បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញ បានអំពាវនាវដល់ក្រុមប្រឹក្សាអ្នកវិទ្យាសាស្ត្រដែលមិនស្ថិតក្រោមសេតវិមាន ឲ្យធ្វើជាអ្នកកំណត់អំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងជំងឺកូវីដ១៩ ណាមួយ។
លោក Biden បាននិយាយនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា៖ « ខ្ញុំទុកចិត្តវ៉ាក់សាំង។ ខ្ញុំទុកចិត្តអ្នកវិទ្យាសាស្ត្រ។ ប៉ុន្តែ ខ្ញុំមិនទុកចិត្តលោកប្រធានាធិបតី Donald Trump ទេ។ ហើយនៅពេលនេះ ប្រជាពលរដ្ឋអាមេរិកាំងក៏មិនអាចទុកចិត្តលោក Trump ដែរ»។
ថ្លែងទៅកាន់អ្នកកាសែតនៅរោងមហោស្រពមួយ លោក Biden បានបង្ហាញផែនការរបស់លោកនៅ ក្នុងការចែកចាយវ៉ាក់សាំង ដែលបង្ហាញអំពីពេលវេលាដែលពលរដ្ឋអាមេរិកាំងអាចរំពឹងថានឹងទទួលបានវ៉ាក់សាំង នៅពេលដែលមានវ៉ាក់សាំងនោះ។
ជាងនេះទៀត ផែនការរបស់លោកផ្តល់គោលការណ៍ណែនាំអំពីថា តើនរណាគួរមានអាទិភាពទទួលបានវ៉ាក់សាំងមុន និងបានរៀបរាប់អំពីយន្តការសម្រាប់ការដឹកជញ្ជូននិងស្តុកទុកវ៉ាក់សាំង ក៏ដូចជាបង្ហាញសេចក្តីលម្អិតអំពីដំណើរការទទួលខុសត្រូវនៅគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាល។
ក្រោយមក លោកប្រធានាធិបតី Trump បានថ្លែងនៅក្នុងសន្និសីទកាសែតនៅសេតវិមានក្នុងថ្ងៃដដែលនោះថា លោក Biden មិនគួរផ្សព្វផ្សាយផែនការចែកចាយវ៉ាក់សាំងដែលបានបង្កើតឡើងនៅក្រោមអាណត្តិរបស់លោកនោះទេ។
លោកប្រធានាធិបតី Trump បាននិយាយថា៖ «យើងបានបង្កើតវ៉ាក់សាំងនោះ។ វ៉ាក់សាំងនោះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ»។
លោក Trump បានប៉ាន់ស្មានថា វ៉ាក់សាំងកូវីដ១៩ ដំបូង អាចមាននៅខែក្រោយ និងបានបញ្ជាក់ទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រៀមចែកចាយវ៉ាក់សាំងនេះឲ្យបានយ៉ាងតិចក៏ ១០០ លានដូសដែរនៅត្រឹមចុងឆ្នាំ ២០២០ នេះ។
ប៉ុន្តែ កាលពីព្រឹកថ្ងៃពុធម្សិលមិញ លោក Robert Redfield ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC បានប្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកថា វ៉ាក់សាំងជំងឺកូវីដ១៩ អាចមានជាទូទៅសម្រាប់សាធារណជនអាមេរិកាំងនៅត្រីមាសទី ២ ឬទី ៣ នៃឆ្នាំក្រោយ ដោយអ្នកដែលប្រឈមហានិភ័យខ្ពស់ដូចជា មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺផ្សេងៗជាប់ខ្លួនស្រាប់ រួមទាំងបុគ្គលិកសុខាភិបាល គឺជាអ្នកដែលមានអាទិភាពទទួលបានវ៉ាក់សាំងនេះមុនគេ។
លោក Trump បានបង្ហាញយ៉ាងច្បាស់ក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃពុធម្សិលមិញថា លោកមិនពេញចិត្តចំពោះការលើកឡើងរបស់លោក Redfield អំពីពេលវេលាដូចនេះទេ។
លោក Trump បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា លោក Redfield ច្រឡំនៅពេលដែលលោកបាននិយាយដូច្នោះ។ នោះជាព័ត៌មានមិនត្រឹមត្រូវនោះទេ។ វ៉ាក់សាំងជំងឺកូវីដ១៩ នឹងមិនមានយឺតពេលដូចលោកវេជ្ជបណ្ឌិត Redfield លើកឡើងនោះឡើយ»៕