នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលចិនបានធានាចំពោះប្រទេសប៉ាគីស្ថានថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែរឹងមាំដដែល និងមិនងាយប្រេះស្រាំនោះទេ។ រដ្ឋាភិបាលចិនបានបញ្ជាក់ដូច្នេះនៅមុនពេលជំនួបរវាងប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ចូលមកដល់នៅក្នុងសប្ដាហ៍នេះ ដែលជំនួបនេះអាចធ្វើឲ្យរដ្ឋាភិបាលប៉ាគីស្ថានបាក់ទឹកចិត្ត។
ប្រទេសចិន និងប៉ាគីស្ថានចូលចិត្តហៅគ្នាទៅវិញទៅមកថាជា «មិត្តភក្ដិគ្រប់កាលៈទេសៈទាំងអស់» ហើយទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរត្រូវបានប្រទេសឥណ្ឌា ដែលជាប្រទេសក្បែរខាងនិងជាសត្រូវរបស់ប្រទេសប៉ាគីស្ថានមានការសង្ស័យ។
ប៉ុន្តែ លោក Narendra Modi បានព្យាយាមបង្កើតទំនាក់ទំនងឡើងវិញជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង ក្រោយពីមានការខ្វែងគំនិតគ្នាអស់រយៈពេលជាយូរមកហើយនូវគ្រប់ផ្នែកទាំងអស់ តាំងពីបញ្ហាព្រំដែនរហូតដល់បញ្ហាសម្ដេចសង្ឃទីបេ Dalai Lama ដោយលោក Narendra Modi នឹងមានជំនួបក្រៅផ្លូវការជាមួយនឹងលោក Xi Jinping នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះនៅក្នុងប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីប៉ាគីស្ថានលោក Khawaja Asif នៅក្នុងជំនួបមួយនៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹងនៅតែបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសប៉ាគីស្ថាន។
លោក Wang Yi បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសចិនត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើការជាមួយនឹងប្រទេសប៉ាគីស្ថានដែលជាបងប្អូនរបស់យើង ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្រនូវការកសាងជាតិឡើងវិញ និងសម្រេចឲ្យបាននូវក្ដីសុបិនដ៏អស្ចារ្យនៃវិបុលភាពជាតិ និងការអភិវឌ្ឍ។ ដូច្នេះហើយ ទំនាក់ទំនងរបស់យើងជាមួយនឹងប្រទេសប៉ាគីស្ថាននឹងមិនងាយប្រេះស្រាំនោះទេ»៕