ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឈ្នះការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិថ្មីជាបន្តទៀត ស្របពេលដែលការិយាល័យប្រធានាធិបតីតួកគីមានអំណាចខ្លាំងក្លាជាងមុន។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសតួកគីបានរាយការណ៍ថា លោក Erdogan បានឈ្នះសំឡេងឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញប្រហែល ៥៣ ភាគរយ។ ចំណែកឯលោក Muharrem Ince នៃគណបក្សប្រជាជនសាធារណរដ្ឋ ដែលជាគណបក្សប្រឆាំងចម្បងវិញ ទទួលបានសំឡេង ៣១ ភាគរយ និងឈរនៅលំដាប់ទីពីរ។
បន្ថែមទៅនឹងជ័យជម្នះលើការបោះឆ្នោតប្រធានាធិបតីនេះ លោក Erdogan ក៏បានទទួលជ័យជម្នះផងដែរនៅក្នុងការបោះឆ្នោតរដ្ឋសភា។ គណបក្សយុត្តិធម៌ និងការអភិវឌ្ឍរបស់លោកបានឈ្នះអាសនៈរដ្ឋសភាភាគច្រើន ទោះបីជាមិនបានទទួលអាសនៈច្រើនលើសលុបក៏ដោយ។ ប៉ុន្តែ ដោយរួមជាមួយនឹងគណបក្សចលនាជាតិនិយមដែលជាគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ធ្វើឲ្យសម្ព័ន្ធភាពនៃគណបក្សទាំងពីរទទួលបានអាសនៈ ៣៤៣ ក្នុងចំណោមអាសនៈសរុបចំនួន ៦០០ នៅក្នុងរដ្ឋសភា។
លោក Erdogan ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ ២០០៣ មក ត្រូវបានអ្នកគាំទ្ររបស់លោកគោរពស្រលាញ់ដោយសារតែទស្សនៈអភិរក្សនិយមរបស់លោក គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់លោក និងជំហរសន្តិសុខរឹងមាំរបស់លោក។ ប៉ុន្តែអ្នករិះគន់លោកបាននិយាយថា លោកដឹកនាំដោយប្រើកណ្ដាប់ដៃដែក និងបានចោទប្រកាន់លោកថាបានប្រព្រឹត្តិអំពើពុករលួយ និងដឹកនាំរដ្ឋាភិបាលក្នុងផ្លូវខុស៕