ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ បក្ស​កាន់​អំណាច​«ស៊ីកេរ៍»​៧មករា​ហួសហេតុ


លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកវិភាគ​យល់​ឃើញ​ថា​ទិវា​«៧​មករា»​ ដែល​ជា​ថ្ងៃ​ប្រទេស​វៀតណាម​ចូល​លុកលុយ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​១៩៧៩​ ត្រូវ​បាន​អ្នកនយោបាយ​ប្រើប្រាស់​ទាញ​ផល​ប្រយោជន៍​ច្រើន​ហួស​ហេតុ​ពេក​និងស្នើ​ឡើង​ថា​គេ​គួរ​ទុក​ឱ្យ​ពលរដ្ឋ​កម្ពុជា​បាន​យល់​ដឹង​ពី​ការពិត​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ហើយ​ត្រូវ​ផ្តោត​លើ​បញ្ហា​បច្ចុប្បន្ន​និង​អនាគត​ជាជាង​លើ​អតីតកាល​ដែល​នាំ​ឱ្យ​ខ្មែរ​បន្ត​បែកបាក់គ្នា។

លោក​អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូ​VOA ប្រចាំ​ខែ​ថា ​ការដែល​ទិវា​នេះ​ជាការ​កំណត់​នៃ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ដ៏​មហា​ប្រល័យ​គឺ​ជាការ​ពិត​ហើយ​ការលើក​ឡើង​របស់​ក្រុម​គណបក្ស​ប្រឆាំង​ថា​វា​ក៏​ជាការ​ចាប់ផ្តើម​នៃ​ការគ្រប់​គ្រង​របស់​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​ទសវត្សរ៍​ក៏​ជាការពិត។

លោក​វីរៈ​បាន​បន្ថែម​ថា​រយៈ​ពេល​៣៦ឆ្នាំ​ក្រោយ​មក​នេះ​គឺ​ស្មារតី​ដើម​នៃ​ការ​រំដោះ ពលរដ្ឋ​ពី​ការកាប់​សម្លាប់​បាន​បាត់​បង់​អស់​ហើយ។​

«ស្មារតី​នោះ​គឺ​ជា​អ្វី​មួយ​ដែល​បាត់​បង់​ទាំងស្រុង​ដោយ​អំពើ​ពុករលួយ​ដោយ​ភាព​ភ្លើត​ភ្លើន​នៅ​លើ​សង្គម​នាពេលបច្ចុប្បន្ន​នេះ​និង​ភាព​ក្រអឺត​ក្រទម»។​

លោក​បាន​បន្ថែម​ថា៖​

«ទោះបី​ជា​ក្មេងៗ​មិន​ចងចាំ​ក៏ ចាស់​ៗ​គាត់​ដឹកនាំ​ស្មារតី​នោះ​មក​ មក​ដល់​ពេល​បច្ចុប្បន្ននេះ​ក៏គាត់​បាត់​បង់​ស្មារតី​៧​មករា​ផងដែរ»។​

ជារៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី៧​ខែមករា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​តែង​តែ​ធ្វើ​ពិធី​រំលឹកដល់​ខួប​នៃ​ការ​ដែល​ពួកគេ​ចាត់​ទុក​ថា​វៀតណាម​បាន​មក​ជួយ​រំដោះ​ពលរដ្ឋ​កម្ពុជា​ពី​របប​ខ្មែរក្រហម​។ ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់​នៅ​រាល់​ការ​ឃោសនា​ថា​ជាស្នាដៃ​ដ៏​ធំ​មួយ​របស់​ខ្លួនហើយ​ចោទ​ប្រកាន់​អ្នក​ដែល​ហ៊ាន​រិះគន់​ថា​ជាក្រុម​ដែលមាន«សម្ព័ន្ធភាព​ជា​ស្វ័យប្រវត្តិ​ជាមួយ​ខ្មែរក្រហម​ និង​របប​ប្រល័យ​ពូជសាសន៍»​ជាដើម។​

លោក​ប៉ែន សុវណ្ណ​ អតីត​នាយករដ្ឋ​មន្ត្រី​ និង​ជាស្ថាបនិក​នៃ​រណសិរ្ស​រំដោះជាតិ​កម្ពុជា​ក៏បាន​យល់​ថា​ការ​ប្រើប្រាស់​ថ្ងៃទី​៧​ខែ​មករាដោយ​ខុសដែរ៖

«អ្វី​ដែល​គេ​គិត​និង​ធ្វើ​ខុស​ពី និយាយ​ អត់​ដូច​និយាយ​ទេ ខុស​ដូច​ថា​ចាប់​ប្រជាជន​សម្លាប់​ប្រជាជន​ ចាប់​ដាក់​គុក​អត់​ច្បាប់​ គឺ​ខុស​អញ្ចឹង។​ ប្រជាជន​គេសោក​ស្តាយ។ របប​កុម្មុយនិស្ត​របប​ផ្តាច់​ការ​ប្រជាជន​គេ​មិន​ចូល​ចិត្ត​ទេ​។ ឥឡូវ​គេ​ស្តារ​ឡើង​វិញ​ដូច​កាលខ្មែរ​ក្រហម​ធ្វើ​គេ​ធ្វើ​តាម​ខ្មែរ​ក្រហម​អញ្ចឹង​។ ២៣​តុលាគឺ​ថ្ងៃ​ខ្មែរ​យើង​រួបរួម​គ្នា​សាមគ្គី​គ្នា​ប៉ុន្តែ​ដល់​យើង​យក​៧​មករា​ដើម្បី​ធ្វើ​ប្រជាភិថុត​ឱ្យ​ប្រជាជន​ជឿ​ ហើយ​ដល់​ការ​ធ្វើ​របស់គេ​មិន​ដូច​ការ​គេ​និយាយ​ទេគឺ​ខុស​ទាំងអស់»។

គណបក្ស​ប្រឆាំង​និង​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា​ថ្ងៃ​ទី​២៣​ខែ​តុលា​ដែល​ភាគី​ទំនាស់​ទាំង​បួន​បាន​ចុះ ​ហត្ថលេខា​ក្នុង​ឆ្នាំ​១៩៩១​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​គឺ​ជាថ្ងៃ​ដែល​ខ្មែរ​រួបរួម​គ្នា​ពិតប្រាកដ។​

លោកអ៊ូ វីរៈយល់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​«ស៊ីកេរ៍»​នៃ​ទិវា​៧​មករា​យូរពេក​ហើយ​ដូច្នេះ​ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ អំពើ​ពុក​រលួយ​និង​តុលាការ​មិន​យុត្តិធម៌ ជាដើម។

លោក​អ៊ូ វីរៈ​ក៏​បាន​រំលឹកដល់​គណបក្ស​ប្រឆាំង​ឱ្យ​គិត​ដល់​ស្មារតី​នៃ​ការ​បង្រួប​បង្រួម​ជាតិ​ផងដែរ។

«គណបក្ស​ប្រឆាំង​ខ្ញុំ​មើល​ទៅ​នៅ តែ​ប្រឆាំង​ផ្កាប់​មុខ​រឿង​៧​មករា​នេះ​ក៏​ជា​រឿង​មួយ​ជំរុញ​ឱ្យ​មានការ​ប្រេះ​ឆា​ មានការ​លាបពណ៍​គ្នាច្រើន​មែន​ទែន​»។​

យ៉ាង​ណា​ក៏​ដោយ​រដ្ឋាភិបាល​ដែល​ដឹកនាំ ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​បត់​បែន​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ជិតខាង​និង​មហាអំណាច​ក្នុង​តំបន់។ ក្នុង​ខណៈ​ពេល​ដែល​អ្នក​ប្រវត្តិសាស្ត្រ​នានា​មើល​ឃើញ​ថា​ក្រុម​ខ្មែរ​ក្រហម​បាន​ងាក​ទៅ​ប្រទេស​ចិន​ជ្រុល​ហើយ​នាំ​ឱ្យ​ប្រទេស​វៀតណាម​ចាត់​ទុក​ថា​ជា​សកម្មភាព​«បង្ករឿង​មួយ»​ចំពោះ​ខ្លួន៕

XS
SM
MD
LG