ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ប៉ាគីស្ថាន​រួច​ជីវិត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត


លោក Ahsan Iqbal រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប៉ាគីស្ថាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។
លោក Ahsan Iqbal រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប៉ាគីស្ថាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។

លោក Ahsan Iqbal រដ្ឋមន្ត្រី​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​របស់​ប៉ាគីស្ថាន​ បាន​រួច​ជីវិត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ចំ​កណ្តាល​ខេត្ត Punjab។

ប៉ូលិស​បាន​បញ្ជាក់​ថា​ការ​វាយប្រហារ​នេះ​ពិត​ជា​បាន​កើតមាន​ឡើង​ប្រាកដ​មែន ដោយ​និយាយ​ថា លោក​រដ្ឋមន្ត្រី​បាន​រងរបួស​ស្មា​ខាង​ស្តាំ​ដោយ​សារ​គ្រាប់កាំភ្លើង។ លោក Iqbal ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​ទទួល​ការ​ព្យាបាល ហើយ​វេជ្ជបណ្ឌិត​និយាយ​ថា ស្ថានភាព​របស់​លោក​មាន​ភាព​នឹង​នរ​ទេ។ ​

លោក Iqbal ត្រូវ​បាន​គេ​បាញ់​ពីរ​គ្រាប់ ខណៈដែល​លោក​រៀបចូល​ក្នុង​រថយន្ត​របស់​លោក បន្ទាប់​ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​សាធារណៈ​មួយ​ក្នុង​ក្រុង Narowal ដែល​ជា​ស្រុក​កំណើត​របស់​លោក។

ជនដៃដល់​ដែល​មាន​តែ​ម្នាក់​ឯង​និង​មាន​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​និង​ដកហូត​អាវុធ។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ប៉ូលិស​សង្កាត់​ជាន់​ខ្ពស់​ម្នាក់​ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត។ មន្ត្រី​រូប​នោះ​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​រូប​នោះ​គឺ​ជា​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ហើយ​កំពុង​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ។

ហេតុការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​កើតឡើង ខណៈ​ដែល​គណបក្ស Muslim League-Nawaz ដែល​ជា​គណបក្ស​កាន់​អំណាច​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដល់​ថ្ងៃ​ត្រូវ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ក្នុង​ខែ​នេះ មុន​នឹង​ប្រទេស​នេះ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ទៀត។​

លោក​ Shahid Khaqan Abbasi នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាន​ថ្កោលទោស​ការវាយប្រហារ​នេះ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​និង​បាន​ស្នើ​ឲ្យ​ប៉ូលិស​បញ្ជូន​របាយការណ៍​របស់​ខ្លួន​អំពី​ហេតុការណ៍នេះ​ជា​បន្ទាន់​។

សហរដ្ឋអាមេរិក​ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​នេះ​ផង​ដែរ។ លោក David Hale ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា «យើង​សូម​ជូន​ពរ​ឲ្យ​លោក​ជា​សះស្បើយ​ឡើង​វិញ​យ៉ាង​លឿន​បំផុត‍»៕​

XS
SM
MD
LG