ប្រទេសបាគីស្ថាននិយាយថា យុទ្ធនាការប្រឆាំងភេវកម្មរបស់ខ្លួនផ្តោតសំខាន់លើក្រុមសកម្មប្រយុទ្ធគ្រប់ឯកសណ្ឋាន ដែលមានប្រតិបត្តិការនៅក្នុងប្រទេស ហើយយុទ្ធនាការនេះមិនមានបែងចែករវាងក្រុមតាលីបាន«ល្អ» ឬ «អាក្រក់» នោះទេ។ លោក Sartaj Aziz ទីប្រឹក្សាផ្នែកសន្តិសុខជាតិ និងគោលនយោបាយបរទេស បានប្រាប់វីអូអេតាមរយៈបទសម្ភាសន៍ថា គោលនយោបាយនេះនាំឲ្យមានកិច្ចសហប្រតិបត្តិការប្រឆាំងភេវកម្មប្រសើរជាងមុនជាមួយប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាង។
ចាប់តាំងពីទស្សនៈកិច្ចរបស់លោក Ashraf Ghani ប្រធានាធិបតីថ្មីរបស់អាហ្វហ្គានីស្ថានកាលពីខែមុន ភាគីទាំងពីរបានរាយការណ៍ពីកំណើននៅក្នុងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពក្នុងតំបន់។ ក្នុងឋានៈជាទីប្រឹក្សារបស់បាគីស្ថានផ្នែកសន្តិសុខជាតិ និងគោលនយោបាយការបរទេស លោក Sartaj Aziz និយាយថា ការវាយប្រហារនាពេលថ្មីៗនេះទៅលើសាលារៀនមួយគ្រប់គ្រងដោយយោធានៅទីក្រុង ប៉ាសាវ៉ា (Peshawar) គឺជាឧប្បតិ្តហេតុដំបូងក្នុងការធ្វើតេស្តការបេ្តជ្ញារបស់ប្រទេសទាំងពីរក្នុងការទប់ទល់រួមគ្នាទៅលើការគំរាមកំហែងពីសំណាក់ក្រុមសកម្មប្រយុទ្ធមកលើប្រទេសទាំងពីរ។
ការវាយប្រហារទៅសាលារៀនដ៏ឃោរឃៅមួយ ដែលត្រូវបានបង្កឡើងដោយអ្នកដាក់គ្រាប់បែកអត្តឃាតចំនួន៧នាក់បានសម្លាប់មនុស្សចំនួន១៥០នាក់ ដែលភាគច្រើនជាកុមារ។ ក្រុមតាលីបាននៅប្រទេសបាគីស្ថានបានប្រកាសទំនួលខុសត្រូវលើការវាយប្រហារនោះ។
លោក Aziz បានប្រាប់វីអូអេថារដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ (Islamabad) បានផ្តល់ភស្តុតាងភ្លាមៗ ដើម្បីសម្គាល់ក្រុមជននៅអាហ្វហ្គានីស្ថានដែលស្ថិតពីក្រោយការវាយប្រហារដ៏ឃោរឃៅទៅលើសាលារៀនមួយទៅឲ្យរដ្ឋាភិបាលក្រុងកាប៊ុល (Kabul) ក្នុងបែបផែនជាន់ខ្ពស់មួយ ហើយអាជ្ញាធរអាហ្វហ្គានីស្ថានបានឆ្លើយតបយ៉ាងសមស្រប។
លោក Aziz បានថ្លែងថា «នេះគឺជាព្រឹត្តិការណ៍ដំបូងដែលទាមទារឲ្យយកយន្តការទាំងនោះមកអនុវត្ត។ ដូច្នេះ មានការពិភាក្សាដោះដូរគំនិតជាន់ខ្ពស់មួយរវាងប្រទេសទាំងពីរ ហើយវិធានការសម្របសម្រួលមួយត្រូវបានចាត់ឡើង។ ហើយខ្ញុំគិតថានៅក្នុងប៉ុន្មានសបា្តហ៍ខាងមុខយន្តការនេះនឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយដូច្នេះខ្ញុំសង្ឃឹមថានាពេលអនាគតយើងនឹងអាចដោះស្រាយបញ្ហាទាំងនោះប្រកបដោយលក្ខណៈជាប្រព័ន្ធនិងលឿនជាងមុន។ ប៉ុន្តែវាជាការចង្អុលបង្ហាញដ៏ល្អមួយដែលបង្ហាញថាកិច្ចសហប្រតិបត្តិការមួយបានចាប់ផ្តើមឡើងបន្ទាប់ការកាន់តំណែងរបស់ប្រធានាធិបតី Ghani កំពុងមានដំណើរការទៅមុខ»។
លោក Mullah Fazlulllah មេដឹកនាំក្រុមតាបីបង់នៅប្រទេសបាគីស្ថាន ត្រូវបានគេរាយការណ៍ថាកំពុងជ្រកកោននៅក្នុងតំបន់ជុំវិញខេត្ត Kunar នៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីគេចខ្លួនពីប្រតិបត្តិការយោធានៅតាមព្រំដែន។ កងការពារសន្តិសុខរបស់អាហ្វហ្គានីស្ថានបានចាប់ផ្តើមការវាយប្រហារនៅក្នុងតំបន់នោះភ្លាមៗបន្ទាប់ពីការវាយប្រហារនៅក្រុង Peshawar ដោយបានសម្លាប់ក្រុមបះបោរដែលកំពុងតែរត់គេចខ្លួនជាច្រើននាក់។
អស់រយៈពេលជាច្រើនឆ្នាំមកហើយអាហ្វហ្គានីស្ថានបានជំរុញឲ្យបាគីស្ថានបដិសេធការផ្តល់កន្លែងលាក់ខ្លួនទៅឲ្យក្រុមតាលីបាន និងសម្ព័ន្ធមិត្តក្រុមនោះគឺបណ្តាញ Haqqani Network ដែលពាក់ព័ន្ធក្នុងការវាយប្រហារជាច្រើនទៅលើកងកម្លាំងយោធាក្នុងស្រុក និងកងកម្លាំងយោធាអន្តរជាតិដែលគាំទ្រដោយស.រ.អា.។ មានការចោទប្រកាន់សម្រាប់មួយរយៈពេលថា ខណៈដែលយោធាបាគីស្ថានកំពុងវាយប្រហារទៅលើក្រុមតាលីបានប្រឆាំងបាគីស្ថាន ប្រទេសបាគីស្ថានមិនបានបដិសេធក្នុងការផ្តល់កន្លែងជ្រកកោនទៅឲ្យក្រុមតាលីបង់ដែលប្រឆាំងអាហ្វហ្គានីស្ថាននោះទេ ពីព្រោះក្រុមតាលីបាននោះមិនបង្កការគំរាមកំហែងណាមួយមកលើខ្លួនឡើយ ហើយផ្ទុយទៅវិញក្រុមនោះអាចត្រូវបានប្រើដើម្បីទប់ទល់ឥទ្ធិពលរបស់ឥណ្ឌាដែលជាគូប្រជែងរបស់ខ្លួនទៅប្រទេសអាហ្វហ្គានីស្ថានដែលពោរពេញទៅដោយសង្រ្គាមមួយនេះ។ អាជ្ញាធរអាហ្វហ្គានីស្ថានថែមទាំងបានភ្ជាប់ការកើនឡើងនៃការវាយប្រហារដោយវាយឆ្មក់ដែលបណ្តាលឲ្យស្លាប់ពេលថ្មីៗនេះនៅក្នុងនិងនៅក្បែរក្រុងកាប៊ុល ទៅនឹងក្រុមសកម្មប្រយុទ្ធដែលកំពុងលាក់ខ្លួននៅតាមព្រំដែនបាគីស្ថាន។
ប៉ុន្តែលោក Sartaj Aziz បញេ្ចញយោបល់ថារដ្ឋាភិបាលរបស់លោកបានឈប់អនុវត្តគោលនយោបាយតាលីបាន «ល្អ» និង តាលីបាន «អាក្រក់» ជាយូរណាស់មកហើយ។
លោក Aziz បានមានប្រសាសន៍ថា «យើងមិនបានធ្វើការបែងចែករវាងតាលីបាន «ល្អ» និង «អាក្រក់»ទេ ហើយខ្ញុំគិតថាសំណួរនេះនឹងមិនមាននោះទេ ដែលថាយើងកំពុងជួយអ្នកណាមួយពាក់ព័ន្ធនឹងការវាយប្រហារនៅអាហ្វហ្គានីស្ថាន។ ប៉ុន្តែសូម្បីតែឥលូវនេះ ពេលខ្លះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅអាហ្វហ្គានីស្ថាន មានការចោទប្រកាន់ដាក់បាគីស្ថានចំពោះរាល់សកម្មភាពវាយឆ្មក់ណាមួយដែលបានកើតឡើងនៅអាហ្វហ្គានីស្ថាន ប៉ុន្តែយើងបានព្យាយាមអស់ពីសមត្ថភាពក្នុងការលុបបំបាត់គំនិតបែបនោះ ពីព្រោះពួកយើងមិនបានទទួលប្រយោជន៍អ្វីពីការបង្កឲ្យមានអស្ថេរភាពនៅអាហ្វហ្គានីស្ថាននោះទេ។ តាមពិតទៅសេ្ថរភាពក្នុងប្រទេសអាហ្វហ្គានីស្ថានពិតជាមានសារៈសំខាន់សម្រាប់សេ្ថរភាពក្នុងប្រទេសបាគីស្ថាន។ ដូច្នេះ ខ្ញុំគិតថានេះគ្រាន់តែជាគំនិតអតីតកាលតែប៉ុណ្ណោះ ហើយគំនិតមួយចំនួនត្រូវការរយៈពេលយូរក្នុងការលុបបំបាត់»។
ក្រុមមន្រ្តីរបស់អាហ្វហ្គានីស្ថាន និងស.រ.អា. ជឿជាក់ថាថ្នាក់ដឹកនាំកំពូលរបស់បណ្តាញ Haqqani នៅតែស្ថិតនៅបាគីស្ថានបន្ទាប់ពីការចាកចេញពីកន្លែងដែលមានសុវត្ថិភាពរបស់ពួកគេនៅក្នុងតំបន់ វ៉ាស៊ីរីស្ថាន (Waziristan) ភាគខាងជើង ទីដែលប្រតិបតិ្តការបោសសំអាតក្រុមបះបោរដ៏ធំត្រូវបានធ្វើឡើងតាំងពីខែមិថុនាឆ្នាំមុនមកម្ល៉េះ។ លោក Aziz មិនបានដកចេញលទ្ធភាពដែលថាយោធាអាហ្វហ្គានីស្ថានមួយចំនួនប្រហែលជាត្រូវឈរជើងនៅផ្នែកខ្លះនៃប្រទេសបាគីស្ថានមុនពេលដែលការវាយប្រហារនៅតំបន់ Waziristan បានចាប់ផ្តើម ហើយលោកបានសំដៅទៅតំបន់ជួរភ្នំ។
ប្រទេសបាគីស្ថានបានទទួចជាយូរមកហើយថាក្រុមតាលីបានអាហ្វហ្គានីស្ថានគឺជាអ្នករួមចំនែកក្នុងកិច្ចខំប្រឹងប្រែងដើម្បីសនិ្តភាព និងការស្រុះស្រួលគ្នាវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Aziz ទំនងជាចាកឆ្ងាយពីគោលជំហរដើមរបស់ប្រទេសលោកដែលធ្លាប់ជាអ្នកជជេសដ៏ធំមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។
លោក Aziz បានថា «ខ្ញុំគិតថាវាគឺសិ្ថតនៅលើប្រទេសអាហ្វហ្គានីស្ថានក្នុងការសម្រេចចិត្ត ប៉ុន្តែសម្រាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំគឺថា លោកប្រធានាធិបតី Ashraf Ghani បានអញ្ជើញពួកគេឲ្យចូលរួមក្នុងកិច្ចសន្ទនារួមគ្នា។ អ្នកខ្លះបានឆ្លើយតប ប៉ុន្តែអ្នកខ្លះមិនបានឆ្លើយតបនោះទេ ដូច្នេះខ្ញុំគិតថាដំណើរការនេះគួរតែបន្តទៅមុខទៀត។ យើងពិតជាអាចគាំទ្រដំណើរការនេះដល់ចំនុចមួយដែលយើងអាចធ្វើបានតាមរយៈការចែករំលែកព័ត៌មាន និងការផ្តល់ជាយោបល់»។
ស.រ.អា. ក៏បានទទួលស្គាល់និន្នាការវិជ្ជមានមួយនេះ និងកំណើនកិច្ចសហប្រតិបត្តិការរវាងប្រទេសបាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយបានសន្យាបន្តគាំទ្រដើម្បីឲ្យប្រទេសទាំងពីរកាន់តែចូលជិតគ្នាដើម្បីធានាសន្តិភាពក្នុងតំបន់។
បន្ទាប់ពីការដកកងកម្លាំងអន្តរជាតិជាច្រើនពីប្រទេសអាហ្វហ្គានីស្ថាននៅចុងខែនេះ ក្រុមអ្នកវិភាគជារឿយៗមើលឃើញនូវចំណងដែលមិនស្ថេរភាពរវាងក្រុងអ៊ីស្លាម៉ាបាដ និងក្រុងកាប៊ុលក្នុងផ្លាស់ប្តូរពីទំនាក់ទំនងដែលមិនទុកចិត្តគ្នាមួយទៅជាកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងភេវកម្ម និងការស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ