បើទោះបីជាភ្លើងឆេះព្រៃជាច្រើនកន្លែងនៅរដ្ឋ California រដ្ឋ Oregon និងរដ្ឋ Washington ត្រូវបានពន្លត់បានច្រើនក្តី ក៏ការព្រួយបារម្ភកំពុងកើនឡើង ស្របពេលដែលគុណភាពខ្យល់ក្នុងបរិយាកាសតាមទីក្រុងមួយចំនួនក្នុងរដ្ឋទាំងបីនេះ បានធ្លាក់ចុះ ដោយសារតែផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃបន្តគ្របដណ្តប់តំបន់ទាំងនោះ។ ផ្សែងដ៏ក្រាស់នេះបានចូលដល់ក្នុងគេហដ្ឋាន អគារអាជីវកម្ម និងរថយន្តរបស់ពលរដ្ឋរស់នៅក្នុងក្រុងមួយចំនួនដែលរងផលប៉ះពាល់ខ្លាំង ដូចជាទីក្រុង San Francisco ទីក្រុង Portland និងទីក្រុង Seattle ជាដើម។ អាជ្ញាធរក្នុងតំបន់បានណែនាំឲ្យពលរដ្ឋព្យាយាមនៅក្នុងផ្ទះ បើមិនចាំបាច់កុំចេញទៅខាងក្រៅ ដោយសារតែគុណភាពខ្យល់ក្នុងបរិយាកាសអាចបង្កផលប៉ះពាល់ដល់សុខភាព៕
កម្រងរូបភាព៖ ភ្លើងឆេះព្រៃបង្កផលប៉ះពាល់ដល់គុណភាពខ្យល់ក្នុងក្រុងមួយចំនួននៅសហរដ្ឋអាមេរិក

១
ទង់ជាតិអាមេរិកត្រូវបានដាក់នៅក្បែរអគារ Smith Tower នៅកណ្តាលក្រុង Seattle រដ្ឋ Washington ខណៈផ្សែងដ៏ក្រាស់ដែលបណ្តាលមកពីភ្លើងឆេះព្រៃ កំពុងគ្របដណ្តប់ផ្ទៃមេឃ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។

២
ទិដ្ឋភាពទីក្រុង Portland គ្របដណ្តប់ដោយផ្សែងដ៏ក្រាស់ ដែលបណ្តាលមកពីភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅតាមតំបន់ខ្លះក្នុងរដ្ឋនេះ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។ ពលរដ្ឋត្រូវបានអាជ្ញាធរណែនាំឲ្យនៅក្នុងផ្ទះ ដោយសារគុណភាពខ្យល់ក្នុងបរិយាកាសអាចបង្កផលប៉ះពាល់ដល់សុខភាព។

៣
ផ្លាកសញ្ញាបង្ហាញអំពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ ត្រូវបានដាក់នៅលើផ្លូវជាតិមួយ នៅទីក្រុង Sandy ដែលគ្របដណ្តប់ដោយផ្សែង ក្នុងរដ្ឋ Oregon កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។

៤
អ្នកនាង Zoe Flanagan កំពុងដើរជាមួយសត្វចិញ្ចឹម ខណៈផ្សែងកំពុងគ្របដណ្តប់ជុំវិញក្រុង Portland រដ្ឋ Oregon ដែលបណ្តាលមកពីភ្លើងឆេះព្រៃ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។

៥
កម្មករម្នាក់កំពុងសម្អាតស្មៅនៅសួន Alamo Square ខណៈផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនិងអាប់ពេលព្រឹក កំពុងគ្របដណ្តប់បរិយាកាសនៅទីក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។

៦
ផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនិងអាប់ពេលព្រឹក គ្របដណ្តប់ទីក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។

៧
បុរសម្នាក់ឈរក្នុងសួន Grand View ខណៈផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនិងអាប់ពេលព្រឹក កំពុងគ្របដណ្តប់បរិយាកាសនៅទីក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។