អាជ្ញាធរខ្មែរនៅថ្ងៃសៅរ៍នេះបានរឹបអូសខិតប័ណ្ណជាច្រើន រាប់រយសន្លឹកដែលត្រូវបានជនមិនស្គាល់មុខយកទៅបាចកណ្តាលទីក្រុងភ្នំពេញ។ ស្របពេលនិងគណបក្សគ្រប់គ្រងអំណាចរបស់ប្រទេសកម្ពុជាកំពុងប្រារព្ធខួបលើកទី៣៣នៃថ្ងៃជ័យជំនះ៧មករា។
ថ្ងៃ៧មករាឆ្នាំ១៩៧៩គឺជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថាប្រទេសកម្ពុជាត្រូវបានរំដោះទាំងស្រុងចេញពីរបបគ្រប់គ្រងដោយពួកខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ហើយជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានរស់រានមានជីវិតឡើងវិញ។
ក៏ប៉ុន្តែនៅក្នុងខិតប័ណ្ណដែលVOA សំឡេងសហរដ្ឋអាមេរិកបានទទួលដែលមានរូបសញ្ញាអង្គរវត្តកំពូលបីនិងមានផ្កាយបីជាសម្គាល់ ព្រមទាំងបានសរសេរអក្សរថា «សំឡេងខ្មែរជាតិនិយម»បានដាក់ចំណងជើងថា«ថ្ងៃ៧ខែមករាជាថ្ងៃឃាដករយួនបន្តសម្លាប់ខ្មែរជាលើកទីពីរ»។
ខិតប័ណ្ណនេះបានរៀបរាប់និងវាយប្រហារយ៉ាងខ្លាំងៗទៅលើរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងទាមទារឲ្យឈប់គាំទ្ររបបថ្ងៃ៧ខែមករា ដោយសារតែថ្ងៃ៧ខែមករាបានធ្វើឲ្យខ្មែរស្លាប់ជាបន្តបន្ទាប់ ដូចជាលោកជា វិជ្ជា សម ប៊ុនធឿន និងសកម្មជនគណបក្សសម រង្ស៊ីជាដើម។
ខិតប័ណ្ណទាំងនេះត្រូវបានអាជ្ញាធរខ្មែរប្រទះឃើញនៅវេលាទៀបភ្លឺឈានដល់ថ្ងៃសៅរ៍នេះនៅមុខវត្តបុទម ផ្សារអូរឫស្សី និងទល់មុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាវិមានឯករាជ្យ។
គណបក្សប្រជាជនកម្ពុជាបានប្រារព្ធខួប៧ខែមករាយ៉ាងអធឹកអធមនៅទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួនកណ្តាលទីក្រុងភ្នំពេញ។
លោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្តដែលបានផ្ដួលរំលំរបបប៉ុល ពត ឲ្យប្រជាពលរដ្ឋខ្មែរបានរស់រានមានជីវិតទាន់ពេលវេលានិងអនាគតប្រកបទៅដោយក្តីសង្ឃឹម។
គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាដែលរួមមានគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកៗពីគ្នា ដោយបានប្រឆាំងជំទាស់ថ្ងៃ៧ខែមករា។
ពីប្រទេសបារាំង លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានសរសេរតាមសារអេឡិចត្រូនិក ឬអ៊ីមែលមកថា មានតែជនក្បត់ជាតិ ឬក៏ពួកលក់ខ្លួនឲ្យជនក្បត់ជាតិ ឬក៏ការចាញ់ឃោសនាពួកជនក្បត់ជាតិតែប៉ុណ្ណោះដែលអបអរសាទរថ្ងៃ៧មករា។
លោកសម រង្ស៊ីបានបញ្ជាក់ថា ព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជារយៈពេល៤០ឆ្នាំកន្លងទៅនេះគឺសុទ្ធតែជាឆាកល្ខោនដែលយួនបានរៀបចំដើម្បីបន្តយោបាយវាតទីរបស់គេ។
គណបក្សសិទ្ធិមនុស្សវិញបាននិយាថាថ្ងៃ១៧ខែមេសាឆ្នាំ១៩៧៥និងថ្ងៃជ័យជំនះ៧ខែកមរាឆ្នាំ១៩៧៩សុទ្ធតែបានមកពីការជួយឧបត្ថម្ភដោយគណបក្សកុម្មុយនីស្តវៀតណាម មកលើគណបក្សកុម្មុយនីស្តខ្មែរទាំងពីរក្រុមដែលកើតចេញពីកុម្មុយនីស្ត ហូជីមីញតែមួយ។
លោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បច្ចុប្បន្នលោកជាប្រធានគណៈកម្មាធិការវិន័យគណបក្សសិទ្ធិមនុស្ស បាននិយាយថា ដោយសារតែថ្ងៃ៧ខែមករាបានធ្វើឲ្យបូរណភាពទឹកដីកម្ពុជាបាត់បង់ និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានស្លាប់ដោយសារតែផែនការក៥។
«បាទ ខ្ញុំឃើញថា ៧មករារហូតមកដល់សព្វថ្ងៃនេះ បើនិយាយពីការឈឺចាប់របស់ប្រជាពលរដ្ឋនៅតែមានអញ្ចឹង។ ទី១គឺបាត់បូរណភាពទឹកដី បាត់អធិបតេយ្យភាព ប្រជាពលរដ្ឋបាត់សិទ្ធិអំណាច ហើយដីធ្លី ដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនយួននោះគឺមានរាប់សែនហិកតាទៅហើយ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានជំទាស់ទៅនឹងការចោទប្រកាន់មកលើរដ្ឋាភិបាលជុំវិញថ្ងៃ៧ខែមករា។
«និយាយបំភ្លៃប្រវត្តិសាស្រ្ត។ បើគេនិយាយថ្ងៃ៧ខែមករាជាថ្ងៃរបស់កងទ័ពវៀតណាមមកឈ្លានពានយើងអាចនិយាយបានថា នៅពេលដែលកងទ័ពរបស់សហរដ្ឋអាមេរិកចូលទៅឈ្លានពាននៅប្រទេសអ៊ីរ៉ាក់ប្រជាជាតិអ៊ីរ៉ាក់ម៉េចមិននាំគ្នាវាយប្រហារសហរដ្ឋអាមេរិកថា ជាអ្នកឈ្លានពានដែរទៅ»។
វីអូអេបានព្យាយាមទាក់ទងមន្ត្រីស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជាដើម្បីសុំការឆ្លើយតប តែមិនអាចសុំទំនាក់ទំនងបានទេ នៅថ្ងៃសៅរ៍នេះ៕