ជាការតបតវិញ ប្រទេសប៉ាគីស្ថានបានប្រកាសពីការរឹតត្បិតការធ្វើដំណើរលើពួកអ្នកការទូតសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ហើយនឹងដកសម្បទានដែលប៉ាគីស្ថានបានផ្តល់ដល់បេសកកម្មការទូតសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃសង្គ្រាមប្រឆាំងភេរវកម្ម។ អតីតអ្នកការទូតប៉ាគីស្ថានម្នាក់បានពណ៌នាថា ជាការងាកចេញយ៉ាងខ្លាំងពីទំនាក់ទំនងទ្វេភាគី។
ការសម្រេចនេះកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រាប់ឲ្យដឹងថា ពួកអ្នកការទូតប៉ាគីស្ថាននឹងតម្រូវឲ្យស្វះស្វែងរកសុំការអនុញ្ញាតចំនួន៥ថ្ងៃជាមុន មុនពេលធ្វើដំណើរចម្ងាយជាង៤០គីឡូម៉ែត្រពីទីកន្លែងរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។
លិខិតមួយច្បាប់របស់ក្រសួងការបរទេសផ្ញើរជូនស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងអ៊ីស្លាមម៉ាបាតមិនបានពណ៌នាលម្អិតថា «ការអនុញ្ញាតធ្វើដំណើរទៅវិញទៅមក»ត្រូវបានដាក់ឲ្យអនុវត្តក្នុងប្រទេសប៉ាគីស្ថានទេ។ បុគ្គលិកម្នាក់របស់ស្ថានទូតសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានត្អូញត្អែពីការឆែកឆេរនិងសាកសួរដោយមន្រ្តីស៊ើបការណ៍សម្ងាត់នៅពេលដែលចាកចេញពីបរិវេណស្ថានទូត។
លិខិតនោះក៏បានបញ្ជាក់ដែរថា ប៉ាគីស្ថានបានទទួលព័ត៌មានថា លិខិតអនុញ្ញាតធ្វើដំណើរថ្មីសម្រាប់ពួកអ្នកការទូតប៉ាគីស្ថាន និងមន្រ្តីនៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវអនុវត្តចាប់តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ទៅ។
នៅក្រោមការរឹតត្បិតថ្មី ការអនុគ្រោះពិសេសសម្រាប់បុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកនិងស្ថានកុងស៊ុលនៅចំណតយន្តហោះបានបញ្ចប់។ ទំនិញរបស់ពួកគេនឹងត្រូវពិនិត្យឆែកឆេរដូចអ្នកធ្វើដំណើរផ្សេងទៀតនៅចំណតយន្តហោះ៕