អភិបាលរដ្ឋ Oregon អ្នកស្រី Kate Brown និយាយថា រដ្ឋរបស់អ្នកស្រីបានបានរងការប៉ះពាល់ខ្លាំងដោយភ្លើងឆេះព្រៃ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ ដែលបានបំផ្លាញផ្ទៃដីអស់រាប់រយហិកតា និងបំផ្លាញសហគមន៍ទាំងមូលផងដែរ។
អ្នកស្រី Brown បានប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃចន្ទថា អ្នកស្រីបានស្នើទៅលោកប្រធានាធិបតី Donald Trump ឲ្យចេញនូវការប្រកាសស្ថានភាពរបស់រដ្ឋនៅភាគពាយ័ព្យជាប់មហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ថាជាគ្រោះមហន្តរាយដ៏ធំមួយ ដើម្បីរដ្ឋនេះ អាចទទួលបាននូវជំនួយពីរដ្ឋាភិបាលសហព័ន្ធបន្ថែមទៀត សម្រាប់ក្រុមការងារពន្លត់អគិ្គភ័យ និងក្រុមបុគ្គលិកសង្គ្រោះបន្ទាន់ៗផ្សេងៗទៀត។ លោកប្រធានាធិបតីត្រាំ បានចេញរួចហើយនូវសេចក្តីប្រកាសបន្ទាន់មួយរបស់រដ្ឋាភិបាលសហព័ន្ធសម្រាប់រដ្ឋ Oregon កាលពីសប្តាហ៍មុន។
លោក Andrew Phelps នាយកទីភ្នាក់ងារគ្រប់គ្រងសង្រ្គោះបន្ទាន់របស់រដ្ឋ Oregon បានឲ្យដឹងថា មានមនុស្សចំនួន១០នាក់ បានស្លាប់ដោយភ្លើងឆេះព្រៃនេះ ហើយ២២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ។
អ្នកព្យាករណ៍អាកាសធាតុបានឲ្យដឹងថា ព្យុះភ្លៀង នឹងកើតមានក្នុងរដ្ឋ Oregon នៅថ្ងៃព្រហស្បតិ៍ ដែលអាចជួយដល់ក្រុមពន្លត់អគ្គិភ័យ ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ និងធ្វើឲ្យផ្ទៃមេឃមានភាពស្រឡះឡើងវិញ បន្ទាប់ពីទទួលរងនូវភាពខ្មៅងងឹតដោយសារផ្សែងភ្លើងឆេះព្រៃមក។
គុណភាពខ្យល់ក្នុងរដ្ឋ Oregon ទាំងមូល ត្រូវបានវាយតម្លៃដោយមន្ត្រីបរិស្ថានរបស់រដ្ឋថា មានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពខ្លាំង។ ការអាចមើលឃើញគ្នា បានធ្លាក់មកចម្ងាយតិចជាង៥០០ម៉ែត្រ នៅកន្លែងខ្លះ ដែលធ្វើឲ្យការបើកបរ មានគ្រោះថ្នាក់ខ្លាំង។
ភ្លើងឆេះព្រៃ ដែលកើតមានជាច្រើនសប្តាហ៍មកហើយគួបផ្សំនឹងអាកាសធាតុក្តៅខ្លាំង និងខ្យល់ស្ងួតដែលមិនធ្លាប់មានពីមុនមក បានបំផ្លាញផ្ទៃដីអស់ជាង១លានហិកតា ក្នុងរដ្ឋ Oregon រដ្ឋ Washington និងរដ្ឋ California។ មានមនុស្សសរុប៣៥នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងរដ្ឋទាំងបីនេះ៕