ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ផ្សារភាគហ៊ុនពិភពលោកបានឡើងខ្ពស់កាលពីថ្ងៃចន្ទ ក្នុងក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺកូវីដនឹងត្រូវគេរកឃើញ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថ AstraZeneca របស់ប្រទេសអង់គ្លេស បានបន្តការសាកល្បងវ៉ាក់សាំងរបស់ខ្លួនឡើងវិញក្នុងដំណាក់កាលទីបី។ ប៉ុន្តែកំណើនផ្សារភាគហ៊ុននោះនៅត្រឹង នៅពេលដែលការប្រយ័ត្នប្រយែង កំពុងកើតមាន នៅមុនពេលមានការរៀបចំកិច្ចប្រជុំធនាគារកណ្តាលនៅអាមេរិក អង់គ្លេសនិងជប៉ុនក្នុងសប្តាហ៍នេះ។
ក្រុមហ៊ុនផលិតឱសថ AstraZeneca និយាយនៅចុងសប្តាហ៍ថា ខ្លួនបានបន្តការសាកល្បងវ៉ាក់សាំងកូវីដ១៩ ក្រោយការផ្អាកដោយសារមានករណីមិនប្រក្រតីកើតឡើងលើអ្នកចូលរួមនៅអង់គ្លេសម្នាក់។ វ៉ាក់សាំង AstraZeneca ជាវ៉ាក់សាំងសាកល្បងដ៏ជឿនលឿនបំផុតមួយ បន្ទាប់ពីទទួលការអនុញ្ញាតក្រុមអ្នកឃ្លាំមើលសុវត្ថិភាពនៃវ៉ាក់សាំងនេះ។
នៅក្នុងប្រទេសអង់គ្លេសដែរ រូបិយប័ណ្ណ Sterling បានទទួលរងការប៉ះពាល់ ដោយសារការបន្តមានភាពច្របូកច្របល់នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ឬហៅថា Brexit កាលពីពេលមុននោះ ពេលនេះ មានអត្រានៅនឹងនរ មុនពេលការបោះឆ្នោតឆ្នោតដ៏សំខាន់មួយ ស្តីពីគម្រោងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ក្នុងការបំពានច្បាប់អន្តជាតិ ដោយមិនអនុវត្តនូវផ្នែកមួយចំនួននៃសន្ធិសញ្ញានៃការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបនោះ។
ផ្សារភាគហ៊ុនអឺរ៉ុបងើបខ្ពស់ពេលបើកដំណើរការដំបូង បន្តែធ្លាក់ចុះបន្តិចក្នុងពេលបន្ទាប់មក។ ផ្សារភាគហ៊ុនអាមេរិកក្នុងពេលខាងមុខ មានលក្ខណៈរឹងមាំ និងមានសញ្ញាវិជ្ជមាននៅពេលបើកដំណើរការទីផ្សារ Wall Street។
ចំណែកនៅអាស៊ីវិញ ផ្សារភាគហ៊ុន Nikkei របស់ជប៉ុនបានកើន០.៧% បន្ទាប់ពី លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលជ័យជម្នះលើសលុបក្នុងការបោះឆ្នោតផ្ទៃក្នុងគណបក្សកាន់អំណាច ដែលនឹងបើកផ្លូវឱ្យលោកអាចជំនួសនាយករដ្ឋមន្ត្រី Shinzo Abe ដែលបានប្រកាសលាលែងពីតំណែងដោយសារបញ្ហាសុខភាព៕