ដោយ Peter Fedynsky
ប្រែសម្រួលដោយ ឃួន ធារ៉ា
កម្មវិធី«បង្កើនអាហារូបត្ថម្ភ» ឬហៅកាត់ជាភាសាអង់គ្លេសថា SUN គឺជាចលនាមួយ ដែលត្រូវបានចាប់ផ្តើមកាលពី៣ឆ្នាំមុន ដោយមានការចូលរួមពីសំណាក់រដ្ឋាភិបាល អង្គការឯកជន និងបុគ្គលម្នាក់ៗផង ដែលស្វែងរកការបញ្ចប់ភាពអត់ឃ្លាននិងកង្វះអាហារូបត្ថមនៅលើសកលលោក។
ថ្លែងនៅឯកិច្ចប្រជុំ SUN អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) មានប្រសាសន៍ថា កំណើនរបស់កុមារចំនួន២០០លាននាក់នៅទូទាំងពិភពលោក បានក្រិនដោយសារតែកង្វះខាតអាហារូបត្ថម្ភ។ លោក បានដកស្រង់ការពិនិត្យមើលផ្នែកវិទ្យាសាស្ត្រឆ្នាំ២០០៨ ដែលបានសន្និដ្ឋានថា ការវិនិយោគទៅលើអាហារូបត្ថម្ភគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដ៏សន្សំសំចៃបំផុតដើម្បីធានាឲ្យប្រាកដថា សហគមន៍ក្រីក្រមានឱកាសដ៏ល្អប្រសើរបំផុតនៅក្នុងការរស់នៅ។
«អាហារូបត្ថម្ភល្អមិនមែនសំដៅទៅលើតែអាហារដែលផ្តល់សុខភាពល្អជាងមុនប៉ុណ្ណោះទេ ទោះបីអាហារនោះជាផ្នែកមួយក៏ដោយ។ ហើយវាក៏មិនត្រឹមតែសំដៅលើការធានាឱ្យបាននូវការទទួលបានការថែទាំសុខភាពល្អប៉ុណ្ណោះដែរ ទោះបីការថែទាំសុខភាពជាផ្នែកមួយក្តី ហើយវាក៏មិនមែនត្រឹមតែសំដៅលើច្បាប់ការងារដ៏សមស្រប កសិពាណិជ្ជកម្មដែលគិតគូរអំពីអាហារូបត្ថម្ភ ឬក៏អនាម័យប្រកបដោយប្រសិទ្ធិភាពនោះដែរ។»
លោកអគ្គលេខាធិការ បានថ្លែងថា កម្មវិធី SUN កំពុងតែបង្ហាញថា អាហារូបត្ថម្ភល្អអាចទទួលបាន ប្រសិនបើធាតុផ្សំទាំងនោះជាផ្នែកនៃយុទ្ធសាស្ត្រមួយដែលដាក់បញ្ចូលការប្រើប្រាស់មូលនិធិ ច្បាប់ និងសកម្មភាព ប្រកបដោយភាពស៊ីសង្វាក់គ្នា។
លោក អានថូនី ឡេក (Anthony Lake) ប្រធានកម្មវិធី SUN និងជានាយកប្រតិបត្តិអង្គការ យូនីសេហ្វ (UNICEF) បាននិយាយថា នៅពេលដែលកុមារដែលខ្វះជីវជាតិ ចូលបម្រើការងារ ពួកគេអាចរំពឹងអំពីការកាត់បន្ថយសមត្ថភាពរកប្រាក់ចំណូលរហូតដល់២២ភាគរយ។
«បញ្ហានេះបង្កឱ្យបញ្ហាលំបាកក្នុងការទិញអាហារសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ងាយទទួលរងគ្រោះកាន់តែខ្លាំងចំពោះជំងឺដែលអាចការពារបាន ហើយទំនងជាអាចបន្តចម្លងជំងឺនេះទៅ កូនរបស់ពួកគេទៀតផង។»
លោក ឡេក បាននិយាយថា អាហារូបត្ថម្ភខ្នាតតូច ការបំបៅកូនដោយទឹកដោះម្តាយ ការថែរក្សាអនាម័យដ៏ត្រឹមត្រូវ និងកម្មវិធីផ្តល់អាហារូបត្ថម្ភនៅតាមសហគមន៍ អាចបង្ការជំងឺក្រិនបាន។ ការចំណាយប្រាក់វិញ? លោក ឡេក បានថ្លែងថា ការចំណាយគឺតិចតួចទេ គឺមិនលើសពី២០ដុល្លារទេសម្រាប់កុមារម្នាក់ សម្រាប់មួយពាន់ថ្ងៃដំបូង។
រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស (Bangladesh) លោក ឌីភូ ម៉ូនី (Dipu Moni) ដែលកំពុងអានសេចក្តីថ្លែងការណ៍មួយដែលចេញដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បាននិយាយថា ប្រហែលជាមួយភាគបីនៃស្រ្តីបង់ក្លា គ្មានអាហារូបត្ថម្ភគ្រប់គ្រាន់។ លទ្ធផលនេះបង្កទៅជាជំងឺខ្វះឈាមក្រហម ដែលប៉ះពាល់ដល់ការបង្កើតកូន។
«អាស្រ័យហេតុនេះហើយ យើងកំពុងតែជំរុញឲ្យមានការ ពន្យាពេលការរៀបអាពាហ៍ពិពាហ៍ ដើម្បីធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភរបស់ក្មេងស្រីជំទង់ និងកាត់បន្ថយឧបទ្ទវហេតុនៃកុមារកើតមិនគ្រប់ទម្ងន់។»
វាគ្មិនមួយចំនួនបាននិយាយថា ការជម្នះទៅនឹងជំងឺខ្វះជីវជាតិនេះ ត្រូវតែមានការចូលរួមជាដៃគូពីសំណាក់វិស័យសាធារណនិងឯកជន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុនីហ្សេរីយ៉ា (Nigeria) លោក ង៉ូហ្សី អូកូនចូ អ៊ីវីអាឡា (Ngozi Okonjo-Iweala) បានបន្ថែមថា រដ្ឋាភិបាលក៏ត្រូវធ្វើការយ៉ាងស្អិតរមួត ដោយផុសចេញទស្សនសុខាភិបាល អាហារូបត្ថម្ភ ធនធានទឹក និងអនាម័យផងដែរ។
«យើងយល់ឃើញថា ក្រសួងកសិកម្ម សុខភាព យ៉ែនឌ័រ និងហិរញ្ញវត្ថុ ត្រូវតែចូលរួមទាំងអស់គ្នា ហើយយើងព្យាយាមបញ្ចូលវិស័យទាំងនេះទៅក្នុងគំនិតផ្តួចផ្តើមមួយ ដែលយើងហៅថា «ការសង្គ្រោះជីវិតមួយលាននាក់»។
ប្រធានអង្គការសុខភាពពិភពលោក (World Health Organization) បានសង្កត់ធ្ងន់លើផ្នែកមួយទៀតនៃអាហារូបត្ថម្ភដ៏ល្អ ដោយការកាត់បន្ថយការបរិភោគអាហារដែលមានគ្រោះថ្នាក់។ អ្នកស្រី ម៉ាហ្គារ៉េត ចាន់ (Margaret Chan) បាននិយាយថា អាហារទាំងនោះរួមមាន ខ្លាញ់ អំបិល និងស្ករ៕