បេក្ខជនម្នាក់សម្រាប់គណបក្សរបស់លោក Nawaz Sharif អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីអំណាចនៅប្រទេសប៉ាគីស្ថានត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ដោយតុលាការប្រឆាំងគ្រឿងញៀន។ ការកាត់ទោសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោត។
លោក Hanif Abbasi ដែលត្រូវបានគេចាត់ទុកថា ជាបេក្ខជនដ៏ខ្លាំងមួយរូបសម្រាប់គណបក្សប៉ាគីស្ថានមូស្លីម Nawaz នៅក្នុងការស្ទង់មតិកាលពីថ្ងៃពុធត្រូវបានផ្តន្ទាទោសនៅក្នុងសវនាការដ៏កម្រមួយដែលធ្វើនៅពេលយប់ជ្រៅកាលពីថ្ងៃសៅរ៍។ សំណុំរឿងដែលមានអាយុប្រាំមួយឆ្នាំនេះទាក់ទងទៅនឹងការផ្គត់ផ្គង់សារធាតុ ephedrine ដល់អ្នករត់ពន្ធគ្រឿងញៀន។ ក្រុមអ្នករិះគន់បានចោទប្រកាន់ជាយូរមកហើយថា យោធាដ៏មានអំណាចនៅប៉ាគីស្ថាន រួមទាំងទីភ្នាក់ងារអន្តរសេវាកម្មស៊ើបការណ៍សម្ងាត់បានជ្រៀតជ្រែកក្នុងនយោបាយ និងកិច្ចការតុលាការ តែក្រុមយោធា និងទីភ្នាក់ងារអន្តរសេវាកម្មស៊ើបការណ៍សម្ងាត់បានបដិសេធការចោទប្រកាន់នេះ។
លោក Nawaz Sharif ដោយផ្ទាល់បានចោទប្រកាន់ថា ពួកឧត្តមសេនីយ៍បានកំណត់គោលសំដៅវាយប្រហារលើគណបក្សរបស់លោក ដែលក្នុងនោះមានបំភិតបំភ័យបេក្ខជនរបស់លោកឲ្យផ្លាស់ប្តូរភាពស្មោះត្រង់ជាពិសេសនៅក្នុងខេត្ត Punjab។ កាលពីព្រឹកថ្ងៃសៅរ៍ លោក Shaukat Aziz Siddiqui ចៅក្រមតុលាការកំពូលនៅក្រុង Islamabad បានចោទប្រកាន់ជាសាធារណៈថា ទីភ្នាក់ងារអន្តរសេវាកម្មស៊ើបការណ៍សម្ងាត់ប្រើឥទ្ធិពលរបស់ខ្លួនលើការសម្រេចរបស់តុលាការ៕