ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden មាន​ទស្សនៈ​ផ្ទុយគ្នា​អំពី​វិធី​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះព្រៃ


ពលរដ្ឋអាមេរិកាំងម្នាក់យួរទឹកដើម្បីពន្លត់ភ្លើងឆេះដើមឈើនៅក្នុងបរិវេណគេហដ្ឋានរបស់លោក ដែលបានរងគ្រោះដោយសារហេតុការណ៍ភ្លើងឆេះព្រៃ នៅទីក្រុង Mill City រដ្ឋ Oregon កាលពីថ្ងៃសៅរ៍ ទី ១២ ខែកញ្ញា ឆ្នាំ២០២០។
ពលរដ្ឋអាមេរិកាំងម្នាក់យួរទឹកដើម្បីពន្លត់ភ្លើងឆេះដើមឈើនៅក្នុងបរិវេណគេហដ្ឋានរបស់លោក ដែលបានរងគ្រោះដោយសារហេតុការណ៍ភ្លើងឆេះព្រៃ នៅទីក្រុង Mill City រដ្ឋ Oregon កាលពីថ្ងៃសៅរ៍ ទី ១២ ខែកញ្ញា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​បង្ហាញ​ទស្សនៈ​ផ្ទុយគ្នា​យ៉ាង​ខ្លាំង​ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​អំពី​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​ដ៏​បំផ្លិចបំផ្លាញ​ជា​ប្រវត្តិសាស្ត្រ​ នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៥ នាក់។

នៅ​ក្នុង​រដ្ឋ California លោក​ប្រធានាធិបតី Trump បាន​ច្រានចោល​ការ​លើកឡើង​ដែល​ថា ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​មូលហេតុ​នៃ​ការ​កើនឡើង​ និង​ការ​រីក​កាន់​តែធំឡើង​នៃ​ការ​ឆេះ​ព្រៃ​បែប​នេះ ដោយ​បាន​ធ្វើ​ការ​អំពាវនាវ​ម្ដង​ទៀត​ឲ្យ​បណ្តា​រដ្ឋ​នៅ​ភាគ​ខាង​លិច​អនុវត្ត​របៀប​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។

លោក Trump បាន​និយាយ​នៅ​ពេល​ទៅ​ដល់​រដ្ឋ California ថា៖ «នៅពេល​ដែល​ដើមឈើ​រលំ​បាន​មួយ​រយៈពេល​ខ្លី វា​នឹង​ស្ងួត​ដូចជា​ឈើគូស​អញ្ចឹង។ ហើយ​វា​អាច​ឆេះ​បាន។ ហើយ​ស្លឹកឈើ​ក៏​អញ្ចឹង​ដែរ។ នៅ​ពេល​ដែល​មាន​ស្លឹកឈើ​ស្ងួត​នៅ​លើ​ដី នោះ​វា​នឹង​ឆេះ»។

លោក Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​នៅ​ក្នុង​រដ្ឋ Delaware ថា ប្រសិនបើ​លោក​ប្រធានាធិបតី Trump ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី ២ បន្ត​ទៀត «ព្រឹត្តិការណ៍​ដ៏​មហន្តរាយ​ទាំង​នេះ​នឹង​បន្ត​កើតឡើង ដោយ​មាន​លក្ខណៈ​បំផ្លិចបំផ្លាញ និង​មហន្តរាយ​កាន់តែ​ខ្លាំង​ជាងមុន»។

លោក Biden បាន​និយាយ​ទៀត​ថា៖ «ប្រសិនបើ​អ្នក​ផ្តល់​ឲ្យ​អ្នក​បង្ករ​អគ្គីភ័យ​នេះ ៤ ឆ្នាំ​ទៀត​នៅ​ក្នុង​សេតវិមាន នោះ​យើង​មិន​ចាំបាច់​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ប្រសិន​បើ​យើង​ឃើញ​មាន​ភ្លើង​ឆេះ​ព្រៃ​ច្រើន​ជាង​មុន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ»៕

XS
SM
MD
LG