អស់រយៈពេលជាច្រើនទសវត្សរ៍ ទំនាក់ទំនងរវាងប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន ត្រូវបានសៅហ្មងដោយសារការមិនទុកចិត្តគ្នានិងមន្ទិលសង្ស័យ។ ប៉ុន្តែរដ្ឋបាលថ្មីដែលបានចាត់តាំងនៅក្នុងទីក្រុងកាប៊ុល និងការផ្តួចផ្តើមថ្មីរបស់មេបញ្ជាការយោធាបាគីស្ថាន បានធ្វើឲ្យមានសញ្ញានៃការផ្លាស់ប្តូរសំខាន់ៗសម្រាប់ប្រទេសជិតខាងទាំងពីរដែលតែងតែប្រយ័ត្នប្រយែងគ្នាទៅវិញទៅមក។
កាលពីខែវិចិ្ឆកាឆ្នាំមុន កន្លែងដំបូងដែលប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានទៅមុនគេបង្អស់ក្នុងពេលទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន គឺទីស្នាក់ការកណ្តាលរបស់កងយោធាដ៏មានអំណាចនៅក្នុងប្រទេស។ នេះជាស្ថាប័នមួយដែលអាហ្វហ្គានីស្ថានតែងតែបន្ទោសអំពីការបង្កើតបញ្ហាដែលប្រទេសទាំងពីរត្រូវប្រឈម។
ចាប់តាំងពីការផ្តួចផ្តើមនោះមក លោកមេបញ្ជាការកងទ័ពបាគីស្ថាន Raheel Sharif បានធ្វើដំណើរទៅកាន់ទីក្រុងកាប៊ុលជាច្រើនលើក ជាមួយប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិប៉ាគីស្ថាន និងមេបញ្ជាការផ្សេងទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅជាមួយប្រទេសជាសមភាគីអាហ្វហ្គានីស្ថាន។
ការណ៍ដែលមន្រ្តីជាន់ខ្ពស់ទាំងអស់នោះមានការជួបប្រជុំជាទៀងទាត់ គឺពុំធ្លាប់មានពីមុនមកទេអស់រយៈពេលជាច្រើនឆ្នាំ ដោយសារប្រទេសនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារដោយហិង្សានៅលើទឹកដីរបស់ខ្លួន។ ប៉ុន្តែកិច្ចសហប្រតិបត្តិការថ្មីនេះ វាហួសពីដំណើរទស្សនកិច្ចថ្នាក់កំពូលទៅទៀត។
អាជ្ញាធរបាគីស្ថានបាននិយាយថា ឥឡូវនេះកិច្ចសហប្រតិបត្តិការយោធានិងការស៊ើបការណ៍សម្ងាត់មានភាពប្រសើរច្រើន ជាមួយនឹងសកម្មភាពទប់ស្កាត់ភេរវកម្មដែលអាហ្វហ្គានីស្ថានបានចាប់ផ្តើមធ្វើប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធបាគីស្ថានដែលបានរត់គេចខ្លួនចូលក្នុងទឹកដីអាហ្វហ្គានីស្ថាននោះ។ មន្រ្តីអាហ្វហ្គានីស្ថានក៏បានទទួលស្គាល់ថាវិធានការប្រឆាំងភេរវកម្មរបស់បាគីស្ថានបានធ្វើឲ្យសន្តិសុខនៅតាមបណ្តោយព្រំដែនមានភាពប្រសើរឡើង។
ថ្មីៗនេះ មានក្រុមនិស្សិតនាយទាហានរបស់អាហ្វហ្គានីស្ថានមួយក្រុម បានចូលរៀនជាលើកដំបូងនៅបណ្ឌិតសភាយោធារបស់បាគីស្ថានដ៏មានកិត្យានុភាពនៅក្នុងទីក្រុង Abbottabad។
នៅក្នុងប្រទេសបាគីស្ថាន មេដឹកនាំស៊ីវិលនិងយោធាហាក់បីដូចជាផ្តោតលើការបញ្ចុះបញ្ចូលក្រុមអ្នករិះគន់ទាំងក្នុងស្រុកនិងអន្តរជាតិថា រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដបានបោះបង់គោលនយោបាយអន្តរាគមន៍របស់ខ្លួនក្នុងអតីតកាល នៅក្នុងកិច្ចការរបស់អាហ្វហ្គានីស្ថាននោះហើយ។
អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ទោ Asim Bajwa បានប្រាប់វីអូអេថា ក្រុមមន្រ្តីបានផ្តោតលើទំនាក់ទំនងស៊ីជម្រៅដែលចងភ្ជាប់ប្រទេសទាំងពីរជាយូរមកហើយ ទោះបីជាពួកគេមានប្រវត្តិសាស្រ្តស្អប់គ្នាយ៉ាងណាក៏ដោយ។
«ប្រសិនបើអ្នកមើលទៅលើបរិបទទាំងស្រុងវិញ ប្រជាពលរដ្ឋបាគីស្ថាននិងអាហ្វហ្គានីស្ថានគឺជាបងប្អូនគ្នា។ វាមិនមែនជារឿងចម្លែកទេដែលនៅក្នុងទំនាក់ទំនងតែងមានការប្រេះស្រាំនោះ ប៉ុន្តែខ្ញុំគិតថាពួកយើងកំពុងស្តារនូវទំនាក់ទំនងទៅកាន់ភាពប្រក្រតីឡើងវិញ ហើយមានសិស្សនាយទាហានរបស់អាហ្វហ្គានីស្ថានដែលមកបាគីស្ថាន ដើម្បីទទួលការហ្វឹកហាត់យោធា។ អ្នកអាចចេញទៅខាងក្រៅហើយជួបនឹងជនជាតិអាហ្វហ្គានីស្ថានសាមញ្ញម្នាក់នៅតាមផ្លូវ គាត់ប្រាកដជាធ្លាប់បានទៅបាគីស្ថាន។ ដូច្នេះវាដូចជាការត្រឡប់ទៅផ្ទះវិញសម្រាប់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់គ្នា ហើយយើងពិតជារីករាយក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ុល»។
អតីតឯកអគ្គរដ្ឋទូតរបស់ប្រទេសបាគីស្ថានប្រចាំអាហ្វហ្គានីស្ថាន លោក Mohammad Sadiq ឥឡូវនេះគឺជាលេខាធិការនៃក្រុមសន្តិសុខជាតិរបស់បាគីស្ថានដែលទើបតែនឹងបង្កើតឡើង។
ក្នុងអំឡុងពេលសិក្ខាសាលានៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ លោកបានព្យាយាមពន្យល់ពីមូលហេតុនៅពីក្រោយភាពប្រសើរឡើងវិញនៅក្នុងទំនាក់ទំនងរវាងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន។
«លោកប្រធានាធិបតី Karzai មានការមន្ទិលសង្ស័យខ្លាំងលើប្រទេសបាគីស្ថាន ហើយយើងក៏មានការមន្ទិលសង្ស័យខ្លាំងលើលោកប្រធានាធិបតី Karzai ក្នុងពេលដំណាលគ្នានោះដែរ។ ហើយមានការព្រមព្រៀងគ្នាជាច្រើន ប៉ុន្តែយើងមិនដែលបានយកទៅអនុវត្តឡើយ។ ជាសំណាងល្អ លោក Ashraf Ghani មានវត្តមាននៅក្នុងការប្រជុំស្ទើរទាំងអស់ ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Karzai ដំបូងជារដ្ឋមន្រ្តី ហើយក្រោយមកជាទីប្រឹក្សាលោកប្រធានាធិបតី Karzai។ ឥឡូវការអនុវត្តនៃការព្រមព្រៀងទាំងនោះកំពុងតែកើតឡើងហើយ បន្ទាប់ពីមានរដ្ឋាភិបាលឯកភាព ហើយដោយសារតែឱកាសថ្មីនៃកិច្ចសហប្រតិបត្តិការបានបើកចំហ»។
លោក Sadiq បាននិយាយថា កងយោធានិងទីភ្នាក់ងារសន្តិសុខនៃប្រទេសទាំងពីរ គឺជាផ្នែកមួយនៃរដ្ឋាភិបាលដែលបានសាបព្រួសការមិនទុកចិត្តគ្នាខ្លាំង។ ប៉ុន្តែមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដើម្បីដោះស្រាយបញ្ហានេះ ដើម្បីឈានទៅមុខបាន។
«ការតវ៉ាគឺប្រឆាំងនឹងផ្នែកជាច្រើនរបស់រដ្ឋាភិបាល។ ឧទាហរណ៍ យើងបានតវ៉ាប្រឆាំងនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាហ្វហ្គានីស្ថាន យើងបានតវ៉ាប្រឆាំងនឹងប៉ូលីសព្រំដែនរបស់អាហ្វហ្គានីស្ថាន ហើយបាគីស្ថានបានតវ៉ាប្រឆាំងនឹងក្រសួងរបស់ពូកគេសម្រាប់កិច្ចការព្រំដែននិងកុលសម្ព័ន្ធ និយាយជាទូទៅគឺស្ថាប័នចំនួនបីរបស់អាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានតវ៉ាប្រឆាំងនឹងកងទ័ពបាគីស្ថាន ហើយប្រឆាំងនឹង ISI គឺក្រសួងទាំងពីររបស់រដ្ឋាភិបាលបាគីស្ថាន។ តួនាទីរបស់ពួកយើងពីដំបូងគឺទាញប្រទេសទាំងពីរឲ្យចូលរួមជាមួយគ្នា ដោយឲ្យពួកគេអង្គុយនិយាយគ្នា ហើយរៀបចំដោះស្រាយបញ្ហាទាំងអស់នោះទាំងអស់គ្នា។ ហើយករណីកំពុងតែកើតឡើងនៅពេលបច្ចុប្បន្ននេះ»។
មេដឹកនាំអាហ្វហ្គានីស្ថានក៏បានទទូលស្គាល់ដែរថា ពេលវេលាបានមកដល់ហើយសម្រាប់កិច្ចខិតខំប្រឹងប្រែងរួបរួមគ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែងនៃភាពជ្រុលនិយមនិងភេរវកម្ម។
ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំបាគីស្ថាន លោក Janan Mosazai បាននិយាយថាប្រទេសរបស់លោកបានផ្តួចផ្តើម «ការងារដែលលំបាកប៉ុន្តែចាំបាច់» ដើម្បីកសាងនូវសេចក្តីទុកចិត្តគ្នា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយបាគីស្ថាន ដោយមានការផ្តោតច្បាស់ទៅលើការពង្រឹងសន្តិសុខនិងសន្តិភាពក្នុងតំបន់។
លោកក៏បានសង្កត់ធ្ងន់អំពីតម្រូវការនៃប្រព័ន្ធផ្សព្វផ្សាយនិងក្រុមអ្នកប្រាជ្ញអ៊ីស្លាមនៅក្នុងប្រទេសទាំងពីរឲ្យធ្វើការជាមួយគ្នា ដើម្បីប្រឆាំងនឹងក្រុមសាសនាជ្រុលនិយមនៅក្នុងប្រទេសទាំងពីរ។
«ប្រសិនបើវាជាការវាយប្រយុទ្ធរួមគ្នាមួយ ដែលយើងជឿជាក់ថាវាពិតជាដូច្នេះមែន គឺការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងភាពជ្រុលនិយម ហើយដើម្បីសន្តិភាពនិងសន្តិសុខនោះ យើងត្រូវតែបង្កើតនិទានកថារួមមួយដែលចាំបាច់ដើម្បីធានាឲ្យបានជោគជ័យ។ ខ្ញុំជឿជាក់ថា យើងត្រូវតែកោះហៅបុគ្គលទាំងនោះនៅក្នុងប្រទេសទាំងពីរ ទោះជាគេជាអ្នកណាក៏ដោយ ដែលចង់ឲ្យមានសង្គ្រាមសាសនានៅក្នុងប្រទេសទាំងពីរ ឬមនុស្សដែលបែរទៅរកអំពើហិង្សា ភេរវកម្មដែលកំពុងកើតឡើងនៅក្នុងប្រទេសទាំងពីរ ក្នុងទ្រង់ទ្រាយជាសង្គ្រាមសាសនា»។
កិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងក្រសួងសន្តិសុខរវាងប្រទេសទាំងពីរ បានធ្វើឲ្យសេចក្តីសង្ឃឹមកើនឡើងសម្រាប់បើកកិច្ចពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់។
មានជំនឿជាទូទៅថា មេដឹកនាំសំខាន់ៗនៃក្រុមឧទ្ទាមត្រូវបានផ្តល់ទីជម្រកនៅក្នុងប្រទេសបាគីស្ថាន ហើយរដ្ឋាភិបាលទីក្រុងកាប៊ុលជឿជាក់ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បាគីស្ថានអាចបង្ខំឲ្យក្រុមតាលីបង់ចូលមកកាន់តុចរចាបាន។
ប៉ុន្តែអ្នកនិពន្ធ Ahmed Rashid បាននិយាយថា មានសញ្ញាខ្លះដែលបង្ហាញថា ប្រទេសចិនអាចដើរតួជាអ្នកស្វែងរកសន្តិភាពដ៏មានឥទ្ធិពលមួយ ដោយសារចំណងទាក់ទងដ៏យូរលង់របស់រដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយបាគីស្ថាន ហើយនិងសុច្ឆន្ទៈដែលត្រូវបានសាទរនៅក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថាន។
«ប្រទេសចិនមានការគោរពពីប្រទេសពាក់ព័ន្ធជាច្រើន រួមមាន ប៉ាគីស្ថាន អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន។ ហើយប្រទេសនេះក៏មានការគោរពពីក្រុមតាលីបង់ផងដែរ។ វាជាលើកដំបូងហើយ ដែលយើងមានប្រទេសចិន ដើរតួជាអ្នកសម្របសម្រួលអន្តរជាតិនៅខាងក្រៅព្រំដែនរបស់ខ្លួន។ ដូច្នេះចិនបានឈានជំហានដំបូងចូលក្នុងឆាកអន្តរជាតិក្នុងតួនាទីជាអ្នកសម្របសម្រួលលើបញ្ហាប្រទេសអាហ្វហ្គានីស្ថាន»។
អ្នកសង្កេតការណ៍មួយចំនួននិយាយថា ក្រុមមន្រ្តីចិនក៏កំពុងជំរុញបាគីស្ថានឲ្យបន្ថយភាពតានតឹងជាមួយប្រទេសជិតខាងរបស់ខ្លួនគឺឥណ្ឌាដែរ។ ចិនបានព្យាយាមស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់អស់រយៈពេលជាយូរមកហើយ ដែលលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងជំរុញឲ្យមានសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីដំឡើងស្ថិរភាពនិងពាណិជ្ជកម្មក្នុងតំបន់៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា