ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​នយោបាយ ចាត់​ទុក​មរណភាព​លោក ប៉ែន សុវណ្ណ​ ថា​ជា​ការ​បាត់បង់​វីរជន ដែល​ហ៊ាន​ប្រឆាំង​នឹង​វៀតណាម


រូបឯកសារ៖ លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម នៅក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ១៩៩៧។
រូបឯកសារ៖ លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម នៅក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ១៩៩៧។

លោក​ ប៉ែន​ សុវណ្ណ គឺជា​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ពី​ឆ្នាំ​១៩៧៩-​១៩៨១​ ​មុន​ពេល​លោក​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​យក​ទៅ​ឃុំឃាំង​ ពី​បទ​ប្រឆាំង​នឹង​នយោបាយ​របស់​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ ​ជាពិសេស​រឿង​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​កម្ពុជា។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ លើកឡើង​ថា​ កម្ពុជា​បាន​បាត់​បង់​អ្នក​នយោបាយ​ដ៏​សំខាន់​មួយ​រូប​ ដែល​ហ៊ាន​ប្រឆាំង​នឹង​វៀតណាម តែមិន​សូវ​ល្បី​ឈ្មោះ​ ដូច​ជា​អតីត​សហការី​របស់​លោក​ ដែល​បានក្ដោបក្ដាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ជាង​បី​ទសវត្សរ៍​មក​នោះ។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម​ បាន​ទទួល​មរណភាព​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​ ២៩​ ខែ​តុលា​ ឆ្នាំ​ ២០១៦​ ដោយ​រោគាពាធ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

អ្នក​ប្រវត្តិសាស្ត្រ​ចាត់​ទុក​ថា​ លោក​ប៉ែន សុវណ្ណ​ គឺ​ជា​វីរជន​មួយ​រូប​ ដែល​ធ្វើ​ពលីកម្ម​ ទាមទារ​សិទ្ធិ​សេរីភាព​ដល់​ប្រជារាស្ត្រ​ខ្មែរ​ ពី​របប​ខ្មែរក្រហម​ ឬ​ ប៉ុល​ ពត។

លោក​ ប៉ែន​ សុវណ្ណ គឺជា​អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ពី​ឆ្នាំ​១៩៧៩-​១៩៨១​ ​មុន​ពេល​លោក​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​យក​ទៅ​ឃុំឃាំង​ ពី​បទ​ប្រឆាំង​នឹង​នយោបាយ​របស់​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ ​ជាពិសេស​រឿង​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​កម្ពុជា។

លោក​ យ៉ែម​ បុញ្ញាឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ប្រាប់​ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ដាក់​ឃុំឃាំង​លោក​ ប៉ែន សុវណ្ណ​ អស់​រយៈពេល​ជាង​១០ឆ្នាំ​ពី​ភាគី​វៀតណាម​ បាន​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ ​ធ្លាក់​ខ្លួន​ឈឺ​ និង​ខកខាន​មិន​បានចូលរួម​កិច្ចការ​នយោបាយ​ ក្រោយ​ពី​លោក​បាន​បំពេញ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។​

​ក៏ប៉ុន្តែ​លោក​ថា​ គណបក្ស​ប្រឆាំង​មាន​ការ​សោកស្ដាយចំពោះ​ការ​បាត់​បង់​អ្នក​នយោបាយ​ខ្មែរ​រូបនេះដោយហេតុថា​ លោក​ បាន​ផ្ដល់​ទស្សនៈ​នយោបាយ​ ក្នុង​ការ​កសាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​នាំ​ជោគជ័យ​ជូន​គណបក្សក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ២០១៣។

«គាត់​ជា​មនុស្ស​មួយ​ដ៏​សំខាន់​ ជា​អ្នក​ប្រវត្តិសាស្ត្រ​ សាក្សី​ប្រវត្តិសាស្ត្រ​ក៏​ថា​បាន​ ហើយ​គឺ​ជា​ការ​ចូលរួម​ចំណែក​របស់​គាត់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​មាន​សារៈសំខាន់​មែនទែន​ ក្នុង​ការ​ពន្យល់​ផ្ដល់​មតិ​យោបល់​ ដល់​យុវជន​ជំនាន់​ក្រោយ​ ឲ្យ​យល់​ឲ្យ​ច្បាស់​ ពី​រឿង​បញ្ហា​ជាតិ​បាទ»។​

លោក​បាន​ឲ្យដឹង​បន្ត​ថា​ លោក​ ប៉ែន សុវណ្ណ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ខេត្ត​កំពង់​ស្ពឺ បាន​ទទួល​មរណ​ភាព​ដោយ​ជំងឺ​លើស​ឈាម​ និង​ទឹក​នោម​ផ្អែម នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​រកាក្នុង​ ក្រុង​ដូនកែវ​ ខេត្ត​តាកែវ។​

លោក យ៉ែម បុញ្ញាឫទ្ធិ​ បញ្ជាក់​ថា​ អតីត​មេ​បដិវត្តន៍​រូប​នេះ​ បាន​បន្សល់​ទុក​កូន​ចិញ្ចឹម និង​សាច់​ញាតិនៅ​ក្នុង​ខេត្ត​តាកែវ។​

លោក​ថា​ គណបក្ស​មិន​ទាន់​អាច​ធ្វើ​ការ​ពិចារណា​ រក​អ្នក​ជំនួស​ តួនាទី ជា​តំណាង​រាស្ត្រ​របស់​លោក​ ប៉ែន​ សុវណ្ណ ​នៅ​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​នោះ​នៅ​ឡើយ​ទេ​ ដោយ​ត្រូវ​រង់​ចាំ​ដល់​ការ​បញ្ចប់​ទៅ​នៃ​ពិធីបុណ្យ​សព​ដែល​កំពុង​រៀបចំ​នៅ​ឯ​ខេត្ត​តាកែវ។​

លោក​ ប៉ែន សុវណ្ណ​ កើត​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មេសា​ ឆ្នាំ​១៩៣៦​ នៅ​ភូមិ​ចាន​ទាប​ ឃុំ​សំរោង​ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។​

លោក​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​យោធា​ជាន់​ខ្ពស់​ និង​យោធា​នយោបាយ​សេដ្ឋ​កិច្ច​នៅ​ប្រទេស​វៀតណាម។​

ក្នុង​ចន្លោះ​ពេល​ឆ្នាំ​ ១៩៧៩​ ដល់​១៩៨១​ លោក​គឺ​មេដឹកនាំ​បក្ស​បដិវត្តន៍​កម្ពុជា។​ នេះ​បើ​យោង​ទៅតាម​ប្រវត្តិ​សង្ខេប​នៃ​អ្នកតំណាងរាស្ត្រ​ ដែល​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ឯក​សារ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល​ស្ដីពី​ប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥ឆ្នាំ​ ២០១៣​ ដល់​២០១៨​ ចេញផ្សាយ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៥។​

ឯក​សារ​ដដែល​បាន​បង្ហាញថា​ លោក​បាន​ក្លាយ​ជា​ឧត្ដម​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​សិទ្ធិមនុស្ស​ពី​ឆ្នាំ​ ២០០៨​ ដល់​២០១២​ នៅមុន​ពេល​លោក​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នា​ឆ្នាំ​ ២០១៣។​

លោក​ សូ​ ចន្ថា​ សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​ ប៉ែន សុវណ្ណ​ ជា​វីរជន​ខ្មែរ​ម្នាក់​ដែល​មាន​និន្នាការ​ការ​ពារ​ប្រយោជន៍​ខ្មែរ​ និងមិន​គាំ​ទ្រ​ការ​ដាក់​បញ្ចូល​និគម​វៀតណាម​មក​កម្ពុជា​ ក្រោយ​ពី​វៀតណាម​បាន​ជួយ​វាយ​ផ្ដួល​របប​ខ្មែរ​ក្រហម។

លោក​ថា​ លោក​ ប៉ែន​ សុវណ្ណ​ ជា​អ្នកមាន​ទស្សនៈ​នយោបាយ​បែប​ប្រជាធិបតេយ្យ។​

លោក​សាស្ត្រាចារ្យ​អះអាងថា​ ប្រសិន​បើ​លោក​ ប៉ែន សុវណ្ណ​ រណបវៀតណាម​ នោះ​លោក​អាច​នឹង​ស្ថិត​ក្នុង​អំណាច​មក​ដល់​ពេល​បច្ចុប្បន្ន​ ហើយ​អាច​ផ្ដល់​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​នូវ​ការ​ដឹកនាំ​ដែល​មាន​ភាព​ជឿន​លឿន​ជាង​មេដឹកនាំ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​លោក​មិន​និយម​របៀប​របប​ដឹក​នាំ​បែបបក្ស​ពួក​និយម​ ក៏ដូចជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​ថ្លែង​ថា​ ទោះបី​ជា​អ្នក​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ បង្ហាញ​ទំនោរ​ងាក​ទៅ​រក​ប្រទេស​ចិន​ ដើម្បី​ប្រឆាំង​វៀតណាម​ ក៏​ទំនោរ​នេះ​នៅ​មិន​ទាន់​អាច​ប្រដូច​ជា​មួយ​លោក​ ប៉ែន សុវណ្ណ​បាន​ដែរ។

«មក​ទល់​ពេល​បច្ចុប្បន្ន​រដ្ឋាភិបាល​ ហាក់​ដូច​ជា​មាន​ទំនោរ​ទៅ​ចិន​ ក៏ប៉ុន្តែ​បើ​តាម​ខ្ញុំ​មើល​ទៅ​ ការ​ដក​ខ្លួន​ឬ​ការ​មាន​ទំនោរ​ទៅ​ចិន​ របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ យើង​ហាក់​ដូច​ជា​មិន​ទាន់​មាន​ជំនឿ​ពិត​ប្រាកដ​ទេ​ ពីព្រោះ​អី​ យើង​ឃើញ​ហើយវៀតណាម​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ បច្ចុប្បន្ន​តាំងពី​សម័យ​អតីតកាល​មក។ អញ្ចឹង​យើង​ពិបាក​ហ្នឹង​ស្មាន​បាន​ថា​ តើការណ៍​ដែល​ងាក​ទៅ​ចិន​របស់​រដ្ឋាភិបាល​ ជា​ការពិត​ឬ​ ជា​ការ​ឆាកល្ខោន​នយោបាយ»។​ ​

លោក ​សំបូរ​ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​កាលពី​ល្ងាច​អាទិត្យ​ថា លោក​ ប៉ែន សុវណ្ណ​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ឥស្សរជន​ខ្មែរ​នានា​ ដែល​បាន​រួមដៃ​គ្នា​វាយ​ផ្ដួល​របបកម្ពុជា​ប្រជាធិបតេយ្យ​ ហើយ​ថា គុណ​សម្បត្តិ​នេះ​ អាច​បញ្ជាក់​ថា​ លោក​ប៉ែន សុវណ្ណ​ ជា​វីរជន​មួយ​រូប​ ដែល​បាន​គិត​គូ​ពី​ការ​លំបាក​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​បាន​រស់​ក្រោម​ការ​កាប់​សម្លាប់​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ខ្មែរ​ក្រហម​នោះ។

លោក​បន្ត​ទៀត​ថា​ លោក​ ប៉ែន សុវណ្ណ​ ពិត​មាន​គំនិត​ជួយ​ស្រោច​ស្រង់​ប្រជារាស្ត្រ​ខ្មែរ​ ដោយ​លោក​ខិត​ខំ​កៀរគរ​ កម្លាំង​ជាតិ​ខ្មែរ​ដែល​មាន​ការ​បែកបាក់​ក្នុង​របប​ខ្មែរ​ក្រហម​ ឲ្យ​រួម​គ្នា​រើ​បម្រាស់​តស៊ូ​យក​របប​គ្រប់គ្រង​ថ្មី​មក​កម្ពុជា​ តែ​លោក​ ប៉ែន​ សុវណ្ណ​មិន​ទាន់​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វីរបុរស​ម្នាក់​នោះ​ទេ។​

«ទស្សនៈ​របស់​ខ្ញុំ​ គឺ​គាត់​ជា​អ្នក​ស្រឡាញ់​ខ្មែរ​ ព្រោះ​គាត់​បាន​ធ្វើ​អ្វីៗ​ ដើម្បី​ខ្មែរ​តាំង​ពីដើម​ទី។​ បើ​យើង​មើល​ប្រវត្តិ​របស់​លោក​ គឺ​គាត់​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ដោះស្រាយ​ បញ្ហា​នៃ​វិបត្តិ​នៅ​ឆ្នាំ​១៩៧៨​ ហើយ​បាន​ធ្វើ​កិច្ច​ការ​ជាច្រើន​ដើម្បី​បំពេញ​កាតព្វកិច្ច​ ក្រោយ​ពី​ឆ្នាំ​ ១៩៧៩​ត​ទៅទៀត។​ អញ្ចឹង​គឺ​គាត់​ជា​អ្នក​ស្រឡាញ់​ខ្មែរ​ហើយ​ គឺ​គាត់​សុខ​ចិត្តរស់​នៅ​ស្រុក​ខ្មែរ​ សុខចិត្ត​មក​ធ្វើ​កិច្ច​ការ​នៅ​ស្រុក​ខ្មែរ​ និង​សុខចិត្ត​ធ្វើ​កិច្ចការ​ទាំងឡាយ ដើម្បី​ជា​គំនិត​ដែល​ខ្លួន​គាត់​បាន​គិត​នោះ​ ដើម្បី​ខ្មែរ​តែ​ត្រង់​ថា​គាត់​បាន​ទទួល​បាន​ជោគជ័យ​ មិនបាន​ទទួល​នូវ​លទ្ធផល​ល្អ​នោះ​ វា​ជា​រឿង​ដំណាក់​នៃ​វិបត្តិ​ដូច​ខ្ញុំ​និយាយ​ខាង​ដើម​ នៃ​ការ​ជួប​គ្នា​អម្បាញ់មិញ​ហ្នឹង​ គឺ​ហានិភ័យ​នៃ​ដំណើរការ​អភិវឌ្ឍន៍​បាទ»។​

ទាក់​ទិន​ការ​បាត់​បង់​អំណាច​របស់​លោក ប៉ែន សុវណ្ណ​ លោក​ សំបូរ​ ម៉ាណ្ណារ៉ា​ មិន​ធ្វើការ​អធិប្បាយ​ថា​ ក្រុម​មេដឹកនាំ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ពិត​ជា​បាន​ដណ្ដើម​អំណាច​ពី​លោក​ ប៉ែន សុវណ្ណ​នោះ​ឡើយ​ ដោយ​លោក​បាន​ពន្យល់​ថា​ ការ​បាត់​បង់​មុខ​នាទី​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក​ ប៉ែន សុវណ្ណ​ គឺ​ផ្ដើម​ចេញ​ពី​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​នា​ក្រោយ​ឆ្នាំ​ ១៩៧៩។​ ​

​មេដឹកនាំគណបក្ស​ប្រឆាំង​ បាន​ហៅ​លោក ប៉ែន​ សុវណ្ណ ថា​ជា​អ្នក​មានឥទ្ធិពល​ខ្លាំង​បំផុត​ នៅ​ក្រោយការ​ដួល​រលំ​នៃ​របប​កុម្មុយនិស្ត​ជ្រុល​និយមខ្មែរ​ក្រហម​ ដោយ​សារ​លោក ​ប៉ែន សុវណ្ណ​ គឺ​ជា​អគ្គ​លេខាធិការ​គណបក្ស​ប្រជាជនបដិវត្តន៍​កម្ពុជា។​

​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​លើ​ទំព័រFacebook​របស់​លោក​ កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​បញ្ជាក់​ពី ក្តី​គោរព របស់​លោក​ចំពោះ​វិញ្ញាណក្ខន្ធ​ ​លោក​ ប៉ែន សុវណ្ណ​ ដែល​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​ នៃ​របប​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ និង​ជា​បិតា​៧​មករា​ ឆ្នាំ​ ១៩៧៩។

មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​អះអាង​ថា​ នៅ​ចុង​ឆ្នាំ​១៩៨១​ លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​កងទ័ព​វៀតណាម​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ទីក្រុង​ហាណូយ​ ដោយ​សារ​លោក​ ប៉ែន សុវណ្ណ​ ហ៊ាន​ប្រឆាំង​គម្រោង​ផែន​ការ​ «ក៥»​ ដែល​ជា​ការ​រៀប​ចំ​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ស្លាប់​រាប់​សែន​នាក់ ដោយ​គ្រុនចាញ់​ និង​ជាន់​មីន​ ក្រោម​លេស​ការពារ​ព្រំ​ប្រទល់​ដែន​ ខ្មែរ-ថៃ។​

​លោក​សម​ រង្ស៊ី​ ឲ្យ​ដឹង​បន្ថែម​ថា​ លោក​ប៉ែន សុវណ្ណ​ ត្រូវ​បាន​ជំនួស​ដោយ​លោក​ ចាន់​ ស៊ី​ ដែល​ក្រោយ​មក​ត្រូវ​ភ្នាក់ងារ​សម្ងាត់​របស់​ប្រទេស​វៀតណាម ​លួច​សម្លាប់ ដោយសារ​តែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​ មិន​ចុះសម្រុង​នយោបាយ​ឈ្លាន​ពាន​ និង​នយោបាយ​អាណានិគម​និយម​របស់​ប្រទេស​វៀតណាម​ក្នុង​ទិដ្ឋភាព​មួយ​ចំនួន មាន​ទាំង​ផែន​ការ​ ​ក៥​ និង​ការ​បង្ខិត​ព្រំដែន​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។

ចាប់​ពី​ឆ្នាំ១៩៨៥​មក​ លោក​ ចាន់​ ស៊ី​ ត្រូវ​បាន​ជំនួស​ដោយ​លោក​ ហ៊ុន​ សែន​ ជា​នាយក​មន្ត្រី​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។​

គណបក្ស​គ្រប់​គ្រង​ប្រទេស​ដែល​គេ​ដឹង​ថា​ បាន​កើត​ចេញ​ពី​គណបក្ស​ប្រជាជនបដិវត្តន៍​កម្ពុជា​ មិន​បាន​មើល​ឃើញ​ពី​គុណ​តម្លៃ​នៃ​ការ​លះបង់​របស់លោក ​ប៉ែន សុវណ្ណ​ ក្នុង​ចលនា​វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នោះ​ទេ​ ដោយ​សំអាង​ថា​ លោក​ប៉ែន សុវណ្ណ​ បាន​ធ្វើការ​តស៊ូ​នៅ​ប្រទេស​វៀតណាម​ តែ​ខក​ខាន​មិន​បាន​ជួយ​ចលនា​តស៊ូ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ បាន​បង្ហាញ​ការសោកស្ដាយ​ ចំពោះការ​បាត់​បង់​អតីត​អគ្គ​លេខាធិការ​គណបក្ស​ប្រជាជនបដិវត្តន៍​កម្ពុជា​រូប​នេះ។

លោក ​សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលស្គាល់​ថា លោក​ ប៉ែន សុវណ្ណ​ គឺជា​អ្នកតស៊ូ​ ក៏​ប៉ុន្តែ​អ្នក​នយោបាយ​រូប​នេះ​ មិន​មាន​ជំហរ​ដាច់​ខាត​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុម​កុម្មុយនិស្ត​ខ្មែរ​ក្រហម​នោះ​ទេ​ បើ​ធៀប​នឹង​ឥស្សរជន​នយោបាយ​ខ្មែរ​ដែល​កំពុង​គ្រប់​គ្រង​អំណាច​រដ្ឋ​សព្វ​ថ្ងៃ​នេះ។

លោក​ប្រាប់​ VOA​ បន្ថែម​ថា​ លោក​ ប៉ែន​ សុវណ្ណា​ មាន​ជំហរ​ប្រឆាំង​វៀតណាម​ គឺ​ស្មើ​នឹង​ចង់​ឲ្យ​ក្រុម​ប៉ុល​ ពត ​វិល​មក​គ្រប់​គ្រង​កម្ពុជា​សារ​ជាថ្មី​។​

លោក​បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​ លោក​ ប៉ែន​ សុវណ្ណ​ បន្ត​ស្ថិត​ក្នុង​អំណាច​នោះ នោះ​ការ​បង្រួប​បង្រួម​ជាតិ ដែល​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នឹង​មិន​បាន​កើត​ឡើង​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ​នោះ​ឡើយ។

«បើ​សិន​ណា​ជា​ ប៉ែន សុវណ្ណ​នៅ​ គឺ​ប្រាកដ​ជា​របប​ប្រល័យ​ពូជសាសន៍​ត្រឡប់​មកវិញ​ ហើយ​មិន​អាច​រក​ឃើញ​ នយោបាយ​បង្រួប​បង្រួម​ជាតិ​ ឈាន​ដល់​កិច្ច​ព្រមព្រៀង​ប៉ារីស​ទេ។​ យើង​ដឹង​ហើយ​ថា​ ប៉ែន​ សុវណ្ណ​ ប្រឆាំង​នឹងផែនការ​ ក៥ ហើយ​ផែនការ​ ក៥​ ហើយ​ផែនការ​ ក៥​ ជា​អ្វី?​ គឺ​ជា​ផែនការ​ទប់​ស្កាត់​ ការ​វិល​ត្រឡប់​របស់​ពួក​ ប៉ុល​ ពត​ មិន​ឲ្យ​ចូល​មក​សាប​ព្រោះ​ អំពើ​ប្រល័យ​ពូជ​សាសន៍​ ជាថ្មី​ម្ដង​ទៀត​ ចំពោះ​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស។​ ហេតុដូច្នេះ កាល​ណា​គាត់​ប្រឆាំង​នឹង​ផែន​ការ​ ក៥ បាន​សេចក្ដី​ថា​ គាត់​ចង់​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​មក​វិញ»។

លោក សុខ ឥសាន​ ថ្លែង​បន្តថា​ លោក​ ប៉ែន សុវណ្ណ​ មិនមែន​ជា​បិតា​ថ្ងៃ​៧​មករា​នោះ​ឡើយ ព្រោះ​លោក​មិនបាន​ចូលរួម​កសាង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​១៩៧៨​នោះ​ទេ។

លោក​និយាយ​ថា​ លោក​ ប៉ែន សុវណ្ណ​ បាន​មក​ដល់​កម្ពុជា​ ក្រោយ​ការ​ទទួល​ជ័យជម្នះ​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​១៩៧៩​ ​ជា​ពេល​ដែល​លោក​ ប៉ែន សុវណ្ណ ​មក​ក្ដោបក្ដាប់​អំណាច​តែ​ម្តង។​

ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​គឺជា​ថ្ងៃ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ចាត់​ទុក​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំ​ដោះ​ទាំង​ស្រុង​ចេញ​ពី​របប​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ហើយ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ដែល​បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ។

ថ្វី​ដ្បិត​តែ​លោក​ជា​អតីត​មេ​ដឹក​នាំ​កំពូល​ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប៉ុល​ ពត​ក្ដី លោក ​ប៉ែន សុវណ្ណ​ ​បាន​អះអាង​កាល​គ្រា​លោក​នៅ​មាន​ជីវិតថា​ ​ដោយ​សារ​តែ​ថ្ងៃ​៧​ខែ​មករា​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​បូរណភាព​ទឹក​ដី​កម្ពុជា​បាត់​បង់​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ផែន​ការ​ «ក៥»។​ ​

នៅ​គ្រា​ដែល​ពិធីបុណ្យ​សព​លោក​ ប៉ែន សុវណ្ណ​កំពុង​ ត្រូវ​បានរៀបចំ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ គណបក្ស​នឹង​កាន់​ទុក្ខ​មរណភាព​លោក​ ប៉ែន សុវណ្ណចំនួន​៧​ថ្ងៃ​ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ខែ​តុលា។

នៅមុន​ពេលលោក​ទទួល​មរណភាព​ លោក ប៉ែន សុវណ្ណ​ ធ្លាប់​ផ្ដល់​ការគាំទ្រ​ឲ្យ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ចៀសវាង​ការ​ដឹកនាំ​ទៅ​រក​របប​ផ្ដាច់ការ ​និង​បក្ខ​ពួក​និយម៕

XS
SM
MD
LG