ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា ​ពន្យល់​តុលាការ​ថា ​បាតុកម្ម​កើត​ក្រោយ​ឆ្នាំ​២០១៣​មិន​មែន​ជា​ទម្រង់​នៃ​បដិវត្តន៍​ឡើយ​


រូប​ឯកសារ៖ លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ​​ស្វាគមន៍​អ្នក​គាំទ្រ​ក្រោយ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៣។ (AP)
រូប​ឯកសារ៖ លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ​​ស្វាគមន៍​អ្នក​គាំទ្រ​ក្រោយ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៣។ (AP)

ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៣​ក្លាយ​ជា​ចំណុច​ក្តៅ​នៃ​ការ​តទល់​គ្នា​រវាង​ភាគី​តំណាង​អយ្យការ​និង​ក្រុម​មេធាវី​ការពារ​ក្តី​នៅ​ក្នុង​សវនាការ​របស់​លោក​កឹម សុខា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

បន្ថែម​លើ​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​បោះ​ឈ្មោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នោះ​ក៏​មាន​ការ​សួរ​ដេញ​ដោល​ព្រឹត្តិការណ៍​មហា​បាតុកម្ម​ក្រោយ​ឆ្នាំ​២០១៣​ដែល​ភាគី​មេធាវី​របស់​លោក​កឹម សុខា​អះអាង​ថា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នៃ​ការ​រៀបចំ​ឱ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​នោះ​ទេ។​

ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​មន្ត្រី​ស្ថានទូត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ តំណាង​អយ្យការ​លោក​ប្លង់ សុផល​បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ គ្មាន​ភាព​ប្រក្រតី​ជុំវិញ​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ទេ​ខណៈ​ជន​ជាប់​ចោទ​លោក​កឹម សុខា​មិន​អាច​ផ្តល់​ភ័ស្តុតាង​គ្រប់គ្រាន់​មក​បញ្ជាក់​ក្រៅ​ពី​ភ័ស្តុតាង​សំខាន់​មួយ​គឺ​របាយ​ការណ៍​របស់​អង្គការ​ខុមហ្វ្រែល (Comfrel)​ដែល​ឃ្លាំមើល​ការ​បោះ​ឆ្នោត។​

ការ​អត្ថាធិប្បាយ​របស់​លោក ​ប្លង់​ សុផល​ ពាក់​ព័ន្ធ​នឹង​ភ័ស្តុតាង​នេះ​កើត​មាន​ឡើង​ក្រោយ​ការ​តាំង​សំណួរ​របស់​តំណាង​អយ្យការ​មួយ​រូប​ទៀត​គឺ​លោក ​ឆាយ ហុង ​ដែល​បាន​សួរ​ឱ្យ​លោក​កឹម សុខា​បញ្ជាក់​ថា​តើ​ទាំង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម រង្ស៊ី​បាន​ដាក់​អ្នក​សង្កេត​ការណ៍​ឱ្យ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ឬ​ទេ។​ លោក ​កឹម សុខា​ ថា​លោក​ចាំ​មិន​ច្បាស់។​

ប៉ុន្តែ​លោក ​ឆាយ ហុង​ ថា​តាម​អ្វី​ដែល​តំណាង​អយ្យការ​ចាំ​បាន​នោះ​គឺ​គណបក្ស​ទាំង​ពីរ​មិន​បាន​ចូល​រួម​សង្កេត​ការណ៍​ទេ។​ បន្តិច​ក្រោយ​មក​លោក ​កឹម សុខា​ ថា មាន​ពលរដ្ឋ​និង​សកម្មជន​នៅ​មូលដ្ឋាន​តាម​មើល​រឿង​នេះ។​

នៅ​ត្រង់​បញ្ហា​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​ ភាគី​មេធាវី​ការពារក្តី​ឱ្យ​លោក​ កឹម សុខា​ប្រាប់​តុលាការ​ថាកិច្ច​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​ជា​កិច្ចការ​បច្ចេកទេស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​និង​ថាមុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​លោក ​កឹម សុខា​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដូច្នេះ​លោក​មិន​ដឹង​ថា​គណបក្ស​ សម រង្ស៊ី​បាន​ដាក់​អ្នក​សង្កេត​ការណ៍​មើល​ដំណើរ​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឬ​ទេ។​

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លោក ​កូយ សៅ​ ក៏​តប​ទៅ​ភាគី​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា​ថា៖​«តើ​គណបក្ស​សិទ្ធិ​មនុស្ស​ដឹង​អត់?»​ភ្លាមៗ​នោះ​មេធាវី​មួយ​រូប​របស់​លោក​កឹម សុខា​គឺ​អ្នក​ស្រី​ម៉េង សុភារី​បាន​លើក​ឡើង​ថា៖​« សុំ​ឱ្យ​គ.ជ.ប.​ផ្តល់​របាយការណ៍»។​

រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP)
រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP)

ការ​តទល់​គ្នា​រវាង​ភាគី​តំណាង​អយ្យការ​និង​មេធាវី​លើ​បញ្ហា​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ​មាន​ទំនាក់ទំនង​នឹង​លិខិត​មួយ​ដែល​លោក​ កឹម សុខា​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ទៅ​គ.ជ.ប.​ស្នើ​សុំ​ពិភាក្សា​លើ​ការ​កែទម្រង់​នីតិវិធី​មួយ​ចំនួន​ទាក់​ទិន​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។​

លិខិត​នោះ​ធ្វើ​ឡើង​មួយ​ខែ​ក្រោយ​របាយការណ៍​របស់​Comfrel​ ចេញ​កាលពី​ខែ​កុម្ភៈ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១២​សម្រាប់​ការ​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

គ្រា​តំណាង​អយ្យការ​បាន​សួរ​ជាច្រើន​ច្រើន​សា​លើ​ភាព​ដែល​អាច​គួរ​ឲ្យ​ជឿជាក់​បាន​នៃ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​របាយ​ការណ៍​របស់​អង្គការ​ខុមហ្រ្វែល​(Comfrel)​នោះ​ មេធាវី​ការពារ​ក្តី​លោក​កឹម សុខា​មួយ​រូប​ទៀត​គឺ​លោក​ចាន់​ ចេន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ផ្តោត​តែ​លើការ​សួរ​ជន​ជាប់​ចោទ​ដោយ​ថា​ការ​ពិភាក្សា​អំពី​ភ័ស្តុតាង​ដែល​ដាក់​ដោយ​ក្រុម​មេធាវី​ជនជាប់​ចោទ​នោះ​បាន​ធ្វើ​រួច​ហើយ។​ ប៉ុន្តែ​លោក​ប្លង់​សុផល​បាន​តប​ថា៖​«បើ​មិន​សួរតើ​តម្លៃ​នៃ​ភ័ស្តុតាង​មាន​កន្លែង​ណា?»​

លោក​បន្ថែម​ថា៖​ «មិនមែន​ដាក់​ហើយ​ឯកសារ​នេះokay​ទេ​មិនមែន​ទេ!​ អ៊ីចឹង​តម្លៃ​នៃ​ភ័ស្តុតាង​នេះ​ត្រូវ​បាន​ឆ្កឹះ​នៅ​ពេល​នេះ»។​

​ប៉ុន្មាន​នាទី​ក្រោយ​ការ​ឆ្លើយ​ឆ្លង​គ្នា​លើ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រតី​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​លោក ​ប្លង់ សុផល​ក៏​បាន​ដេញ​ដោល​រឿង​បាតុកម្ម​ដែល​បាន​កើត​ឡើង​ក្រោយ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ខ្លួន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

រូបឯកសារ៖ អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/វីអូអេ)
រូបឯកសារ៖ អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/វីអូអេ)

មេធាវី​លោក ​កឹម សុខា ​គឺ​អ្នកស្រី​ ម៉េង​ សុភារី ​បាន​ប្រតិកម្ម​ភា្លមៗ​ថា៖​«ការ​ធ្វើ​បាតុកម្ម​មិន​មែន​ជា​លេស​ផ្តួល​រំលំ​រដ្ឋាភិបាល​ឬ​ធ្វើ​បដិវត្តន៍»។​អ្នក​ស្រី​បន្ថែម​ថា​ បាតុកម្ម​នោះ​ធ្វើ​ឡើង​ក្នុង​ចេតនា​ជា​ការ​ទាមទារ​ដើម្បី​បញ្ជាក់​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ម្ចាស់​ឆ្នោត។

ក្នុង​សំណុំ​រឿង​បាតុកម្ម​កើត​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នោះ​មេធាវី​តំណាង​ភាគី​រដ្ឋាភិបាល​លោក​ លី ចាន់ តុលា ​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ចៅក្រម​ថាការ​ថ្លែង​របស់​លោក​កឹម សុខា​កន្លង​មក​នៅ​ប្រទេស​អូស្ត្រាលី​ជា​ភ័ស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា​ លោក​ កឹម សុខា​ចង់​ធ្វើ​បដិវត្តន៍​តាម​លំនាំ​ប្រទេស​យូហ្គោស្លាវី​និង​ស៊ែប៊ី​ឬ​យ៉ាង​ណា។​

លោក ​លី ចាន់តុលា ​ថា៖​ «ទាំង​អស់​នេះ​វា​សុទ្ធ​ជា​អង្គហេតុ​ត្រង់​ថា​មេធាវី​ព្យាយាម​ដោះសារ​វា​ជា​សិទ្ធិ»។​

ក៏​ប៉ុន្តែ​លោក ​កឹម សុខា​ ប្រាប់​តុលាការ​ថា​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នោះ​គឺ​មាន​បំណង​ច្បាស់​លាស់​មួយ​ក្នុង​ការ​ទាមទារ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត។​ លោក ​កឹម សុខា​ ថ្លែង​ថា៖​«ខ្ញុំ​គ្រាន់តែ​រៀបរាប់​ថា​គេ​បង្រៀន​ខ្ញុំ​ធ្វើ​ម៉េច​ឱ្យ​មាន​ប្រជាធិបតេយ្យ»។​

លោក​បន្ថែម​ថា៖​ «គ្មាន​គំនិត​បន្តិច​សោះ​រឿង​ធ្វើ​បដិវត្តន៍​បង្ហូរ​ឈាម​ខ្មែរ»។​

លោក​បន្ថែម​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ក្រោយការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បង្ក​ឱ្យ​មាន​សកម្មភាព​បាតុកម្ម​ណា​មួយ​នោះ​ទេ។​លោក​ថ្លែង​ថា៖​ «មុខ​របរ​ខ្ញុំ​មិន​មែន​ធ្វើ​បាតុកម្ម។មុខ​របរ​របស់​ខ្ញុំ​[គឺ]​រក​ដំណោះ​ស្រាយ»។​

អំឡុង​ពេល​នៃ​សវនាការ​នា​ព្រឹក​ថ្ងៃពុធ​នេះ​ជនជាប់​ចោទ​លោក​ កឹម សុខា​ ក៏​បាន​បកស្រាយ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​សកម្ម​ភាព​នយោបាយ​របស់​លោក​មុន​និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​គឺ​ធ្វើ​ឡើង​ទៅ​តាម​ឆន្ទៈ​នយោបាយ​របស់​លោក​និង​មិន​តាម​បង្គាប់​បញ្ជា​បរទេស​ណា​មួយ​ទេ​ហើយ​ទង្វើ​របស់​លោក​កន្លង​មក​នោះ​ជា​ការ​រួម​ចំណែក​បម្រើ​ប្រយោជន៍​ជាតិ​តែ​ប៉ុណ្ណោះ។

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​លោក ​កឹម សុខា​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​កំពុង​រង​ការ​ចោទ​ប្រកាន់​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថាការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​កន្លង​មក​ទាំង​លោក​កឹម សុខា​និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​នេះ។​

ក្រុម​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​កម្ពុជា​ជឿថា​សំណុំ​រឿង​លោក​កឹម សុខា​ គឺ​មាន​ជាប់​ហេតុផល​នយោបាយ​ដែល​ពិបាក​នឹង​បញ្ចប់​ទៅ​បាន​ឆាប់​តាម​ផ្លូវ​តុលាការ។​

អ្នក​សម្រប​សម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក ​រស់ សារ៉ាត់​ បង្ហាញ​មន្ទិល​អំពី​ការ​លើក​យក​អង្គហេតុ​របស់​ភាគី​តំណាង​អយ្យការ​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​នៃ​ការ​រៀបចំ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ទៅ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា​ដែល​លោក​ជឿ​ថា​ នឹង​អូស​បន្លាយ​ពេល​យូរបើ​គ្មាន​ការ​សម្រប​សម្រួល​ខាង​នយោបាយ​នោះ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​វា​ហាក់​ដូច​ទើប​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​អង្គហេតុ​ ហើយ​បើ​មើល​ឱ្យ​មែនទែន​ទៅ​ ខ្ញុំ​ក៏​ឆ្ងល់​ដែរ។​ខ្ញុំ​មិនដឹង​ថាតើ​អង្គហេតុ​ដែល​លើក​យក​មក​ហ្នឹងវា​មាន​ជាប់​ពាក់​ព័ន្ធ​អី​ទៅ​នឹង​បទ​សន្ទិដ្ឋិភាព​ដែល​លើក​យក​មក​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា»។

បន្ទាប់​ពី​សវនាការ​លើក​ទី​៣៦​នេះ​ តុលាការ​នឹង​បន្ត​បើក​សវនាការ​សំណុំ​រឿង​លោក​កឹម សុខា​នៅថ្ងៃ​ពុធ​ទី​២០​ខែ​មេសា​ខាង​មុខ​ទៀត៕​

XS
SM
MD
LG