ការសិក្សាថ្មីមួយធ្វើឡើងដោយមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រងនិងទប់ស្កាត់ជំងឺ ហៅកាត់ថា CDC បានរកឃើញថា ជាងពាក់កណ្តាលនៃគ្រឿងទេសក្នុងអាហារវេចខ្ចប់នៅសហរដ្ឋអាមេរិកមានកម្រិតជាតិអំបិលលើសពីអ្វីដែលរដ្ឋាភិបាលបានណែនាំ។ អាហារទាំងនោះរួមបញ្ចូលទាំងអាហារដែលអតិថិជនតែងតែជាវប្រើប្រាស់ជាប្រចាំ។
អំបិលគឺជាធាតុផ្សំមួយដែលធ្វើឲ្យមានសម្ពាធឈាមខ្ពស់ ដែលជាកត្តាមួយបង្កឲ្យមានគ្រោះថ្នាក់កើតជំងឺបេះដូង។
អ្នកស៊ើបអង្កេតនៅ CDC បានពិនិត្យមើលជាតិសូដ្យូមឬអំបិលដែលមាននៅក្នុងគ្រឿងកញ្ចប់សម្រាប់ធ្វើម្ហូបចំនួន ១០មុខ។
«យើងពិនិត្យមើលនំបុ័ង បន្ទះសាច់ធ្វើសុំាងវិច ភិស្សា សាច់មាន់ទា នំប៉័ងសុំាងវិច ហ៉្រូម៉ាស់ ម្ហូបដែលលាយគ្រឿងផាស្តាដូចជាមីអ៊ីតាលី អាហារដែលមានលាយសាច់ និងអាហារសម្រន់ដែលមានរសជាតិប្រៃហើយហឹល»។
នេះជាសម្តីរបស់លោកស្រី Linda Scheib ដែលជាអ្នកសិក្សាស្រាវជ្រាវអំពីជំងឺរបស់មជ្ឈមណ្ឌល CDC ផ្នែកទប់ស្កាត់ជំងឺបេះដូងនិងជំងឺដាច់សរសៃឈាម។
ក្រុមស្រាវជ្រាវរបស់លោកស្រី Scheib បានពិនិត្យមើលកម្រិតជាតិអំបិលដែលមានក្នុងផលិតផលអាហារចំនួន ៣៨០០ ដែលមានបញ្ចូលជាតិសូដ្យូមច្រើនជាងគេទៅក្នុងម្ហូបអាហារ។
ពួកគេបានរកឃើញថា អាហារប្រភេទសាច់បន្ទះធ្វើសុំាងវិច ស៊ុប និង នំប៉័ងសុំាងវិច ដល់ទៅ៧០ភាគរយ មានជាតិអំបិលខ្ពស់ជាងកម្រិតមួយដែលរដ្ឋបាលផ្នែកអាហារនិងថ្នាំសង្កូវសហរដ្ឋអាមេរិកបានណែនាំ។
ដប់ភាគរយនៃអាហារសម្រន់ នំបុ័ង និងហ៉្រូម៉ាស់ ក៏មានកម្រិតអំបិលលើសពីកម្រិតប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងអនុសាសន៍របស់រដ្ឋបាលផ្នែកអាហារនិងថ្នាំសង្កូវសហរដ្ឋអាមេរិកដែរ។
យោងតាមលោកស្រី Scheib អាហារជាច្រើនដែលហាក់ដូចជាធ្វើឲ្យមនុស្សមានសុខភាពល្អនោះ តាមពិតមានពោរពេញដោយជាតិអំបិល។
«នំបុ័ងគឺជាអាហារលេខមួយដែលមានជាតិសូដ្យូមច្រើនជាងគេក្នុងអាហារប្រចាំថ្ងៃ។ អាហារជាច្រើនដែលមនុស្សគិតថាគ្មានរសជាតិប្រៃ តាមពិតអាហារទាំងនោះមានជាតិសូដ្យូមច្រើនណាស់។ ដូច្នេះ យើងសូមណែនាំឲ្យមនុស្សទាំងអស់ អានផ្លាកសញ្ញាធាតុផ្សំនៅលើកញ្ចប់ ធ្វើការប្រៀបធៀប ព្យាយាមជ្រើសរើសយកមួយណាដែលមានជាតិសូដ្យូមទាប ហើយខំទទួលទានផ្លែឈើស្រស់ បន្លែនិងសាច់ស្រស់ឲ្យបានច្រើនឡើង ហើយត្រូវចម្អិនម្ហូបអាហារឲ្យបានច្រើននៅផ្ទះ ពីព្រោះធ្វើដូច្នេះ អ្នកអាចគ្រប់គ្រងលើបរិមាណជាតិសូដ្យូមបានដោយខ្លួនអ្នក»។
យោងតាមការណែនាំរបស់ទីភ្នាក់ងារនោះ អាហារមួយមុខៗត្រូវមានសារធាតុសូដ្យូមមិនលើសពី៥៨០មីលីក្រាមទេ ហើយអាហារដែលឆ្អិនស្រាប់ រួមមានអាហារផាស្តាឬមីអ៊ីតាលី និង នំប៉័ងសុំាងវិច មិនគួរមានជាតិអំបិលលើសពី ៦០០មីលីក្រាមឡើយ។
កម្រិតជាតិអំបិលដែលអនុញ្ញាតឲ្យទទួលទានប្រចាំថ្ងៃដើម្បីមានសុខភាពល្អគឺត្រូវមានជាតិអំបិល ២៣០០មីលីក្រាម ឬស្មើនឹងមួយស្ថាបព្រាកាហ្វេ។ រដ្ឋបាលអាហារនិងថ្នាំសង្កូវសហរដ្ឋអាមេរិក (FDA) និយាយថា មនុស្សដែលមានជំងឺបេះដូង សម្ពាធឈាមខ្ពស់ និងជំងឺក្រលៀន គួរកម្រិតការទទួលជាតិអំបិលឲ្យនៅត្រឹម ១៥០០មីលីក្រាម ឬតិចជាងនេះក្នុងមួយថ្ងៃ។
ការសិក្សាអំពីបរិមាណជាតិអំបិលនៅក្នុងអាហារកញ្ចប់ ត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីការទប់ស្កាត់ជំងឺរ៉ាំរ៉ៃឈ្មោះ Preventing Chronic Disease៕
ប្រែសម្រួលដោយ នៀម ឆេង