ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​រក្សា​ជំហរ​បូជា​សព លោក ប៉ែន សុវណ្ណ​ នៅ​មុខ​វត្ត​បទុមវតី ទោះ​រង​ការ​ព្រមាន


លោក​ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។
លោក​ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។

លោក​ ប៉ែន​ សុវណ្ណ​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម ​ក្នុង​អំឡុង​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨២ ហើយ​លោក​​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​​បញ្ជូន​ទៅ​ឃុំ​ក្នុង​​ពន្ធនាគារ​នៅ​វៀតណាម​​អស់​រយៈពេល​ជាង​១០​ឆ្នាំ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជំហរបូជា​សព​របស់​លោក ប៉ែន សុវណ្ណ នៅ​ខាង​មុខ​វត្តបទុមវតី​ នា​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​នេះ ស្រប​ពេល​សាលា​រាជធានី​ភ្នំពេញ ​បដិសេធការ​ស្នើ​សុំ ដោយ​លើក​ហេតុផល​ថា​ គណបក្ស​ប្រឆាំង​កំពុង​ព្យាយាម​កេង​ចំណេញ​នយោបាយលើ​សាក​សព​របស់​តំណាងរាស្ត្រ​របស់​ខ្លួន។

លោក​ ប៉ែន​ សុវណ្ណ​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម ​ក្នុង​អំឡុង​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨២ ហើយ​លោកធ្លាប់​ត្រូវ​បាន​ចាប់ខ្លួនបញ្ជូន​ទៅ​ឃុំ​ក្នុងពន្ធនាគារ​នៅ​វៀតណាមអស់​រយៈពេល​ជាង​១០​ឆ្នាំ។

លោក​បាន​ទទួល​មរណភាព​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​ ២៩​ ខែ​តុលា​ នេះ ដោយ​រោគាពាធ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

ក្រុម​អ្នក​ប្រវត្តិសាស្ត្រ​ចាត់​ទុក​ថា​ លោក ​ប៉ែន សុវណ្ណ​ គឺ​ជា​វីរជន​មួយ​រូប​ដែល​ធ្វើ​ពលីកម្ម​ទាមទារ​សិទ្ធិ​សេរី​ភាពដល់​ប្រជារាស្ត្រ​ខ្មែរ​ពី​របប​ខ្មែរក្រហម។

លោក ប៉ុល ហំម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ប្រាប់ VOA ថា សព​របស់​លោក​ ប៉ែន សុវណ្ណ នឹង​ត្រូវ​ដង្ហែ​ពី​ខេត្ត​តាកែវ​មក​តម្កល់​នៅ​វត្ត​ថាន់ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា នេះ។

លោក​បន្ថែម​ថា ការ​ដង្ហែ​នោះ​នឹង​ធ្វើ​ឡើង​ដោយក្បួន​រថយន្ត ដោយ​លោក​ថា​លោកមិនទាន់​អាច​កំណត់​ពី​ចំនួន​អ្នក​ចូល​រួម​នៅ​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឬទ្ធិ ​ប្រាប់ VOA ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដង្ហែ​សព​លោក ប៉ែន សុវណ្ណ ពី​វត្ត​ថាន់​ទៅ​បូជា​នៅ​ខាង​មុខ​វត្ត​បទុមវតី នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

លោក​បន្ថែម​ថា បក្ស​ប្រឆាំងបាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញពី​ការ​ស្នើ​សុំ​បូជា​សព​របស់​លោក ប៉ែន សុវណ្ណ រួច​ហើយ ហើយការ​បូជា​សព​នៅ​មុខ​វត្ត​បទុមវតី នៅ​តែ​ប្រព្រឹត្តទៅ​តាម​ការ​កំណត់​ ទោះ​សាលា​រាជធានី​មិន​អនុញ្ញាត​ក៏​ដោយ។

«យើង​សង្ឃឹម​១០០% ដោយ​ពីព្រោះ​គ្មាន​ហេតុ​ផល​អី​ជំទាស់​ទេ​បាទ»។ ​

លោក យ៉ែម បុញ្ញឬទ្ធិ បន្ថែម​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ប៉ែន សុវណ្ណ ជា​បន្ត​ដើម្បី​រៀបចំ​កម្មវិធី​លម្អិត។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់ VOA ថា ក្រុម​ការងារ​សាលា​រាជ​ធានី​សម្រេច​មិន​ឲ្យ​គណបក្សសង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធី​បូជា​សព​របស់​លោក ប៉ែន សុវណ្ណ នៅ​ខាង​មុខ​វត្ត​បទុមវតី​នោះ​ទេ។

លោក​បន្ត​ថា សួនច្បារ​មុខ​វត្ត​បទុមវតី ជា​កន្លែង​សាធារណៈ​សម្រាប់​ប្រារព្ធ​ពិធី​របស់​ឥស្សរជន​ជាន់​ខ្ពស់របស់​ប្រទេស មិនមែន​សម្រាប់​តំណាងរាស្ត្រ​ធម្មតា​នោះ​ទេ។

«កាលណា​គេ​មិន​អនុញ្ញាត​ហើយ​ យើង​មក​ធ្វើ យើង​ធ្វើ​ម៉េច​បាន? អា​ហ្នឹង​មាន​តែ​តាម​ច្បាប់​ហើយ ហើយ​យើង​អាជ្ញាធររាជធានី ​យើង​មិន​អនុញ្ញាតហើយ លោក​នៅ​តែ​ធ្វើ​ទៀត​ ​មាន​ន័យ​ថា​យ៉ាង​ម៉េច? ហើយ​គាត់​ឈរ​លើ​ស្អី​ដែល​គាត់​ដាច់ខាត​ត្រូវ​តែ​ធ្វើ​នៅ​សួន​មុខ​វត្ត​បទុមហ្នឹង?»។

លោក​ មាន​ ចាន់ យ៉ាដា បន្ថែម​ថា ការ​ជម្នះបូជា​សព​លោក ប៉ែន សុវណ្ណ​ នៅ​ខាង​មុខវត្ត​បទុមវតី គឺជាការ​ធ្វើ​អាជីវកម្ម​លើ​សាក​សព​តំណាងរាស្ត្រ​របស់​ខ្លួន។

«បើសិនជា​គាត់​ក្នុង​បំណង​មួយ​ដែល​គេ​ហៅបំណង​អ្វី​អាក្រក់ ក្នុង​ការ​ធ្វើ​អាជីវកម្ម​លើ​សព លោក ប៉ែន សុវណ្ណ ហេតុ​អី​ក៏​មិន​ធ្វើ​នៅ​តាកែវ​នោះ​ទៅ? នៅ​កន្លែង​គេហដ្ឋាន​ ជា​កន្លែង​ដែល​គាត់​ទទួល​មរណៈ​នៅ​កន្លែង​ហ្នឹង ហេតុ​អី​យក​មក​រាជធានី​ភ្នំពេញ​ធ្វើ​អី? នេះ​ជា​សំណួរ​មួយ​ដែល​ត្រូវ​សួរ​ត្រលប់​ទៅ​វិញ»។

លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ លើក​ឡើង​ថា សួនច្បារ​នៅ​ខាង​មុខវត្ត​បទុមវតី គឺជា​កន្លែង​សាធារណៈ​ដែល​មិន​មានច្បាប់​ចែង​កំណត់​ពី​ឋានៈ​របស់​បុគ្គល​ដែល​អាច​ប្រារព្ធ​ពិធី​នៅ​ទីនោះ​បាន​ ឬ​អត់​នោះ​ទេ។

លោក​បន្ថែម​ថា ការ​សម្រេច​របស់​សាលា​រាជធានី​គឺជា​ការ​សម្រេច​ដែល​ខ្វះ​មូលដ្ឋាន និង​ជា​ការ​រើស​អើង​នយោបាយ​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច។

«នៅ​ពេល​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​ត្រូវ​ការ​ទីតាំង​នោះ​ដើម្បីបូជា​សព​ គាត់​អាច​ធ្វើ​បាន​ដោយ​រលូន ក៏​ប៉ុន្តែ​ពី​មន្ត្រី​ខាង​បក្ស​ប្រឆាំង​វិញ ​មិន​អាច​ធ្វើ​បាន។ ចំណុច​ទី២​វា​ប៉ះពាល់​ទៅ​ដល់​ការ​ឲ្យតម្លៃ​ឥស្សរជន​ដែល​កំណត់​ថា​មាន​ឋានៈ​ខ្ពង់ខ្ពស់​ជា​ទី​បំផុត។ បើ​យើង​មើល​ការ​ចែង​នៅ​ក្នុង​ច្បាប់​អ្នក​តំណាងរាស្ត្រ​ហ្នឹង​ហើយ​ជា​មន្ត្រី​ផុត​លេខ អញ្ចឹង​ខ្ញុំ​គិត​ថា​ការ​ដែល​ប្រើ​ភាសា​ថា​គ្រាន់​តែ​ជា​អ្នក​តំណាងរាស្ត្រ​មិន​អាច​បូជា​នៅ​កន្លែង​នេះ​បាន​ ជា​ការ​មិន​ឲ្យ​តម្លៃ​អ្នក​តំណាងរាស្ត្រ​នៅសង្គម​កម្ពុជា»។

កន្លង​មក​ពិធី​បុណ្យ​សព​របស់​មន្ត្រី​ជាន់​ខ្ពស់ និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ រួមមានលោក ជា ស៊ីម លោក ជា សុទ្ធ លោក សូ ឃុន និង​ភរិយា​របស់​លោក ជា ស៊ីម ជា​ដើម ប្រព្រឹត្តទៅនៅខាង​មុខវត្ត​បទុមវតី ដោយ​មាន​ការ​រៀបចំ​យ៉ាង​អធឹក​អធម៕

XS
SM
MD
LG