួរ។
លោកបាននិយាយថា ប៉ាគីស្ថាន គាំទ្រសន្តិភាពដែលផ្តួចផ្តើមឡើងរវាងអាហ្វហ្គានីស្ថានិងប៉ាគីស្ថានហើយយើង គាំទ្ររាល់ការខំប្រឹងប្រែងទាំងអស់នៅក្នុងបញ្ហានេះ។ លោកនិយាយបន្តទៀតថា ប៉ាគីស្ថានចង់ធ្វើឲ្យមានសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»៕