ច្បាប់ថ្មីដែលត្រូវបានលើកសរសើរថាជា ការរីកចំរើនយ៉ាងធំបំផុតសម្រាប់សុវត្ថិភាពម្ហូបអាហាររបស់សហរដ្ឋអាមេរិកចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០ បានឈានមួយជំហានទៅមុខទៀត កាលពីថ្ងៃសុក្រ ទី៤ ខែមករានេះ។ ក្រុមអ្នកតាក់តែងច្បាប់និយាយថា សំណើនេះ ប្រហែលជាអាចទប់ស្កាត់ជំងឺដែលបណ្តាលមកពីម្ហូបអាហារកខ្វក់ ជាងមួយលានករណីក្នុងមួយឆ្នាំ។
ច្បាប់ថ្មីត្រូវបានធ្វើឡើងពីរឆ្នាំ បន្ទាប់ពីថ្ងៃដែលលោកប្រធានាធិបតី អូបាម៉ា (Obama) ចុះហត្ថលេខាទៅលើច្បាប់ស្តីពីការធ្វើទំនើបកម្មសុវត្ថិភាពម្ហូបអាហារ (Food Safety Modernization Act)។ ច្បាប់ទាំងនេះ គឺជាជំហានដំបូងនៅក្នុងការអនុវត្តច្បាប់ ដែលបានដាក់រដ្ឋបាលផ្នែកឱសថនិងម្ហូបអាហារ ឬហៅកាត់ថា F-D-A ឱ្យទទួលខុសត្រូវចំពោះការការពារការរីករាលដាលជំងឺដែលបណ្តាលមកពីម្ហូបអាហារកខ្វក់។ ក្រុមអ្នកជំនាញនិយាយថា នេះគឺជាការផ្លាស់ប្តូរពីតួនាទីជាការឆ្លើយតបមួយ ដែលអង្គភាពនេះធ្លាប់មានកាលពីអតីតកាល។
ការអនុម័តច្បាប់ត្រូវបានធ្វើឡើង បន្ទាប់ពីការផ្ទុះឡើងនូវជំងឺដ៏លេចធ្លោមួយចំនួននៅទូទាំងប្រទេស ដែលមានទំនាក់ទំនងទៅនឹងប្រភេទស្ពៃម្យ៉ាង ប័រដែលធ្វើពីសណ្តែកដី និងអាហារផ្សេងៗទៀត ដែលបានបណ្តាលឱ្យមនុស្សរាប់រយអ្នកធ្លាក់ខ្លួនឈឺ។ ម៉ាហ្គារ៉ែត ហាំប័ក (Margaret Hamburg) គឺជាស្នងការរបស់អង្គភាព FDA។
«ជំងឺទាំងនេះបានកើតឡើង ដោយសារតែបញ្ហាទាំងឡាយ ដែលអាចត្រូវបានដោះស្រាយដោយវិធីសាស្រ្តទាំងនេះ។ ដូច្នេះ ខ្ញុំគិតថា យើងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងដែលថា យើងនឹងចាប់ផ្តើមមើលឃើញការផ្លាស់ប្តូរពិតប្រាកដ»។
វិធីសាស្រ្តីថ្មីៗដែលអង្គភាព FDA បានស្នើឲ្យមានការអំពាវនាវដល់ក្រុមហ៊ុនផលិតម្ហូបអាហារបង្ហាញថា ពួកគេបានពិនិត្យឃើញថាតើកន្លែងដែលការឆ្លងរោគអាចនឹងកើតមានឡើងខ្លាំងបំផុត និងបានចាត់វិធានការដើម្បីទប់ស្កាត់ការឆ្លងនោះ។ ច្បាប់ដែលត្រូវបានស្នើឡើងនេះ ក៏បានបង្កើតឡើងនូវបទដ្ឋានសុវត្ថិភាព សម្រាប់ការដាំដុះផ្លែឈើនិងបន្លែផងដែរ។
ការិយាល័យថវិការរបស់រដ្ឋសភាប៉ាន់ស្មានថា ការអនុវត្តរាល់បទបញ្ញត្តិដែលមានចែងក្នុងច្បាប់ទាំងអស់នេះ នឹងធ្វើឱ្យរដ្ឋាភិបាលចំណាយថវិកាចំនួន១,៤ពាន់លានដុល្លា។ ក្រុមអ្នកផលិតម្ហូបអាហារគាំទ្រច្បាប់នេះ ទោះបីជាសមាគមរោចក្រផលិតម្ហូបអាហារអាមេរិកាំង (Grocery Manufaturers of America) ដែលជាក្រុមពាណិជ្ជកម្មឧស្សាហកម្មចម្បងមួយ បដិសេធមិនធ្វើការប៉ាន់ស្មាន អ្វីដែលច្បាប់នេះនឹងធ្វើឱ្យក្រុមអ្នកផលិតខាតបង់ក៏ដោយ។
ប៉ុន្តែ ដោយមានមនុស្សម្នាក់ក្នុងចំណោមជនជាតិអាមេរិកាំង៦នាក់ ធ្លាក់ខ្លួនឈឺដោយសារអាហារកខ្វក់ក្នុងមួយឆ្នាំៗ ស្នងការរងនៃអង្គភាព FDA ម៉ៃឃើល ថៃល័រ (Michael Taylor) និយាយថា ច្បាប់នេះនឹងមានប្រយោជន៍។
«សូម្បីតែអ្នកគ្រាន់តែសម្លឹងមើលទៅលើការកាត់បន្ថយជំងឺតាមការប៉ាន់ស្មាន ប៉ុន្តែ ប្រសិនបើអ្នកពិចារណាទៅលើការជៀសវាងការរំខាននៃការផ្គត់ផ្គង់អាហារ និងការបាត់បង់ជំនឿចិត្តទៅលើទំនិញទាំងនោះនៅក្នុងចំណោមអ្នកប្រើប្រាស់ ខ្ញុំគិតថា យើងនឹងឃើញថា ផលប្រយោជន៍មានទម្ងន់លើសពីការចំណាយទៅលើការអនុវត្តនេះច្រើនណាស់»។
«យើងពិតជាសប្បាយចិត្តណាស់ ដែលច្បាប់ថ្មីនេះបានចេញជារូបរាង។ វាមានភាពយឺតយ៉ាវបន្តិច»។
លោកស្រី ខារ៉ូលីន ស្មីត ដឺវ័ល (Caroline Smith-DeWaal) នាយកសម្រាប់សុវត្ថិភាពម្ហូបអាហារ នៅឯមជ្ឈមណ្ឌលវិទ្យាសាស្រ្តនៅក្នុងផលប្រយោជន៍សាធារណ និយាយថា ច្បាប់ទាំងនេះមានភាពយឺតយ៉ាវរយៈពេលមួយឆ្នាំ។ ហើយលោកស្រីបន្ថែមថា ច្បាប់មួយចំនួននៅមិនទាន់ឃើញនៅឡើយ។
«សំណួរចម្បងមួយគឺថា តើច្បាប់ស្តីពីការនាំចូលដែលមិនទាន់ត្រូវបានចេញផ្សាយនៅកន្លែងណា?»។
អង្គភាព FDA និយាយថា អាហារប្រហែល១៥ភាគរយដែលត្រូវបានប្រើប្រាស់នៅសហរដ្ឋអាមេរិក ត្រូវបាននាំចូល ហើយចំណែកនេះកំពុងមានការកើនឡើង។ ច្បាប់ដើម្បីធានាឱ្យបានថា អាហារដែលត្រូវបានផលិតឡើងនៅក្រៅសហរដ្ឋអាមេរិក គោរពតាមបទដ្ឋានដូចអាហារផលិតនៅក្នុងស្រុក មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ទោះបីជាអង្គភាព FDA និយាយថា ច្បាប់ទាំងនេះនឹងចេញក្នុងពេលឆាប់ៗនេះក៏ដោយ។
ច្បាប់ទាំងនេះមិនទាន់ចូលជាធរមានអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីការបញ្ចេញមតិយោបល់និងការកែសម្រួលពីសាធារណ។
ហើយក្រុមអ្នកជំនាញកត់សម្គាល់ឃើញថា រដ្ឋសភានឹងត្រូវមានដំណោះស្រាយបញ្ហាថវិកា ដើម្បីពង្រឹងច្បាប់ទាំងនេះ ដែលជាបញ្ហាប្រឈមមួយ នៅក្នុងកំឡុងពេលនៃការខ្វះខាតថវិកា៕
ប្រែសម្រួលដោយ ឌី ខាំបូលី